ប៉ូលិសបានបញ្ជាក់ កាលពីថ្ងៃអង្គារថា អតីតនាយករដ្ឋមន្ត្រី លោកស្រី Yingluck Shinawatra ស្ថិតនៅក្នុងប្រទេសអង់គ្លេស ហើយបត្យាប័នឱ្យឃាត់ខ្លួន(Red Notice) ដើម្បីធ្វើការចាប់ខ្លួនលោកស្រី ត្រូវបានប្រគល់ឱ្យប៉ូលិសអន្តរជាតិ។ លោក Srivara Ransibrahmanakul អគ្គមេបញ្ជាការរងនគរបាលជាតិ បាននិយាយកាលពីថ្ងៃអង្គារថា លោកបានចុះហត្ថលេខា លើបត្យាប័នស្នើសុំឱ្យប៉ូលិសអន្ដរជាតិធ្វើការឃាត់ខ្លួនលោកស្រី យីងឡាក់បណ្ដោះអាសន្ន ហើយសំណើរនោះ ត្រូវបានបញ្ជូនទៅឱ្យប៉ូលិសអន្តរជាតិ តាមរយៈមន្រ្តីកិច្ចការបរទេសនៃស្នងការនគរបាលជាតិថៃ។ បត្យាប័នឱ្យឃាត់ខ្លួននេះ ស្រដៀងគ្នាទៅនឹងដីកាចាប់ខ្លួនអន្តរជាតិដែរ។
អគ្គមេបញ្ជាការរងលោក Srivara បាននិយាយ នៅក្នុងបត្យាប័នឱ្យឃាត់ខ្លួន ដោយលើកហេតុផលថា លោកស្រី យីងឡាក់ត្រូវចាប់ខ្លួន ដោយដីកាចាប់ខ្លួន។ លោកបាននិយាយថា ទោះជាយ៉ាងណា ដីកាចាប់ខ្លួននោះ នឹងត្រូវចេញអនុវត្ដ ដោយអាស្រ័យទៅលើការសម្រេចរបស់ប៉ូលីសអន្ដរជាតិ ។
អគ្គមេបញ្ជាការរងរូបនេះ បាននិយាយថា បត្យាប័នឱ្យឃាត់ខ្លួននេះ អាចត្រូវបានអនុវត្ដ នៅពេលដែលប៉ូលីសអន្ដរជាតិដឹងពីទីកន្លែងលាក់ខ្លួនរបស់លោកស្រី យីងឡាក់ និងក្រោយពីអេមីរ៉ាតអារ៉ាប់រួម បានបញ្ជាក់ថា លោកស្រីយីងឡាក់ បានចាកចេញពីទីក្រុងឌូបៃ ទៅកាន់ប្រទេសអង់គ្លេស។
លោកក៏បាននិយាយផងដែរថា ចក្រភពអង់គ្លេស និងថៃមានសន្ធិសញ្ញាផ្ដល់បត្យាប័នមួយ ហើយព្រះរាជអាជ្ញាសាធារណៈ នឹងដោះស្រាយរឿងនេះ។
លោកស្រីយីងឡាក់ បានបាត់ខ្លួន កាលពីថ្ងៃទី ២៣ ខែសីហា។ នាយកដ្ឋានព្រហ្មទណ្ឌរបស់តុលាការកំពូលទទួលបន្ទុកដោះស្រាយរឿងក្ដីអ្នកនយោបាយ ដើមឡើយ បានកំណត់កាលបរិច្ឆេទ ចេញសេចក្ដីសម្រេចរបស់ខ្លួន នៅថ្ងៃទី ២៥ ខែសីហាលើករណីសន្យាស្រូវ ដែលខាតបង់របស់លោកស្រី យីងឡាក់។
អវត្តមានរបស់ លោកស្រី បានធ្វើឱ្យតុលាការពន្យារពេលការប្រកាសដីកានេះ ទៅថ្ងៃទី ២៧ ខែកញ្ញាវិញ នៅពេលដែលតុលាការ បានកាត់ទោសដាក់ពន្ធនាគារលោកស្រីរយៈពេល ៥ ឆ្នាំពីបទបរាជ័យរបស់លោកស្រី ក្នុងការបញ្ឈប់ការលក់អង្ករក្លែងក្លាយ និងពុករលួយពីកម្មវិធីស្រូវអង្ករនោះ ទោះបីជាលោកស្រីបានដឹងអំពីភាពមិនប្រក្រតីក្ដី។ ការស៊ើបអង្កេត ទៅលើអ្នកដែលបានជួយលោកស្រីឱ្យរត់គេចខ្លួន កំពុងដំណើរការបន្ដ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Bangkokpost