(ភ្នំពេញ)៖ បទថ្មីរបស់ផលិតកម្ម ថោន បកស្រាយដោយ លោក សុគន្ធ ថេរ៉ាយុ និងកញ្ញា ស៊ីរីកា ក្រោមចំណងជើងថា «ស្រឡាញ់អូនលើសហើយ» និង«ស្រឡាញ់បងលើសហើយ» កំពុងតែមានការគាំទ្រខ្លាំង ពីអ្នកទស្សនា ខណៈបទនេះមានអត្ថន័យ ជ្រៀលជ្រៅសម្រាប់ មិត្តយុវវ័យសម័យថ្មី។
ត្រកូល «លើសហើយ» ទាំង២នេះ ត្រូវបានដាក់បង្ហាញ នៅក្នុងប្រព័ន្ធទំនាក់ទំនង Facebook មិនដល់មួយថ្ងៃផង (14 Hours) មានអ្នកគាំទ្រចុច Like ដល់ទៅជិត ១ម៉ឺន និង Share ជាង ១ម៉ឺននាក់។ លើសពីនោះក៏មានអ្នក Comment ជាច្រើន។ អ្វីដែលគួរជាទីចាប់អារម្មណ៍នោះ មានអ្នកទស្សនាបង្ហាញ ពីការកោតសរសើរ ចំពោះអ្នកដឹកនាំសម្តែងផងដែរ ដែលទាំងនេះឆ្លុះបញ្ចាំង ពីការគាំទ្រ របស់មហាជន។
អ្នកគាំទ្រម្នាក់បានលើកឡើងថា រូបគាត់ពិតជាមានការកោតសសើរ ដល់ផលិតកម្ម ថោន ដែលបាននិពន្ធបទចម្រៀងនេះឡើង ដែលមានអត្ថន័យជ្រាលជ្រៅ និងគួរជាទីចាប់អារម្មណ៍ ហើយអ្នកគាំទ្រ ក៏បានលើកទឹកចិត្តឲ្យអ្នកនិពន្ធ បទចម្រៀងគួរតែនិពន្ធបទ Original Song ព្រោះជាការល្អសម្រាប់ អ្នកទស្សនា និងគេចផុតពីការរិះគន់ ដែលតែងតែកើតមាន នាពេលកន្លងមក។
អ្នកគាំទ្របានសរសេរថា «សុំសរសើរដល់ថោន ដែលរួមគ្នាខិតខំបង្កើត MV នេះឡើង ចង់ប្រាប់ថា សាច់រឿងធ្វើ ឲ្យខ្ញុំជក់ចិត្ត ជាពិសេសត្រង់សរសេរ Status តែម្តង តែលើកក្រោយខ្ញុំសុំម្យ៉ាង គឺទំនុកភ្លេង Original»។
សូមរំឭកថា ផលិតកម្ម ថោន កន្លងមកក៏បានធ្លាប់ចេញ នូវបទចម្រៀង ដែលជាលក្ខណៈ Original Song ដល់ទៅ ២៥៦បទផងដែរ ដែលជាការនិពន្ធដោយស្នាដៃ អ្នកនិពន្ធរបស់ផលិតកម្មផ្ទាល់ ហើយផលិតកម្មកំពុងតែផលិតបទចម្រៀងលក្ខណៈ Original Song បន្ថែមទៀត ជាច្រើន ដើម្បីឈានទៅរកការលុបបំបាត់ ការចម្លងបទច្រៀងពី បរទេស ឲ្យបានអស់ទាំងស្រុង ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង