(កំពង់ចាម)៖ ស្របពេលដែលមន្ត្រីនគរបាល អត្តសញ្ញាណកម្ម កំពុងតែសស្រាក់សស្រាំ បំពេញកិច្ចការងារ ក្នុងការចុះធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាជនកម្ពុជា ដោយមន្ត្រីនគរបាលបំពេញកិច្ចការងារទាំងថ្ងៃទាំងយប់ មិនបានសម្រាក ព្រោះដើម្បីឲ្យប្រជាជន មានអត្តសញ្ញាណប័ណ្ណស្របច្បាប់ និងអាចចុះឈ្មោះបោះឆ្នោតបាន។
ជារឿងភ្ញាក់ផ្អើល មិនតិចទេ ព្រោះតែតារាចម្រៀងប្រុសស្អាត ជាអ្នករ៉េប និងជាអ្នកនិពន្ធទំនុកច្រៀងមួយរូប របស់ផលិតកម្ម ថោន លោក ធី អូ ដែលមានឈ្មោះពិតថា វង់ សុភៈ បានចុះដល់ទីតាំងផ្ទាល់ ដើម្បីបំពេញការងារធ្វើអត្តសញ្ញាណបណ្ណ ជូនដល់បងប្អូន នៅទីនោះ ព្រោះលោកមានមុខងារជាមន្ត្រីប៉ូលិស ក្រៅពីតារាចម្រៀង ។
អតីតតារាចម្រៀងក្នុងក្រុមយូធូភា រួចក៏មករួមគ្នាជាក្រុម ឡេហ្កាស៊ី និងចុងក្រោយមកជ្រកក្រោមផលិតកម្មថោន លោក ធីអូ បានចុះជួយធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ នាទឹកដីក្រុងកំពង់ចាម កាលពីពេលថ្មីៗនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនរស់នៅតំបន់នោះ ដោយអ្នកខ្លះមិននឹកស្មានថា លោក ធីអូ មានមុខនាទីជាប៉ូលិសនោះឡើយ។
លោក ធី អូ ក្រោយពីចូលក្នុងផលិតកម្ម ថោន បទចម្រៀងដ៏ល្បីរបស់លោក មានចំណងជើងថា «ស្រឡាញ់អូន១០K» ដែលធ្វើឲ្យមានមហាជនស្គាល់ច្រើនឡើងវិញ ពិសេស លោកក៏ជាដៃគូរ៉េប ជាមួយតារាចម្រៀងស្រី កញ្ញា រ៉ាប៊ី ។
ក្រៅពីអាជីពតារាចម្រៀង លោក ធីអូ ក៏ជាមន្ត្រីនគរបាលមួយរូប បំពេញការងារនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ។ លោក ធី អូ បើទោះបីជាមានមុខងារ បម្រើរដ្ឋយ៉ាងណា ក៏លោកមិនដែលបោះបង់ អាជីពចម្រៀងលោកឡើយ ព្រោះលោកស្រឡាញ់ខ្លាំងស្មើរជីវិត។ តែតួនាទី និងកាព្វកិច្ចតម្រូវឲ្យលោកធ្វើការរដ្ឋផង និងជាតារាចម្រៀងផង។ ដូចនេះពេលណាមានតួនាទី ត្រូវចុះធ្វើការ គឺលោកច្បាស់រឿងការងារ ហើយមិនដែលគិតថា ខ្លួនជាអ្នកសិល្បៈទេ ព្រោះជាមនុស្សបែងចែកដាច់គ្នា រវាងការងារជាអ្នកចម្រៀង និង ជាប៉ូលិស៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង