CamNews

ព័ត៌មានជាតិ 

ឪពុកគ្មានធម៌មេត្តា! សូរាចូលខ្លួន និងខឹងប្រពន្ធលួចមានប្រុស ទៅចាប់កូនប្រុសអាយុ២ខែបោកសម្លាប់

(ត្បូងឃ្មុំ)៖ ពិតជាជារឿងដ៏គួរឲ្យខ្លោចផ្សា និងអាសូរយ៉ាងខ្លាំង ចំពោះក្មេងប្រុសអាយុទើបតែ២ខែ ស្រាប់តែត្រូវឪពុកបង្កើតរបស់ខ្លួន ចាប់បោកនឹងដីសម្លាប់ចោល គ្មានធម៌មេត្តាជាមនុស្សណាសោះឡើយ ខណៈដែលកូនប្រុសរបស់ខ្លួនកំពុងតែ ដេកលង់លក់នៅក្នុងអង្រឹង។

មូលហេតុដែលនាំឲ្យឪពុករូបនេះ ប្រព្រឹត្តនូវទង្វើដ៏លាមកបែបនេះ ក៏ព្រោះតែស្រវឹងស្រា ហើយចោទប្រកាន់ទៅស្រ្តីជាប្រពន្ធថា លួចមានសហាយស្មន់ទៀតផង។

អំពើឃាតកម្មដែលគេកម្រនឹងបានជួបនេះ បានកើតឡើងនៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់។

ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានឲ្យដឹងថា ជនសង្ស័យជាឪពុកឈ្មោះ អោក ចាន់ណា អាយុ២០ឆ្នាំ បានចាប់លើកកូនប្រុសបង្កើតរបស់ខ្លួន ឈ្មោះ រុំ ចាន់នីត អាយុ០២ខែពីអង្រឹង បោកទៅដីបណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុ។

លោកស្នងការបានបញ្ជាក់ថា «មូលហេតុស្រវឹងស្រា ចោទលើប្រពន្ធខ្លួន ឈ្មោះ ចាន់ ណារី ភេទស្រីអាយុ១៨ឆ្នាំ ផិតក្បត់មានសាហាយដោយថា កូននេះមិនមែនជាកូនរបស់ខ្លួន»។

ករណីនេះក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍រំចេក បានទទួលព័ត៌មានភ្លាម ចុះបង្រ្កាបចាប់បានជនសង្ស័យមកប៉ុស្តិ៍ ដើម្បីសាកសួរ ហើយរៀបបញ្ជូនខ្លួនមុខសញ្ញាជនសង្ស័យមក អធិការដ្ឋានស្រុកកសាងសំណុំរឿងតាមនីតិវិធី៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh