CamNews

ព័ត៌មានអន្តរជាតិ 

ចិន ថា ការចង់បានឯករាជ្យរបស់កោះតៃវ៉ាន់ គឺជារឿងយល់សប្តិ ដែលគ្មានថ្ងៃក្លាយជាការពិត

អន្តរជាតិ ៖ អ្នកនាំពាក្យរដ្ឋាភិបាលទីក្រុងប៉េកាំង បានលើកឡើងនៅថ្ងៃពុធនេះថា កោះតៃវ៉ាន់គឺជាកម្មសិទ្ធិ ​ផ្តាច់មុខរបស់​ចិនតែមួយ ហើយ​ការចង់​ទាមទារឯករាជ្យភាពរបស់កោះមួយនេះ នឹងគ្មានថ្ងៃអាចធ្វើទៅរួចជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧។


ការគូសបញ្ជាក់​ធ្ងន់ៗ​បែបនេះរបស់​លោក Ma Xiaoguang អ្នកនាំពាក្យ​ការិយាល័យកិច្ចការ​តៃវ៉ាន់នៃ​ក្រុមប្រឹក្សា​រដ្ឋចិន បាន​ធ្វើ​ឡើង​​នៅ​ក្នុង​​សន្និសីទ​សារព័ត៌មានមួយ​នាថ្ងៃពុធនេះ។ នៅក្នុងឱកាស​នោះលោក Ma បានថ្លែងថា «យើងនឹង​នៅតែបន្តគោរព​ប្រតិបត្តិតាម​កិច្ចព្រម​ព្រៀង​កាលពីឆ្នាំ១៩៩២ រវាងចិន និងតៃវ៉ាន់ ហើយយើងនឹង​ខិតខំប្រឹងប្រែង​ធ្វើយ៉ាងណា សម្រេចឲ្យបាននូវការបង្រួបបង្រួម​គ្នា​ឡើងវិញដោយ​សន្តិភាព ប៉ុន្តែនឹងមិន​អនុញ្ញាតឲ្យក្រុម​អ្នកគាំទ្រឯករាជ្យ​នៃកោះតៃវ៉ាន់ណាមួយ មកឆក់ផ្តាច់​យកកោះមួយនេះ​ចេញពីចិនបាន​ជាដាច់ខាត»។

ជាចុងក្រោយ​នៅពេលត្រូវបានចោទ​សួរអំពីសកម្មភាព​របស់កោះតៃវ៉ាន់​ ជាមួយអង្គការអន្តរជាតិ លោក Ma បានឆ្លើយតប​ទៅវិញថា ការរៀប​ចំ​ត្រូវតែធ្វើឡើង​តាមរយៈការពិគ្រោះ​យោបល់គ្នា​រវាងចិន​ និងតៃវ៉ាន់ នៅក្រោមគោលការណ៍​ក៏ដូចជាគោលនយោបាយ​ចិនតែមួយ៕

ប្រភព ៖ ស៊ិនហួរ


Tags: China Int news Hot news Breaking news