CamNews

តារា 

សុខ សោម៉ាវត្តី ប្រតិកម្មខ្លាំងរឿង «ប្រកាស​​ឈប់​​ថត​​រឿង ដើម្បី​​យក​​លេស​​តម្លើង​​តម្លៃ​ខ្លួន»

(ភ្នំពេញ)៖ បន្ទាប់ពីតារាសម្ដែង ទទួលបានប្រជាប្រិយភាពស្ទុះឡើងខ្លាំង កាលពីឆ្នាំ២០១៦ អ្នកនាង សុខ សោម៉ាវត្តី បានប្រកាសជាផ្លូវការនៅដើមឆ្នាំ ២០១៧នេះថា នាងសុំសម្រេចចិត្តផ្អាកការសម្ដែងមួយរយៈធំ ព្រោះតែនឿយហត់ពេក និងចង់ទុកឱកាសឲ្យក្មេងៗ ស្រករក្រោយបានសាងស្នាដៃរួចមក បានធ្វើឲ្យមានពាក្យចោទប្រកាន់ ពីសំណាក់ផលិតករមួយចំនួនថា ការប្រកាសគួរឲ្យភ្ញាក់ផ្អើលបែបនេះ គឺគ្រាន់តែជាលេសមួយ ដើម្បីទាមទារឡើងតម្លៃខ្លួន តែប៉ុណ្ណោះ ខណៈដែលមានផលិតកម្មខ្លះ ហ៊ានឲ្យតម្លៃខ្លួននាងខ្ពស់ គឺគេឃើញ សុខ សោម៉ាវត្តី នៅតែសម្ដែងដដែល ពោលមិនបានផ្អាក ដូចការលើកឡើងរបស់នាងទេ។

តារាសម្ដែងមានចរិតបែបក្រម៉ិចក្រម៉ើម គួរឲ្យស្រឡាញ់ អ្នកនាង សុខ សោម៉ាវត្តី បានសម្ដែងការខកចិត្ត ចំពោះការលើកឡើងបែបនេះ ហើយបានធ្វើការច្រានចោលភ្លាមៗ ដោយបានហៅការចោទប្រកាន់នោះថា គ្មានការពិត ហើយមិនបានដឹងច្បាស់ ពីដំណើរសិល្បៈរបស់នាង នាពេលបច្ចុប្បន្ននេះ។ ស្រីស្រស់កូនមួយ សុខ សោម៉ាវត្តី មានពន្យល់ថា ភាពយន្តមួយចំនួន ដែលនៅបន្តឃើញវត្តមានរបស់នាងសម្ដែង រហូតមកដល់សព្វថ្ងៃនេះ ក៏ព្រោះតែនាងបានជាប់កិច្ចសន្យា និងបានជាប់ពាក្យជាប់សម្ដី ជាមួយគ្នាថា ជួយសម្ដែងឲ្យចប់ចុងចប់ដើម ពោលបើនាងប្រកាសថា ឈប់ ហើយឈប់ភ្លាម នោះនឹងធ្វើឲ្យខូចសាច់រឿងរបស់គេ ព្រោះមិនអាចរកតួណាមួយ មកជំនួសនាងបានឡើយ។

មួយវិញទៀត មានរឿងខ្លះត្រូវបន្តដល់វគ្គទី២ ដូច្នេះបើវគ្គ ទី១ នាងត្រូវបានផលិតករឲ្យសម្ដែងជាតួឯក នៅវគ្គទី២ ក៏តម្រូវឲ្យនាងសម្ដែងជាតួឯកដដែលដូចគ្នា។ ដូចនេះ បើនាងមិនទទួលយក ហើយសុំឈប់សម្ដែង តើនាងត្រូវប្រឈមមុខជាមួយនឹង ផលិតករនោះបែបណា?

សុខ សោម៉ាវត្តី បានប្រាប់ Khmertalking ឲ្យដឹងថា «ច៎ាបង..! ខ្ញុំដឹងហើយថា នរណាជាអ្នកនិយាយ ប៉ុន្តែខ្ញុំចង់ប្រាប់ថា ការសម្រេចចិត្តសុំផ្អាកការសម្ដែងមួយរយៈ របស់ខ្ញុំមិនមែនជាលេស ដើម្បីសុំឡើងតម្លៃខ្លួនអ្វីនោះទេ គឺមូលហេតុដែលខ្ញុំ នៅបន្តសម្ដែងរាល់ថ្ងៃនេះ ដោយសារតែមានផលិតករមួយចំនួន ខ្ញុំបានសន្យាជាមួយគាត់ថា នឹងសម្ដែងជូនរឿងរបស់គាត់ឲ្យចប់ ហើយរឿងខ្លះមានដល់ទៅ២វគ្គ ពេលវគ្គទី១មានខ្ញុំ វគ្គទី២ក៏ត្រូវតែមានខ្ញុំ តើឲ្យគាត់ទៅរកតួឯណាមកជំនួសខ្ញុំ បើខ្ញុំថាឈប់?»។

តារាសម្ដែង ដែលកំពុងតែជាប់មន្ទិលសង្ស័យថា លែងលះប្ដីរួចរាល់ អ្នកនាង សុខ សោម៉ាវត្តី បានបន្តទៀតថា ក្នុងដំណាក់កាលដែលនាងប្រកាស សុំផ្អាកសម្ដែង គឺនាងនៅចាប់កិច្ចសន្យា ថតឲ្យផលិតកម្មមួយចំនួន និងច្រើនរឿងទៀត ពោលកាតព្វកិច្ចនេះ នាងត្រូវតែបំពេញ បើពុំដូច្នោះទេ នាងនឹងត្រូវប្រឈមមុខ ក្បត់ពាក្យសន្យា ហើយប្រជាប្រិយភាព ក៏ត្រូវធ្លាក់ដុនដាប ក្រោមហេតុផលគ្មានជំនឿចិត្តទៅលើនាង ពីសំណាក់ផលិតករនានា៕




ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Sok somavatey