CamNews

តារា 

«នាង Briney Spears ស្លាប់​​ហើយ» គណនី Twitter របស់ Sony Music ត្រូវ​គេ Hack បាត់ទៅហើយ

(ញូវយ៉ក)៖ គណនី Twitter របស់ក្រុមហ៊ុនដ៏ថ្មី ខាងវិស័យកម្សាន្តរបស់អាមេរិក Sony Music ត្រូវបានគេ Hack ហើយបានធ្វើការចេញផ្សាយបោកប្រាសថា អតីតរាជនីចម្រៀងប៉ុប (Pop Music) អ្នកនាង ប្រ៊ីតនី ស្ពៀរយ៍ (Briney Spears) បានទទួលមរណភាពបាត់ទៅហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១៦។

នៅថ្ងៃអង្គារនេះ គណនីរបស់ក្រុមហ៊ុនចម្រៀង Sony Music ដែលមានឈ្មោះថា «Sony Music Global» នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter បានបង្ហោះសារយ៉ាងខ្លីមួយថា «RIP @britneyspears» និង «#RIPBritney 1981-2016» ដោយភ្ជាប់ជាមួយនូវរូបភាព នៃទឹកមុខស្រក់ទឹកភ្នែកយ៉ាងកំសត់ ថែមទៀតផង ហើយក្រោយមកសារក្លែងក្លាយ ទាំងប៉ុន្មាននោះ ក៏ត្រូវបានលុបចោលវិញ។

ក្រុមហ៊ុន Sony Music ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Sony Corporation ដ៏ធំរបស់ជប៉ុនបានឲ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍ យ៉ាងខ្លីមួយថា គណនីនៅលើបណ្តាញសង្គមរបស់ខ្លួន ត្រូវបានគេ Hack ប៉ុន្តែពេលនេះស្ថានការណ៍ បានស្ថិតក្រោមការគ្រប់គ្រង និងវិលទៅរកសភាពប្រក្រតី ដូចដើមវិញហើយ ហើយក្រុមហ៊ុនក៏បានសូមអភ័យទោស ចំពោះអ្នកនាង ប្រីតនី ស្ពៀរយ៍ ក៏ដូចជាអ្នកគាំទ្ររបស់អ្នកនាងផងដែរ សម្រាប់ការភ័ន្តច្រឡំណាមួយ ដែលបានកើតមានឡើង។

ទន្ទឹមគ្នានេះអ្នកចាត់ការរបស់ អ្នកនាង ស្ពៀរយ៍ លោក អាដាំ លេបឺ (Adam Leber) បានប្រាប់ស្ថានីយទូរទស្សន៍ CNN ថា ពុំមានអ្វីកើតឡើងចំពោះកំពូលតារាចម្រៀងអន្តរជាតិ និងជាម្ចាស់ពានរង្វាន់ហ្គ្រេម្មី (Grammy Award) វ័យ ៣៥ឆ្នាំរូបនេះឡើយ។

គួរបញ្ជាក់ថា ក្រុមហ៊ុនកម្សាន្ត Sony Pictures ក៏ធ្លាប់ជាជនរងគ្រោះដោយការវាយលុក តាមរយៈប្រព័ន្ធអ៉ីនធឺណែតផងដែរ កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ ដែលការិយាល័យ ស៊ើបអង្កេត សហព័ន្ធអាមេរិកបានធ្វើការសន្និដ្ឋានថា គឺជាថ្វីដៃរបស់កូរ៉េខាងជើង ដោយការ Hack នាពេលនោះ ត្រូវបានធ្វើឡើងតែមួយខែប៉ុណ្ណោះ មុនពេលដែលក្រុមហ៊ុនផលិតភាពយន្ត Sony Pictures បានគ្រោងនឹងដាក់បញ្ចាំងរឿង «The Interview» ដែលស្តីអំពីអ្នកសារព័ត៌មានចំនួនពីរនាក់ ត្រូវបានជ្រើសរើសដោយទីភ្នាក់ងារចារកម្ម CIA របស់សហរដ្ឋអាមេរិក ឲ្យទៅធ្វើឃាតប្រមុខដឹកនាំកំពូល នៃប្រទេសកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Britney Spear US UK Kpop