គួររំឮកថា បន្ទាប់ពីទទួលបាន នូវបទពិសោធបើកបរក្នុងស្ថានភាពផ្លូវ ដ៏លំបាករបស់រថយន្ត Isuzu D-Max Blue Power 4x4 នៅលើទៅលាន ក្នុងខេត្តប៉ាថាយ៉ាហើយនោះ ក្រុមអ្នកសារព័ត៌មានកម្ពុជា បានបន្តដំណើរមកទស្សកិច្ច រោងចក្រផលិតរថយន្ត Isuzu ដែលមានទីតាំងស្ថិតក្នុងខេត្ត ឆាក់ឆឺងសៅ ក្រោមទុនវិនិយោគ ៦,៥០០លានបាត គឺស្មើនឹងប្រមាណជាង១៨៥ លានដុល្លារ រវាងក្រុមហ៊ុន Isuzu និងរដ្ឋភិបាលថៃ ដើម្បីស្វែងយល់ពីសង្វាក់កម្ម នៃការផលិតយានយន្ត Isuzu ទាំងខ្នាតមធ្យម និងខ្នាតធំ ស្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក នាំចេញទៅកាន់ប្រទេសកម្ពុជា និងទៅកាន់ទីផ្សារពិភពលោក។
បន្ថែមពីលើនេះ បើតាមការឲ្យដឹងរបស់តំណាររោងចក្រផលិតរថយន្ត Isuzu បានថ្លែងបញ្ជាក់ថា រោងចក្រដ៏ទំនើបបំផុត «អ៉ីស៊ូហ៊្សុហ្គេតវ៉េយ៍» ស្ថិតក្នុងខេត្ត ឆាក់ឆឺងសៅ មានទំហំផ្ទៃដីប្រមាណ ៦០ម៉ឺនម៉ែតក្រឡា ដែលជាមូលដ្ឋានផលិតរថយន្តលំដាប់ពិភពលោក ក្នុងចំណោមមូលដ្ឋានផលិតទាំង៣ ក្រោមទុនវិនិយោគប្រមាណ៦,៥០០លានបាត ដែលមានបទដ្ឋានផលិតទាន់សម័យ និងសម្បូរបែប ធ្វើឱ្យអ៊ីស៊ូហ្ស៊ុអាចបន្ថែមសក្ដានុពលក្នុងការផលិតរថយន្តភីកអាប់សរុបចំនួន ៤០០.០០០ គ្រឿងក្នុងមួយឆ្នាំ និងផលិតរថយន្តដឹកទំនិញខ្នាតមធ្យម និងខ្នាតធំបានសរុបចំនួន ៣០.០០០ គ្រឿងក្នុងមួយឆ្នាំ ដោយអាចផ្គត់ផ្គង់រថយន្តអ៊ីស៊ូហ្ស៊ុមានគុណភាពលំដាប់ពិភពលោក ជូនដល់អតិថិជនទូទាំងប្រទេសថៃ និងនៅក្រៅប្រទេស។ តំណាងរោងចក្រដដែលបានបន្តថា ប្រទេសថៃគឺជាបេះដូងដ៏សំខាន់ នៃមូលដ្ឋានផលិតរថយន្តភីកអាប់ដ៏សម្បូរបែបបំផុតរបស់ អ៉ីស៊ូហ្ស៊ុចាប់តាំងពីអ៉ីស៊ូហ្ស៊ុ បានសម្រេចចិត្តផ្លាស់មូលដ្ឋាន ផលិតរថយន្តភីកអាប់ពីប្រទេសជប៉ុន មកកាន់ប្រទេសថៃតាំងពីឆ្នាំ ២០០២ មក។ បច្ចុប្បន្ន អ៊ីស៊ូហ្ស៊ុមានរោងចក្រផលិតរថយន្តភីកអាប់ ចំនួនពីរកន្លែងគឺ រោងចក្រអ៊ីស៊ូហ្ស៊ុសំរោង ក្នុងខេត្តសមុទ្រប្រាកាន និងរោងចក្រអ៊ីស៊ូហ្ស៊ុហ្គេតវ៉េយ៍ ក្នុងខេត្តឆាក់ឆឺងសៅ ដោយរួមមានកម្មករនិយោជិត ក្នុងរោងចក្រទាំងពីរសរុបជាង ៥.៥០០ នាក់ ហើយមានកម្លាំងផលិតខ្ពស់រហូតដល់ ៤០០.០០០ គ្រឿងក្នុងមួយឆ្នាំ ហើយថែមទាំងមានបែបបទនៃការផលិតប្រកបប្រសិទ្ធភាពខ្ពស់ ដែលអាចជួយឱ្យក្រុមអ៊ីស៊ូហ្ស៊ុក្នុងប្រទេសថៃ រួមទាំងការផលិត ការអភិវឌ្ឍ ការលក់ ព្រមទាំងការនាំចេញ អាចពង្រីកអាជីវកម្មក្នុងការផ្ដល់ជូនយានយន្តមានគុណភាពខ្ពស់ ដើម្បីឱ្យអ្នកប្រើប្រាស់រថយន្តជាជនជាតិថៃ និងអ្នកប្រើប្រាស់រថយន្តទូទាំងពិភពលោក បំពេញទៅតាមសេចក្ដីត្រូវការកាន់តែខ្លាំងថែមទៀត។
សូមបញ្ជាក់ថា រោងចក្រអ៊ីស៊ូហ្ស៊ុហ្គេតវ៉េយ៍នេះ អាចដំណើរការផលិតរថយន្តយ៉ាងមានប្រសិទ្ធភាព និងសព្វជ្រុងជ្រោយ រួមទាំងការផលិតចេញនូវបំណែកផ្សេងៗនៃរថយន្ត រហូតដល់ការតម្លើងចេញជារថយន្តអ៊ីស៊ូហ្ស៊ុមានគុណភាពខ្ពស់ ដើម្បីផ្ដល់សេចក្ដីសុខជូនដល់មនុស្សទូទាំងពិភពលោក ដោយមានការត្រិះរិះរកវិធី ផ្សេងៗ ដើម្បីរក្សាបទដ្ឋានផលិតរថយន្តឱ្យមានគុណភាពខ្ពស់ ដោយប្រើបច្ចេកវិទ្យាផលិតរថយន្តយ៉ាងមានប្រសិទ្ធភាព និងសព្វជ្រុងជ្រោយ រួមមាន៖ សាលតម្លើងតួរថយន្ត មានការប្រើប្រាស់មនុស្សយន្តទាន់សម័យបំផុត នៅក្នុងការផ្គុំបំណែកផ្សេងៗនៃតួរថយន្ត និងបច្ចេកវិទ្យាតម្លើងខ្ពស់បំផុត ធ្វើឱ្យតួរថយន្តមានលក្ខណៈជាប់ធន់បានយូរអង្វែង៕