រឿងខ្មោចកូរ៉េមួយនេះ គឺត្រូវបានសរសេរចេញពីរឿងជប៉ុន ដែលបុរសម្នាក់បានបំផ្លាញស្នាមញញឹមរបស់ប្រពន្ធគាត់ ដោយសារតែការប្រច័ណ្ឌ។
យោងតាមរឿងជប៉ុនមួយនោះ បុរសជាប្តីបានសង្ស័យថាប្រពន្ធដ៏ស្រស់ស្អាតរបស់ខ្លួនកំពុងផិតក្បត់ ដូច្នេះគាត់ក៏បំផ្លាញមុខរបស់នាង ដើម្បីឲ្យនាងស្មោះត្រង់នឹងគាត់។
នៅក្នុងឆ្នាំ 2004 កូរ៉េក៏បានយកលំនាំរឿងនោះ តែសរសេរវាចេញទៅជារឿងខ្មោចដ៏គួរឲ្យព្រឺព្រួច សឹងតែទស្សនិកជនមិនហ៊ានទស្សនាម្នាក់ឯង។ រឿងនោះមានដំណាលថា៖
យប់មួយ បុរសម្នាក់កំពុងធ្វើដំណើរទៅកាន់ផ្ទះរបស់ខ្លួន តាមរថភ្លើងក្រោមដីដ៏ស្ងាត់ជ្រងំ ហើយមាននារីម្នាក់ដែលមានសក់ខ្មៅវែង ពាក់ម៉ាស់ពណ៌ក្រហម អង្គុយក្បែរគាត់។
កំឡុងពេលដែលរថភ្លើងកំពុងធ្វើដំណើរ ពួកគេបានក្រឡេកមើលគ្នា ហើយបុរសនោះត្រូវបានទាក់ទាញដោយកែវភ្នែកដ៏ស្រស់ស្អាតរបស់នាង។
នៅពេលដល់ចំណត បុរសនោះក៏ចាប់ឱកាសនោះ ដើម្បីនិយាយជាមួយនាង មុនពេលដែលពួកគេទាំងពីរឃ្លាតពីគ្នា ប៉ុន្តែនារីនោះនិយាយមុន។
នារីនោះបានសួរ ថាតើ នាងស្រស់ស្អាតឬទេ?
គាត់ក៏បានឆ្លើយថាស្អាត បន្ទាប់មកនារីនោះក៏បានដោះម៉ាស់ចេញពីមុខ ដែលបង្ហាញឲ្យឃើញពីបបូរមាត់រយះ ដល់ត្រចៀក។
ភ្លាមៗនោះ បុរសម្នាក់នោះក៏លោតចេញពីរថភ្លើង ហើយរត់យ៉ាងលឿន តាមដែលគាត់អាចធ្វើទៅបាន។
រឿងនេះបានបង្ហាញពីនារីម្នាក់ បានបរាជ័យក្នុងការវះកាត់កែសម្ផស្ស ដែលធ្វើឲ្យនាងជិតឆ្កួតទៅហើយ ដូច្នេះនាងបានចាប់ផ្តើមសួរបុរសគ្រប់រូប ថាតើ ពួកគេគិតថានាងស្រស់ស្អាតឬទេ?
ប្រសិនបើពួកគេនិយាយថា «ទេ» នាងនឹងកាត់មាត់របស់ពួកគេ ឲ្យដល់ត្រចៀកដូចនាងដែរ។
ប្រសិនបើពួកគេនិយាយថា «ស្អាត» នាងដឹងថាពួកគេនិយាយកុហក ហើយសម្លាប់គេតែម្តង។
ដូច្នេះ បើអ្នកឃើញនារីដ៏ស្រស់ស្អាតណាម្នាក់ សួរអ្នកថា នាងស្អាតឬទេ ចូររត់ ហើយកុំងាកក្រោយឲ្យសោះ៕
ប្រែសម្រួល៖ High
ប្រភព៖ Koreaboo