តារាចម្រៀងក្នុងស្រទាប់យុវវ័យ លោក ម៉ុង ម៉ានិត ក្រៅពីមានទឹកដមសំឡេងល្អ លោកក៏ចេះនិពន្ធបទចម្រៀង បានដោយខ្លួនឯង គួរឲ្យកោតសរសើរ ហើយបទចម្រៀងរបស់លោក កាលពីប៉ុន្មានឆ្នាំមុន ក៏ល្បីល្បាញច្រើនគួរសម។ ប៉ុន្តែបច្ចុប្បន្ននេះ លោកហាក់មិនមានបទចម្រៀង ចេញលក់ច្រើនលើទីផ្សារច្រើម ដូចពេលមុនឡើយ ហើយកេរ្តិ៍ឈ្មោះ ក៏ហាក់ដាំក្បាលចុះស្ទើរតែហៅលែងឮដែរ។
ថ្វីត្បិតតែតារាចម្រៀង លោក ម៉ានិត មិនសូវល្បីខ្លាំងដូចមុន ប៉ុន្តែលោកក៏មានអ្នកគាំទ្រ ជាយុវវ័យច្រើនគួរសម រហូតមានផលិតករ កម្មវិធីទូរទស្សន៍មួយចំនួន ចង់បានលោក ចូលរួមក្នុងកម្មវិធីប្រគំតន្រ្តី ដើម្បីទាក់ទាញអ្នកទស្សនាឲ្យបានច្រើន ខណៈកម្មវិធីជាកម្មវិធីថ្មីមិនសូវមាន ស្ពនស័រច្រើន ដូចនេះតម្លៃខ្លួនមិនសូវជាបានច្រើនឡើយ ព្រោះតម្លៃខ្លួនតារាៗ ពេលឡើងទូរទស្សន៍ម្ដងៗ មានពី៨០ទៅ២០០ដុល្លារជាងប៉ុណ្ណោះ ហើយសម្រាប់អ្នករាំវិញ ឡើងឆាកម្ដង បានត្រឹមតែ២០ដុល្លារក៏មាន។
ផលិតករកម្ម វិធីទូរទស្សន៍មួយ សុំមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់ Khmertalking ថា លោក ម៉ានិត ជាមនុស្សពិបាកធ្វើការជាមួយណាស់ ព្រោះលោកហាក់សំឡឹឃើញ លុយជាធំ បើលុយមិនដល់លោក មិនខ្ចីមកចូលរួមទេ។ ផលិតករធ្លាប់បានអញ្ជើញ លោក ម៉ានិត ឲ្យចូលរួមកម្មវិធីមួយ ដែលមានកាដូ និង ប្រាក់តិចតួចជូនលោកម៉ានិត តែបានបដិសេធ មិនចូលរួម ហើយទាមទារតម្លៃខ្លួនខ្ពស់ រហូតដល់ផលិតករ មិនអាចអញ្ជើញលោកម៉ានិត ឲ្យចូលរួមបានឡើយ ព្រោះថវិកាក្នុងការផលិត មានកំណត់។ ផលិតកររូបនោះ បន្តថា ម៉ានិត ខ្វះការអធ្យាស្រ័យ ព្រោះតារាផ្សេងៗ គេចូលរួមព្រោងព្រាត តារាខ្លះល្បីល្បាញជាងម៉ានិតក៏មាន ហើយតម្លៃខ្លួន ក៏មិនទាមទារច្រើន ដូចម៉ានិត ដែរ។
លោក ម៉ានិត មិនអាចសុំការបំភ្លឺ ជុំវិញសំលេងរិះគន់ ពីសំណាក់ផលិតករ កម្មវិធីទូរទស្សន៍ខាងលើបានទេ ហើយមូលហេតុនៃការសំឡឹងឃើញតែលុយនេះ បានជាធ្វើឲ្យលោក ហាក់ឃ្លាតឆ្ងាយ ពីសង្គមសិល្បៈ ស្របពេលបទចម្រៀងក៏មិនសូវមានលើទីផ្សារ ឬយ៉ាងណានោះទេ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង