ព័ត៌មានអន្តរជាតិ ៖ កើតកូនមិនជារឿងងាយស្រួលនឹងធ្វើនោះទេ ប៉ុន្តែ ករណីកើតកូនតូច ពីសំណាក់អ្នកម្តាយ Audra Lynn បានក្លាយទៅជាករណី បង្កើតកូន ដ៏គួរជាទីទាក់ទាញមួយ នៅ ក្នុងបណ្តាញសង្គម។
តាមរយៈឃ្លីបវីដេអូបង្កើតកូនក្នុងទឹកខាងក្រោម ដែលត្រូវបានគេដឹងថា ជាករណីបង្កើតកូន នៅ ឯរដ្ឋ California សហរដ្ឋអាមេរិកនោះ បាននាំមកនូវភាពភ្ញាក់ផ្អើលជាខ្លាំង នៅក្នុងបណ្តាញ សង្គម ពីព្រោះថា កូនតូចកើតភ្លាមៗ និងមួយរំពេច។ គួរបញ្ជាក់ថា ឃ្លីបត្រូវបានគេបង្ហោះចូល ទៅក្នុងបណ្តាញសង្គម Facebook និង Instagram កាលពីថ្ងៃទី ៣ កញ្ញា កន្លងទៅនេះ ដោយ ទទួលបានចុចចូលទស្សនាច្រើនដល់ទៅ ១៦លានដងឯណោះ ។ ស្រ្តីជាឆ្មប ដែលមានឈ្មោះ ថា Lisa Marie Sanchez Oxenham បានផ្តិតសកម្មភាពបង្កើតកូនខាងក្រោម ខណៈលោកស្រី បញ្ជាក់ឲ្យដឹងថា ជាវិនាទីដ៏គួរឲ្យរន្ធត់ តែអស្ចារ្យបំផុត ។
លោកស្រីបញ្ជាក់ឲ្យដឹងថា អ្វីដែលអស់លោកអ្នក មិនបានមើលឃើញតាមរយៈខ្សែអាថ៍វីដេអូ នោះគឺថា ក្បាលកូនតូច បានកើតចេញមកហើយ នៅឡើយតែដងខ្លួន ដូច្នេះខ្ញុំប្រាប់ នាងជា ម្តាយ Audra ថាអោយរង់ចាំបន្តិចសិន ក្នុងការសាច់ដុំកន្រ្តាក់ រុញជ្រានតួខ្លួនកូនតូច អោយកើត មកបាន ពេលនោះហើយដែលកូនតូចកើតចេញមកតែម្តង ។ វិនាទីដែលនាងជាម្តាយរីករាយ នឹងបង្កើតកូន ព្រមទាំងលាន់មាត់ថា កូនប្រុសខ្ញុំ បានធ្វើឲ្យមនុស្សច្រើនគ្នា ស្រក់ទឹកភ្នែក ពី ព្រោះថា ជាវិនាទីដ៏គួរឲ្យអស្ចារ្យ ។ ឃ្លីបវីដេអូ ត្រូវបានចែកចាយច្រើនជាង ១០០,០០០ដង នៅ លើបណ្តាញសង្គមហ្វេសប៊ុក និងទទួលបានការខមមិនច្រើនដល់ទៅ ២៣,០០០ ដង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី