(ឥណ្ឌា)៖ ប៉ូលិសនៅឥណ្ឌា កំពុងស្វែងរកចាប់ខ្លួនបុរសម្នាក់ ដែលសម្លាប់មនុស្សយ៉ាងសាហាវ បន្ទាប់ពីគេកាត់ក្បាលបងថ្លៃស្រីដោយចោទថា ជាអាបធ្មប់សម្លាប់បងប្រុសខ្លួន ។
ជនសង្ស័យឈ្មោះ Uttam បានសម្លាប់ស្ត្រីជាបងថ្លៃស្រីឈ្មោះ Dhandevi ដោយចោទនាងថា សម្លាប់បងប្រុសគេឈ្មោះ Thakur ដោយប្រើមន្តអាគមអាបធ្មប់ ព្រោះកាលពី១ខែកន្លងទៅ បងប្រុសជនដៃដល់បានស្លាប់យ៉ាងអាថ៌កំបាំង ។
តាមហេតុការណ៍បានឲ្យដឹងថា មុនថ្ងៃកើតហេតុលោក Uttam ចោទប្រកាន់ Dhandevi ថាព្យាយាមសម្លាប់សមាជិកគ្រួសារខ្លួនម្នាក់ទៀត ដូចកាលសម្លាប់បងប្រុសគេអញ្ចឹង តែស្ត្រីជាបងថ្លៃបដិសេធ ក្រោយមកឃាតកក៏ស្ទុះទៅ ទាញកាំបិតមកចាក់ប្រហារបងថ្លៃជាច្រើនកាំបិត រហូតដល់បាត់បង់ជីវិត រួចថែមទាំងកាត់ក្បាលទៀតផង ។
ក្រោយពីសម្លាប់បងថ្លៃរួច លោក Uttam ក៏បានគេចចេញពីកន្លែងកើតហេតុ មុនពេលដែលសមត្ថកិច្ចមកដល់ ហើយគេមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី