(ភ្នំពេញ)៖ ស្រីស្រស់សម្រស់ឆើតឆាយ រាងកាយស្រឡូន គួរជាទីគយគន់មិនជិនណាយ កញ្ញា ម៉ាក សែនសូនីតា ហៅតូតា បន្ទាប់ពីបានបញ្ចេញឈុត ប៊ីគីនីនៅលើឆ្នេរសមុទ្រ ពេលនាងទៅដើរលេងកម្សាន្ត បង្កឲ្យមានការភ្ញាក់ផ្អើលមក នៅពេលនេះ សូនីតា បានបញ្ជាក់ប្រាប់មហាជនទូទៅ ឲ្យដឹងច្បាស់ថា នាងពិតជាបានស្លៀកឈុតប៊ីគីនីនេះ នៅលើឆ្នេរសមុទ្រ អំឡុងពេលដើរកម្សាន្តមែន ប៉ុន្តែវាមិនដល់ថ្នាក់សិចស៊ី ជ្រុលហួសហេតុ ដែលមើលទៅមិនសមភ្នែក មហាជននោះទេ ពោលគឺឈុតនេះ មានស្បៃដណ្ដប់គ្របពីលើ ហើយក៏មិនបានបញ្ចេញ អស់រលីងនោះដែរ ។
តារាសម្ដែងញញឹម មានមន្តស្នេហ៍រយពាន់ ទាក់ទាញចិត្តកន្លង់ឲ្យលង់ស្នេហ៍ ទាំងមិនដឹងខ្លួន ម៉ាក សែនសូនីតា បានបញ្ជាក់ទៀតថា ធម្មតាការដើលេងកម្សាន្ត នៅតំបន់ទេសចរណ៍ណាមួយ តែងតែចង់ថតរូប ទុកជាអនុស្សាវរីយ៍ គឺជារឿងធម្មតាៗ របស់មនុស្សម្នាក់ៗ ហើយសម្រាប់នាង ក៏មិនខុសពីគេដែរ នាងចង់ថតរូបខ្លះៗ ទុកជាអនុស្សាវរីយ៍ ព្រោះទេសភាពនៅទីនោះ ពិតជាស្អាតៗគួរជាទីចាប់ចិត្ត ប៉ុន្តែឈុតប៊ីគីនី ដែលនាងស្លៀកថតនៅឆ្នេរសមុទ្រនោះ មុននឹងថត ក៏នាងបានយកស្បៃមកគ្រប់ពីលើសិនដែរ កុំឲ្យមើលទៅសិចស៊ីពេក ព្រោះយើងជាស្រីខ្មែរ មិនមែនស្រីអឺរ៉ុបទេ ។
«ចា៎..មែនបង..! ឈុតហ្នឹងខ្ញុំបានថត នៅកន្លែងដើរលេង ហើយជាធម្មតា ពេលខ្ញុំទៅដើលេងនៅកន្លែងណាមួយ ខ្ញុំតែងតែថតរូបបង្ហោះ ជារឿងធម្មតា តែឈុតដែលខ្ញុំស្លៀកហ្នឹង ដូចបងមើលឃើញស្រាប់ គឺមានស្បៃគ្របពីលើ មិនសិចស៊ីពេកទេបង..! ។ ពេលខ្ញុំបញ្ចេញក៏ត្រូវមានអ្វីបិទបាំងខ្លះដែរ ខ្ញុំជាស្រីខ្មែរ មិនអាចធ្វើអ្វីមួយ គ្មានការគិត នាំឲ្យមានមតិរិះគន់នោះទេ ..!» ។ ម៉ាក សែនសូនីតា បញ្ជាក់បន្ថែម ។
យ៉ាងណាមិញ តារាសម្ដែងមានមុខមាត់បែបខ្មែរ កញ្ញា ម៉ាក សែនសូនីតា ត្រូវបានទស្សនិកជន មើលឃើញថា ឈានចូលមកដល់ឆ្នាំ២០១៦នេះ ការងារសិល្បៈរបស់នាង កំពុងតែមមាញឹកខ្លាំង ទាំងការសម្ដែង ការដើរម៉ូដ និងធ្វើជាពិធីការិនី ។ ជាមួយគ្នានេះ ក្រុមតន្រ្តីរបស់នាង ក៏កំពុងតែមមាញឹក លេងតាមកម្មវិធីនានា ស្ទើរតែរកពេលសម្រាក គ្មានដែរ ។ ដោយឡែក ចំពោះព័ត៌មានស្នេហា របស់នាងក៏កំពុងស្ថិត ក្នុងការតាមប្រមាញ់ របស់បណ្ដាញសារព័ត៌មាននានា ខណៈដែលកម្រិតជីវភាពរបស់នាង ត្រូវបានប្រែប្រួលប្លែក ក្នុងមួយរយៈពេលចុងក្រោយនេះ ដែលគេសង្ស័យថា នាងកំពុងតែមានទំនាក់ទំនងស្នេហ៍ ជាមួយបុរសអ្នកមាន ហើយចាំទំនុកបម្រុងដល់នាង ក្នុងការរស់នៅ ៕