(ភ្នំពេញ)៖ តារាចម្រៀងប្រុស លោក រិន សាវ៉េត បន្ទាប់ពីត្រូវបានការជួយឧបត្ថម្ភ ជាហូរហែ ពីសំណាក់មហាជនក៏ដូចជាតារាសិល្បៈមួយចំនួន ដើម្បីមានលទ្ធភាពយកប្រាក់ ព្យាបាលជំងឺមហារីកប្រពន្ធហើយនោះ ថ្មីៗនេះ តារាប្រុសកំសត់ជាងគេក្នុងផលិតកម្ម ហង្សមាស លោក រិន សាវ៉េត ក៏ទទួលបានការជួយឧបត្ថម្ភទឹកប្រាក់បន្ថែមទៀត តាមរយៈតារាចម្រៀងចាស់វស្សា គឺអ្នកនាង ម៉េង កែវពេជ្ជតា។
តាមរយៈការយកអំណោយ ជាថវិកា ដើម្បីឧបត្ថម្ភដល់តារាចម្រៀង លោក រិន សាវ៉េត នេះដែរ អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានលើកឡើងថា « ថ្ងៃនេះនាងខ្ញុំ បាននាំយកអំណោយសប្បុរសធម៌ ពីសំណាក់ឯកឧត្តម និងលោកជំទាវចំនួន២,០០០,០០០៛ (ពីរលានរៀល) ជូនដល់តារាចម្រៀង លោក រិន សាវ៉េត ដែលភរិយារបស់គាត់ កំពុងសំរាកព្យាបាល នៅមន្ទីពេទ្យ។ រួមជាមួយគ្នានេះដែរ នាងខ្ញុំ ពេជ្ជតា ព្រមទាំងកូនៗ ក៏សូមចូលរួមចំណែកបន្តិចបនួច ចំនួន៥០ដុល្លារដែរ សរុបជាប្រាក់ទាំងអស់ គឺពីរលានរៀល និង៥០ដុល្លារ!»។
ជាមួយគ្នា នៃការទទួលអំណោយនេះ លោក រិន សាវ៉េត បានថ្លែងពាក្យផ្តាំផ្ញើរ គោរពអរគុណជូនដល់លោក និងលោកជំទាវ ដែលលោកទាំងពីរបានជួយឧបត្ថម ដល់គ្រួសារគាត់កំពុងជួបភាពខ្វះខាត ក្នុងការព្យាបាល។ ម៉េង កែវពេជ្ជតា និយាយថា «ក្នុងនាមនាងខ្ញុំផ្ទាល់ក៏សូមគោរពថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅបំផុត និងសូមកោតសរសើរឯកឧត្តម និងលោកជំទាវដែលតែងតែធ្វើការ បរិច្ចាគធនធានផ្ទាល់ខ្លួន យ៉ាងច្រើនជួយដល់សិល្បករ-សិល្បការិនី ដែលជួបជីវភាពខ្វះខាត និងឈឺថ្កាត់ ជាច្រើននាក់ច្រើនលើកដោយពុំបានប្រាថ្នា ទាមទារយកគុណសម្បត្តិអ្វី បន្តិចឡើយ.!»។
អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានបន្ថែមទៀតថា «ទឹកចិត្តល្អបរិសុទ្ធ និងភាពសប្បុរសដ៏គួរឲ្យគោរព របស់ឯកឧត្តមពិតជាធ្វើឲ្យយើងខ្ញុំ មានភាពកក់ក្តៅ និងរំភើបស្ទើរស្រក់ទឹកភ្នែក ។ នាងខ្ញុំកូនៗ សូមគោរពដឹងគុណ ចំពោះលោកទាំងពីរ ដែលតែងតែមានក្តីមេត្តាករុណា ដល់យើងខ្ញុំជារៀងរហូតមក..!»៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង