CamNews

តារា 

ពេជ្រ សោភា ទទូច​ចិត្ត​អ្នក​គាំ​ទ្រ កុំ​យក​ការ​គាំ​ទ្រ​ខ្លួន ទៅ​ប្រៀប​ជា​មួយ​តា​រា​ដទៃ

ភ្នំពេញ៖ តារាចម្រៀងថ្គាមខ្លា ប្រចាំផលិតកម្មហង្សមាសទើបតែចូល រោងការថ្មីៗ អ្នកនាង ពេជ្រ សោភា កាលពីរាត្រីយប់មិញនេះ បានចេញមុខសុំចិត្តអ្នកគាំទ្ររបស់នាង ក៏ដូចជាអ្នកគាំទ្រតារាចម្រៀងដទៃ កុំយកការគាំទ្ររបស់ខ្លួន លើតារាចម្រៀងមួយរូប ទៅប្រៀបធៀបនឹងតារាចម្រៀងដទៃទៀត ជៀសវាងកុំឲ្យកើតមានបញ្ហា ឈ្លោះប្រកែកគ្នា ដោយសារតែរឿងច្រណែន។

ជាទូទៅសម្រាប់អ្នកសិល្បៈ ជាពិសេសតារាចម្រៀង ស្ទើរគ្រប់ផលិតកម្ម តែងតែមានក្រុមអ្នកគាំទ្ររៀងៗខ្លួន ហើយនៅពេលតារា ក្នុងដួងចិត្តរបស់ពួកគេឡើងច្រៀងក្នុងកម្មវិធីប្រគំតន្រ្តីម្តងៗ ទស្សនិកជន តែងឃើញ ក្រុមអ្នកគាំទ្រ តាមទៅគាំទ្រស្រែកហ៊ោកញ្ជ្រៀវ រៀងរាល់កម្មវិធីទាំងអស់។ សកម្មភាពនេះ បានសរបញ្ជាក់ឲ្យតារាៗ ដឹងពីភាពជោគជ័យរបស់ខ្លួន តាមរយៈអ្នកគាំទ្រ ។ មិនតែប៉ុណ្ណោះថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ហាក់មានការផុសផុលច្រើន ទៅលើការកាត់តរូបតារាចម្រៀង យកមកដាក់ទន្ទឹមគ្នា ហើយធ្វើតេសថា តើតារារូបណា មានប្រជាប្រិយភាព និងលេចធ្លោខ្លាំងជាងគេ ។ ចំណុចនេះ គឺជាដើមហេតុ ធ្វើឲ្យអ្នកសិល្បៈមួយចំនួន មិនសូវសប្បាយចិត្ត និងធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេម្នាក់ៗ បានបង្ហាញការគាំទ្រ ទៅលើតារាក្នុងដួងចិត្តពួកគេរៀងៗខ្លួន ធ្វើឲ្យមានបញ្ហារវាងអ្នកគាំទ្រ និងអ្នកគាំទ្រ ។

ជាមួយគ្នានេះ តារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស អ្នកនាង ពេជ្រ សោភា បានបង្ហាញសារខ្លី ជាភាសាខ្មែរ ក្នុងន័យសុំចិត្តអ្នកគាំទ្រ របស់តារាចម្រៀងគ្រប់រូប និងអ្នកគាំទ្រថា «ខ្ញុំសុំបញ្ជាក់ទៅដល់អ្នក ដែលបានគាំទ្រនាងខ្ញុំ ជាពិសេសអ្នកដែល បានដាក់ SP នៅខាងក្រោយឈ្មោះ នៃ Account Facebook របស់អ្នកទាំងអស់គ្នា សូមមេត្តាកុំរវល់ជាមួយនឹង Page, group ឬអ្នកប្រើប្រាស់បណ្តាញ Facebook មួយចំនួន ដែលបានយកតារានានា ទៅប្រៀបធៀប រកសម្លេងគាំទ្រថា តារាមួយណាខ្លាំងជាងមួយណា (ពិសេសរូបរបស់ខ្ញុំផ្ទាល់) បើសិនជាអ្នកទាំងអស់គ្នា ពិតជាស្រលាញ់គាំទ្រនាងខ្ញុំ ពិតប្រាកដ» ។

តារាចម្រៀងរូបនេះ ក៏បានប្រាប់ពីមូលហេតុ ដែលខ្លួនចេញមុខស្នើសុំចិត្តអ្នកគាំទ្ររបស់ខ្លួនថា មិនចង់ឲ្យអ្នកគាំទ្រ មានបញ្ហាឈ្លោះប្រកែក រវាងអ្នកគាំទ្រ និងអ្នកគាំទ្រ ហើយក៏អាចប៉ះពាល់ ដល់តារាផងដែរ ។ ការស្រលាញ់របស់អ្នកគាំទ្រសម្រាប់នាង គឺនាងដឹង និងអាច បង្ហាញឲ្យនាងឃើញ តាមមធ្យោបាយច្រើនណាស់ ហើយនាងក៏មិនចង់ឃើញ អ្នកគាំទ្ររបស់ខ្លួន មានជម្លោះជាមួយអ្នកណាម្នាក់ ដោយសារតែនាងដែរ ។ ហេតុនេះនាងរំពឹងថា អ្នកគាំទ្រ នឹងយល់ចិត្តនាង ហើយនាងក៏អរគុណ សម្រាប់ការស្រលាញ់ គាំទ្រពីអ្នកគាំទ្រគ្រប់គ្នា ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Pich sophea Star news local news