(អាមេរិក)៖ Brad Pitt ពេលនេះបានរួចផុត ពីការចោទប្រកាន់ថា រំលោភសិទ្ធិកូន ហើយក្រោយពីតុលាការមិនបាន រកឃើញកំហុស ហើយករណីនេះ ក៏បានបិទបញ្ចប់ដែរ ប៉ុន្តែតារាហូលីវូតវ័យ៥២ឆ្នាំរូបនេះ នៅកំពុងតស៊ូក្តីក្តាំ ជាមួយអតីតភរិយានៅឡើយ រឿងសិទ្ធិគ្រប់គ្រងកូន។
កាលពីពាក់កណ្តាល ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ តារាស្រីដ៏ល្បីប្រចាំពិភពហូលីវូត គឺនាង Angelina Jolie បានដាក់ពាក្យប្តឹងសុំលែងលះ ស្វាមីបន្ទាប់ពីដឹងថា Brad Pitt ប្រើហិង្សាលើ Maddox កូនប្រុសច្បងអាយុ១៥ឆ្នាំ ខណៈដែល Pitt ហាក់មានអាការៈស្រវឹង ផងនោះ ប៉ុន្តែជាច្រើនសប្តាហ៍មកនេះ ក្រុមជំនាញបានសាកសួរកូនៗ និងព្យាយាមប្រមូលភស្តុតាង តែក៏មិនមានអ្វីជាដុំកំភួនឡើយ ទើបករណីនេះត្រូវបិទចោល នៅថ្ងៃទី៩ វិច្ឆិកា នេះ។
មេធាវីរបស់ Brad Pitt និយាយថា ឪពុកនិងកូនទាំងពីរនាក់ គ្រាន់តែមានសង្គ្រាមពាក្យសម្តី មិនដល់ថ្នាក់ប្រើហិង្សា បណ្តាលឲ្យនរណាម្នាក់មានរបួសនោះទេ ដែលនេះជាឱកាសអាចឲ្យ Pitt តស៊ូក្តី ជាមួយ Angelina បានស្រួលជាងមុន ។ បច្ចុប្បន្ន កូនទាំង៦ របស់អ្នកទាំងពីរកំពុងរស់នៅ ជាមួយ Angelina ជាម្តាយតែ Pitt ជាឪពុកក៏មានសិទ្ធិ ទៅលេងសួរសុខទុក្ខកូនៗដែរ ព្រោះតុលាការមិនទាន់សម្រេចបែងចែក ថា កូនណាត្រូវបានម្តាយ ឬឪពុកឡើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង