នារីដ៏ស្រស់ស្អាតម្នាក់ សង្ឃឹមនឹងបានរៀបការដូចបំណង ជាមួយនឹងមនុស្សជាទីស្រឡាញ់ តែអកុសលមច្ចុរាជ បានមកប្រល័យជីវិតរបស់នាង ឱ្យព្រាត់ប្រាស់ពីគូដណ្ដឹង ដែលស្រឡាញ់គ្នា និងសន្យាគ្នាថា នឹងចូលរោងការសាងជីវិតប្ដីប្រពន្ធជាមួយ គ្នា ។
នាង Nong Fon វ័យ ៣០ ឆ្នាំដែលនឹងត្រូវរៀបការជាមួយនឹងគូដណ្ដឹងរបស់នាង បានដាច់ខ្យល់ស្លាប់លាចាកលោកដោយសារជំងឺគ្រុនឈាន មុនបន្ដិច បន្ទាប់ពីជាងផាត់មុខរបស់នាងត្រៀមថត Pre-wedding បានមកដល់សង្កាត់ Phibun ដែលនាងរស់នៅ ។
អ្នកណាមិនស្លុតចិត្ដនោះ បើមនុស្សជិតដល់ថ្ងៃរៀបការហើយ បែរជាសូន្យសង្ខារក្នុងរយៈពេលមួយប៉ព្រិចភ្នែក។ ដោយទឹកចិត្ដស្រឡាញ់ អាណិតចំពោះគូដណ្ដឹង បុរសជាគូដណ្ដឹង បានអញ្ជើញជាងផាត់មុខ មកតុបតែងផាត់មុខជាកូនក្រមុំឱ្យនាង ដើម្បីឱ្យនាងសមតាមបំណង ។ គ្លីបវីដេអូនៃការផាត់មុខសាកសពរបស់នាង ដែលបង្ហោះ នៅលើទំព័រហ្វេសប៊ុកឈ្មោះ Anyamaneethong បានធ្វើឱ្យអ្នកទស្សនាស្លុតចិត្ដអាណិតនាង និងត្រូវបានចូលទស្សនាយ៉ាងច្រើនកុះករ ដោយអ្នកទស្សនាជាច្រើន បានកើតសរសើរជាងផាត់មុខថា បានបំពេញបំណងរបស់កូនក្រមុំ នៅជីវិតចុងក្រោយរបស់នាង ។
នាង Priyada នារីអភ័ព្វ និងគូដណ្ដឹងរបស់នាង កាលពីថ្ងៃអាទិត្យកន្លងទៅ បានណាត់ខាងសម្អាងការដើម្បីឱ្យមកផាត់មុខ និងថតរូប Pre-wedding នៅថ្ងៃទី ១៦ កក្កដាកន្លងទៅនេះ ។ ហើយគូស្នេហ៍ទាំងពីរ បានសន្យាចូលរោងជ័យ នៅថ្ងៃទី៥ ខែធ្នូចុងឆ្នាំនេះ តែអ្វីៗប្រែទៅជាទុក្ខសោកទៅវិញ ។
អ្នកស្រី Ms Amporn ម្ចាស់សម្អាងការ បាននិយាយថា កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ កូនកម្លោះបានតេទូរស័ព្ទទៅពន្យារពេលខាងសម្អាងការ ដោយលើកហេតុផលថា ខាងកូនក្រមុំស្រាប់តែធ្លាក់ខ្លួនឈឺភ្លាមៗ ។ កូនកម្លោះ បានប្រាប់អ្នកស្រីថា កូនក្រមុំរបស់កាត់ មានផ្ទុកជំងឺគ្រុនឈាម ។
នៅព្រលឹមថ្ងៃពុធ អ្នកស្រីបានទទួលទូរសព្ទម្ដងទៀតពីកូនកម្លោះ ដែលប្រាប់អ្នកស្រីថា កូនក្រមុំជាទីស្រឡាញ់របស់គាត់បានផុតដង្ហើមហើយ ។ កូនកម្លោះប្រាប់បន្ដថា លោកនៅតែចង់ឱ្យកូនក្រមុំជាទីស្រឡាញ់របស់ខ្លួន បានផាត់មុខដោយអ្នកស្រី Ms Amporn។
ទាក់ទងនឹងជំងឺកាចសាហាវនេះ អាជ្ញាធរសុខាភិបាលថៃ បានប្រាប់ឱ្យប្រជាពលរដ្ឋ នៅក្នុងខេត្ដ Nakhon Si Thammara ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការរីករាលដាលនូវជំងឺគ្រុនឈាម ដែលបានកើតលើមនុស្សប្រហែល ១៦០០ នាក់ និងបានឆក់យកជីវិតមនុស្ស ៦ នាក់រួចមកហើយ នៅខេត្ដប៉ែកខាងត្បូង។ អ្នកនាង Piyada គឺជាជនរងគ្រោះទី ៧ ហើយដែលស្លាប់ដោយសារជំងឺនេះ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ បាងកកប៉ុស្ដិ៍