CamNews

កីឡាអន្តរជាតិ 

ជើង​ខ្លាំង​វាយ​កូន​ហ្គោល Rory McIlroy ប្រកាស​ដក​​ខ្លួន​​ពី Rio 2016 ដោយ​ខ្លាច​ឆ្លង​វីរ៉ុស Zika

(ញូវយ៉ក)៖ កីឡាករវាយកូនហ្គោល Rory McIlroy បានប្រកាសមិនចូលរួមការប្រកួតកីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ នៅ​ប្រទេស​ប្រេស៊ីល​ឡើយ ដោយសារតែព្រួយបារម្ភពីការរីករាលដាលនៃវីរ៉ុស Zika នៅប្រទេសស្ថិតក្នុង តំបន់អាមេរិកឡាទីនមួយនេះ។

ជើងខ្លាំងវាយហ្គោល លំដាប់លេខ៤ របស់ពិភពលោកមួយនេះបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃពុធ ទី២២ មិថុនានេះថា «បន្ទាប់​ពី​ការ​គិត​យ៉ាង​ល្អិត​ល្អន់ ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ដក​ខ្លួន​ចេញ​ពី Olympic Games នៅ​ក្នុងទីក្រុង Rio de Janiero ជា​ផ្លូវ​ការ​ហើយ ដើម្បី​ធានា​បាន​ពី​សុខ​ភាព​សម្រាប់​កូនៗ និង​ប្រពន្ធ​ខ្ញុំ ខណៈ​ដែល​ខ្ញុំ​មិន​ចាំបាច់គិតគូរ ពីមេដាយច្រើនពេកនោះទេ»

តែយ៉ាងណាក៏ដោយ មិនត្រឹមមានតែ កីឡាករជនជាតិអៀរឡង់ខាងជើង ប្រកាសដកខ្លួនពី Rio 2016 នេះឡើយ ក្នុងនោះក៏មាន​ជើង​ខ្លាំង Adam Scott, Louis Oosthuizen, Charl Schwartzel, Marc Leishman និង Vijay Singh ក៏បានសម្រេចមិនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍​ដែល​មា​ន​រយៈ​ពេល​៤​ឆ្នាំ​ម្តង លើក​ទី​៣១​នេះ​ដូច​គ្នា នេះបើយោងតាម Sky Sports។

សូមបញ្ជាក់ផងដែរថា យុទ្ធនាការ Olympic Games 2016 និងចាប់ផ្តើមប្រកួតជាផ្លូវការនៅថ្ងៃទី០៥ សីហា និងបញ្ចប់ ទៅវិញនៅថ្ងៃទី២១ ខែ​សីហា​ខាង​មុខ​ក្នុង​នោះ​ដែរ IOC បានបង្ហាញអត្តពលិក ១០៥០០នាក់នឹងចូលរួមក្នុងឱកាសនោះ ខណៈដែលក្រសួង​សុខា​ភិបាល​ប្រេស៊ីល រួម​ជា​មួយ IOC ក៏​បាន​កំពុង​តែ​ធ្វើ​ការ​ជា​មួយ​នឹង​អង្គ​ការ​សុខភាពពិភព លោកយ៉ាងយកចិត្តទុកដាក់ផងដែរ ដើម្បីធានាសុវត្ថិភាពជូនចំពោះអត្តពលិក ថ្នាក់​ដឹក​នាំ និង​អ្នក​គាំ​ទ្រ ក្នុង​អំឡុង​ពេល ប្រកួតកីឡាអូឡាំពិកនេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Rory McIlroy