(ភ្នំពេញ)៖ តារាចម្រៀងប្រុសលេចធ្លោជាងគេក្នុងផលិតកម្មសាន់ដេ លោក អ៊ី ណូ មិនទាន់មានអ្នកបំបែកឯកត្តកម្មរបស់លោកខាងព័ត៌មានរិះគន់បានឡើយ ព្រោះក្នុងរយៈពេលតែមួយភ្លែតលោកមាន ព័ត៌មានរិះគន់លោកជាច្រើន មានទាំងបទចម្រៀង “អូនកុំយំ” ដែលលោកស្រែកដាច់បំពង់កចោលលើឆាកនៅបាយ័ន និងស្ទីលរាំចម្លែកៗលោកដែលធ្វើឲ្យមហាជនហាក់ដិតដាមជាប់ក្នុងអារម្មណ៍ បូករួមទាំងសំឡេងរិះគន់មិនធម្មតាដែរ ។
លោក អ៊ី ណូ ជាតារាចម្រៀងដំបូងក្នុងផលិតកម្មដាយមិន តែលោកមានឈ្មោះបោះសំឡេង តាមបណ្ដាខេត្តមុននឹង លោកមានប្រជាប្រិយភាពខ្លាំងនៅក្នុងរាជធានីភ្នំពេញ តែអ្វីដែលគេកត់សំគាល់ ក្រោយលោកបានបោះជំហានចូលក្នុងផលិតកម្ម សាន់ដេ លោកបានវិវត្តន៍ខ្លួនក្លាយជាតារាសម្ដែងបន្ថែមទៀត ។ លោកចូលចិត្តសម្ដែងជាតួឡប់ៗ ឬអត់សូវគ្រប់ តែពិតជាសម្ដែងបានសមល្អឥតខ្ចោះតែម្ដង ។ តែតាំងពីចូលក្នុងផលិតកម្មសាន់ដេ លោកក៏មានភាពប្លែកៗ ក្នុងអាជីពចម្រៀង ដូចជាការតុបតែងខ្លួនប្លែក និងសំឡេងច្រៀងប្លែកៗក៏លេចឡើងជាបន្តបន្ទាប់ ។
ថ្មីៗតារាចម្រៀង អ៊ី ណូ បានចូលរួមក្នុងការប្រគំតន្ត្រីនៅតាមបណ្ដាខេត្ត ហើយមានអ្នកគាំទ្រម្នាក់បានសុំលោកថតរូបជាមួយ ហើយក៏បានយកមកផុសក្នុងបណ្ដាញសង្គម តែគួរឲ្យចង់សើចសម្រាប់លោក អ៊ី ណូ ព្រោះមុខលោក សឡើងហោះ សដូចខ្មោចជប៉ុន អ្នកគាំទ្ររូបនោះបាននិយាយថា លោកសុំទោស ដែលលោកបានបង្ហោះរូបភាពនោះ លោកដឹងថា វាមិនស្អាតទេ តែលោកមិនដែលបានថតជាមួយលោក អ៊ី ណូ ទេ ចឹងលោកត្រូវតែផុស ។
ក្រោយរូបថតនោះបានចូលក្នុងបណ្ដាញសង្គម មានអ្នកចែករំលែករូបភាពនោះជិត២០០០នាក់ តែអ្វីដែលចំលែក ក្នុងចំណោម១០០០នាក់ជាងនោះ បានសើចចំអកឲ្យលោក អ៊ី ណូ ថាមុខហោះ លាបម្សៅមី ម្សៅឆា និងមានសំឡេងរិះគន់យ៉ាងច្រើនទៀតផង តែគេមិនបានឃើញលោក អ៊ី ណូ មានប្រតិកម្មយ៉ាងណាទេ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី