(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា បានធ្វើការប្រមូលផ្ដុំថ្ងៃដំបូង កាលពីល្ងាចថ្ងៃទី២៣ ខែឧសភាម្សិលមិញ នៅលើទីលានពហុកីឡដ្ឋានជាតិ ត្រៀមប្រកួតជម្រុះពានរង្វាន់ AFC Asian Cup 2019 ជាមួយនឹងចិនតៃប៉ិ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិកូរ៉េលោក Lee Tae Hoon ប៉ុន្ដែការប្រមូលផ្ដុំហ្វឹកហាត់ថ្ងៃដំបូងនេះ គឺអវត្តមានកីឡាករសំខាន់ ៤រូប ក្នុងនោះមានកីឡាករណាហ្គាវើល ៣រូប និងភ្នំពេញក្រោនម្នាក់ ។
ប៉ុន្ដែអវត្តមានកីឡាករសំខាន់ខាងលើនេះ មិនត្រូវបានលោក Lee សម្ដែងពីក្ដីបារម្ភណាស់ណាទេ ដោយសារពួកគេជាប់បេសកកម្មលេងឲ្យក្លឹបរៀងៗខ្លួន លើកលែងតែកីឡាករ កុក បូរីស របស់ក្លិបភ្នំពេញក្រោន ដែលគេមិនចូលរួមជាមួយក្រុមជម្រើសជាតិ ដោយមូលហេតុមកពីគេមិនជឿជាក់លើសមត្ថភាពខ្លួនឯង ព្រោះភាពហត់នឿយជាមួយនឹងក្លិប នៅក្នុងបេសកកម្មនៃការប្រកួតលីគកំពូលកម្ពុជាកន្លងទៅ ។
ដោយឡែកកីឡាករ ៣រូបនៃក្លិបណាហ្គាវើល រួមមាន សុះ ស៊ូហាណា, ង៉យ ស្រ៊ីន និង ឆេង ម៉េង ដែលស្ថិតក្នុងបញ្ជីឈ្មោះជម្រើសជាតិ តែមិនបានមកហ្វឹកហាត់នោះ ត្រូវបានលោក Lee បញ្ជាក់ពីមូលហេតុពិតប្រាកដថា ដោយសារពួកគេជាប់បេសកកម្មជួយក្លឹបណាហ្គាវើល ឆ្ពោះទៅចូលរួមប្រកួតពានរង្វាន់ Singapore Cup 2016 នៅសិង្ហបុរី នាចុងខែនេះ ប៉ុន្ដែពួកគេនឹងចូលជម្រើសជាតិវិញ បន្ទាប់ពីបេសកកម្មនេះបញ្ចប់ ៕
គ្រូបង្វឹក Lee Tae Hoon ប្រមូលផ្តុំកីឡាករហ្វឹកហាត់ម្សិលមិញ
កីឡាករ ឆេង ម៉េង
កីឡាករ កុក បូរីស
កីឡាករ សុះ ស៊ូហាណា
កីឡាករ ង៉យ ស្រ៊ីន
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង