ព័ត៌មានអន្តរជាតិ ៖ អ្នកជំនួញស្រី វ័យក្មេង វ័យទើបតែ ២៩ ឆ្នាំ ដែលជាជនជាតិ ហ្វីលីពីននោះ បាន ស្លាប់បាត់បង់ជីវិត បន្ទាប់ពីធ្វើការវះកាត់ ច្រើនមុខ ក្នុងពេលតែមួយ កាលពីពេលកន្លងទៅនេះ ថ្ងៃអាទិត្យ ទី ២៦ មីនា ។ សារព័ត៌មាន The Philippine Star ធ្វើសេចក្តីរាយកាណ៍ឲ្យដឹងថា Shiryl Saturnino ដែលមានវ័យ ២៩ឆ្នាំ និងមានអាជីពជាអ្នកជំនួញស្រីវ័យក្មេងនោះ បានធ្វើការវះកាត់ ៣ ក្នុងពេលតែ មួយ ពោល ធ្វើការវះកាត់ ដើមទ្រូវ គូថ និងបបូរមាត់ ក្នុងពេលតែមួយ នៅគ្លីនីកមួយកន្លែង ក្នុងទីក្រុង Mandaluyong ភាគខាងកើត ទីក្រុង ម៉ានីល ប្រទេសហ្វីលីពីន ។
របាយការណ៍ បញ្ជាក់ឲ្យដឹងថា និតិវិធីក្នុងការវះកាត់ពីគ្លីនីកខាងលើ ត្រូវបានធ្វើឡើង ជូនចំពោះអតិថិជន ដែលជាជនរងគ្រោះ ពេលដែលនាងទៅដល់គ្លីនីក ចាប់តាំងពីម៉ោង ៥ល្ងាច ថ្ងៃសៅរ៍ រហូតដល់ម៉ោង ២ និង ៤០នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ។ បន្ទាប់ពីធ្វើការវះកាត់រួច ក្រុមវេជ្ជបណ្ឌិត នាវិនាទី មួយនោះ ស្រាប់តែបានដឹងថា បេះដូងអ្នកជម្ងឺរបស់ខ្លួន លែងលោត ចឹងទេ ក៏បានព្យាយាមធ្វើការ សង្គ្រោះបន្ទាន់ ឲ្យបេះដូង ដើរជាធម្មតាវិញ តែបរាជ័យ ភ្លាមៗនោះ ក៏បានស្វែងរកជំនួយសង្គ្រោះជា បន្ទាន់ពីមជ្ឈមណ្ឌល Makati Medical Center តែជាអកុសល អ្វីៗបានយឺតពេល ហើយជនរងគ្រោះ ត្រូវ បានវេជ្ជបណ្ឌិតប្រកាសថាបានស្លាប់បាត់បង់ជីវិត នៅម៉ោង ៣ និង ២១ នាទីទាបភ្លឺ។ យ៉ាងណាក៏ដោយ ចុះ អាជ្ញាធរពាក់ព័ន្ធហ្វីលីពីន កំពុងតែរង់ចាំលទ្ធផល ស៊ើបអង្កេត ដើម្បីកំណត់ឲ្យបានពីមូលហេតុ ស្លាប់ ក៏ដូចជា នឹងធ្វើការស៊ើបអង្កេត ថាតើ មានករណីធ្វេសប្រហែសណាមួយ ពីក្រុមវេជ្ជបណ្ឌិត ឬក៏យ៉ាងណា អំឡុងពេលដែលមានការវះកាត់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន