CamNews

កីឡាជាតិ 

សំបុត្រទស្សនាក្រោន ប៉ះ Buriram លក់​ព្រឹកនេះ ខណៈទូរទស្សន៍ពីរ​ត្រៀមផ្សាយ​ជំនួបនេះ

(ភ្នំពេញ)៖ សំបុត្រចូលទស្សនាការប្រកួតមិត្តភាពអន្ដរជាតិ រវាងអតីតក្រុមជើងឯកលីគកំពូលកម្ពុជា ៦សម័យកាល ភ្នំពេញក្រោន និងក្រុមខ្លាំងថៃ Buriram United នៅកីឡដ្ឋាន RSN នាវេលាម៉ោង ៦ល្ងាចថ្ងៃទី១៨ ខែមេសាស្អែក នឹងដាក់លក់នៅព្រឹកនេះហើយ ដោយតម្លៃមាន ៤,០០០រៀល និង ២,០០០រៀល ខណៈប្រាក់ចំណូលបានពីការលក់សំបុត្រនេះ នឹងត្រូវបរិច្ចាគជូនអង្គការ Football For Life ។

ប៉ុន្ដែអ្វីដែលរឹតតែពិសេសជំនួបមិត្តភាពជាប្រវត្តិសាស្ដ្រនេះ នឹងមានការផ្សាយលើកញ្ចក់ទូរទស្សន៍ចំនួនពីរ ក្នុងនោះផ្សាយផ្ទាល់ក្រុមការងារទូរទស្សន៍ឈានមុខក្នុងស្រុក គឺប៉ុស្ដិ៍ BTV-News និងធ្វើការផ្សាយបន្ដផ្ទាល់ដោយប៉ុស្ដិ៍ True 4U របស់ថៃទៀតផង ។ ការប្រកួតនេះ គឺជាយុទ្ធនាការ  Chang Buriram United Asean Tour 2017 ដើម្បីត្រៀមរដូវកាលថ្មីរបស់ក្រុម Buriram ខណៈភ្នំពេញក្រោន គឺជាការប្រកួតពង្រឹងសមត្ថភាពត្រៀមចូលរួមប្រកួតវគ្គ Play-Off នៃពាន AFC Cup 2017 ចុងខែនេះ ។

សូមបញ្ជាក់ផងដែរថា នេះជាលើកទី១ ជាប្រវត្តិសាស្រ្តរបស់ក្លឹបជើងខ្លាំងរបស់កម្ពុជា និងជើងខ្លាំងប្រចាំប្រទេសថៃប៉ះគ្នា ក្រោយពេលក្រុមបាល់ទាត់អាជីព Buriram United ធ្លាប់មកកម្ពុជាម្តង កាលពីដើមឆ្នាំ២០១៦ ប្រកួតមិត្តភាពចាញ់ក្រុម Cambodia All Star របស់កម្ពុជា ដើម្បីរឹតចំណងការទូតរវាងប្រទេសទាំងពីរនោះ ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង