CamNews

តារា 

កញ្ញា វ៉ាន់ នីឡា ​​ចូលបំភ្លឺនៅចំពោះមុខសមត្ថកិច្ច ក្រសួងមហាផ្ទៃ ក្រោយជនអនាមិក​ទម្លាយរូបអាក្រាត​នាង លើ

(ភ្នំពេញ)៖ ​តារាចម្រៀង ប្រចាំក្នុងផលិតកម្ម ភ្លេងរីខដ កញ្ញា វ៉ាន់ នីឡា បានចូលខ្លួនជួបជាមួយសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅម៉ោងប្រមាណ៤៖៣០នាទី រសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ ដើម្បីបំភ្លឺជុំវិញករណីពាក្យបណ្ដឹងរបស់ខ្លួន ដែលបានប្ដឹងរយៈពេលប្រមាណ១ខែមុខ ដើម្បីឲ្យសមត្ថកិច្ច​ជួយអន្តរាគមន៍ ស្វែងរកជនអនាមិក មកផ្តន្ទា​ទោស​តាមច្បាប់ជាធរមាន។

ថ្លែងប្រាប់ Fresh News និង Khmertalking នៅមុននេះបន្តិច បងប្រុសរបស់តារាចម្រៀង វ៉ាន់ នីឡា គឺកវីនិពន្ធ សុខ ជំនោរ បានបញ្ជាក់ថា នៅពេលនេះលោកបាននាំប្អូនស្រី (កញ្ញា វ៉ាន់ នីឡា) ដើម្បីមកជួបនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីបំភ្លឺបន្ថែមជុំវិញបណ្ដឹងវែកមុខរក ជនអនាមិកគំរាមទម្លាយរូបភាពរបស់នាង តាមការកោះអញ្ជើញ​​របស់សមត្ថកិច្ច។

លោកបន្តថា ប្អូនស្រីរបស់លោក ពិតជាធ្លាប់មានមនុស្សគំរាម ហើយអ្នកគំរាមរូបនាងនោះ គឺជាកូនមន្រ្តីមានអំណាចធំម្នាក់ នៅក្នុងក្រសួងមហាផ្ទៃនោះតែម្ដង ប៉ុន្តែ វ៉ាន់ នីឡា គឺជាជនរងគ្រោះ ហើយលោក និងប្អូនស្រីកំពុងតែទន្ទឹងរង់ចាំមើល ពីចំណាត់ការរបស់សមត្ថកិច្ច ធ្វើទៅតាមផ្លូវច្បាប់ ព្រោះខាងលោកគ្មានអំណាច គ្មានអាងខ្នងអ្វីទាំងអស់ ពោលគឺពឹងទៅលើច្បាប់ ជាអ្នកផ្ដល់យុត្តិធម៌ទាំងស្រុង ។

សូមបញ្ជាក់ថា តារាចម្រៀង វ៉ាន់ នីឡា បានសម្ដែងការ​ព្រួយ​បារម្ភយ៉ាង​ខ្លាំងចំពោះជនអនាមិក ដែលមានបំណងចង់​បញ្ចេញរូបស្រាត​របស់នាង ជាសាធារណៈ រហូតដល់ថ្នាក់នាងបានសម្រេចចិត្ត ដាក់ពាក្យប្ដឹងទៅកាន់សមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីវែករកមុខជនខិលខូចទាំងនោះ​។ កន្លងមកកញ្ញា វ៉ាន់ នីឡា ត្រូវបានគេដឹងថា នាងធ្លាប់មានចំណងស្នេហាយ៉ាងស្អិត​ល្មួត ជាមួយកូនមន្រ្តីពាក់​ផ្កាយ៣ម្នាក់ ហើយជារឿយៗពួកគេតែងតែ បង្ហាញភាពផ្អែមល្ហែមជាមួយគ្នា ឲ្យមហាជនបានឃើញ​ ។

ប៉ុន្តែភាពផ្អែមល្ហែមនេះ បានប្រែក្លាយទៅជាភាពល្វីងជូរចត់ នៅពេលពួកគេបានផ្ទុះរឿងប្រេះឆាគ្នាឡើង រហូតមានការគំរាមកំហែងថា នឹងទម្លាយរូបអាក្រាតកាយ​ ទើបតារាចម្រៀង វ៉ាន់ នីឡា ប្រញាប់ប្រញាល់​ដាក់ពាក្យប្ដឹង ដើម្បីទប់ស្កាត់ទង្វើអសីលធម៌ ដែលនាំឲ្យប៉ះ​ពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយសនាងយ៉ាងធ្ងន់ធ្ងរ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Vanilla