CamNews

ព័ត៌មានជាតិ 

ការពិតត្រូវបានទម្លាយ, វីដេអូ បាញ់សម្លាប់​លោក កែម​ ឡី នៅ StarMart បូកគោ ត្រូវបង្ហាញទាំងស្រុង (វីដេអូ)

(ភ្នំពេញ)៖ នៅក្នុងសវនាការកាត់ទោស លោក «ជួប សម្លាប់» នៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ តុលាការបានបើកជំហរជាសាធារណៈ ដោយមានការបង្ហាញវីដេអូឃាតកម្មជាច្រើនឃ្លីប និងហៅសាក្សីម្នាក់ ដែលបម្រើការងារនៅក្នុងស្តាម៉ាត ស្តុបបូកគោចូលបំភ្លឺដែរ (ទស្សនាវិដេអូ ជួប សម្លាប់ ដកកាំភ្លើងបាញ់សម្លាប់ កែម ឡី នៅក្នុងស្តាម៉ាត)


នៅក្នុងសវនាការនោះ លោក ជួប សម្លាប់ បានសារភាពថា៖ រូបគេបានបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី ពិតប្រាកដមែន ដោយសារតែរូបគេ ខឹងសម្បានឹង លោក កែម ឡី ជំពាក់ប្រាក់៣ពាន់ដុល្លារមិនសង។ ជនដៃដល់បានទទួលស្គាល់រូបភាពនៅក្នុងកាមេរ៉ាវីដេអូតាំងពីធ្វើសកម្មភាពបាញ់ នៅក្នុងស្តាម៉ាតរហូតរត់ដល់ក្បែរវត្តស្វាយពពែ ថាជារូបរបស់ខ្លួនពិត។ ដោយឡែកនៅក្នុងសវនាការនោះដែរ តុលាការក៏បានធ្វើកោសលវិច្ច័យ ទៅលើស្នាមមេដៃនៅជាប់ នឹងកាំភ្លើងដែលបាញ់សម្លាប់ លោក កែម ឡី ឃើញថា ដូចទៅនឹងស្នាមេដៃរបស់លោក ជួប សម្លាប់ មែន។

ទោះជាយ៉ាងណា នៅក្នុងសវនាការនោះ លោក ជួប សម្លាប់ នៅតែអះអាងថា រូបគេមិនមានបងប្អូន និងសាច់ញាតិ ហើយក៏មិនមានឈ្មោះ អឿត អាង នោះដែរ។ ចំណែក ឈ្មោះ ជួប សម្លាប់ នេះទៀតសោត តុលាការបានរកឃើញថា ជនដៃដល់បានប្រើប្រាស់តាំងពីសម័យខ្មែរក្រហមមកម្ល៉េះ ហើយទើប ដល់សម័យនេះ គឺជនជាប់ចោទ បានប្រើប្រាស់ឈ្មោះនេះជាថ្មីម្តងទៀត។

សូមបញ្ជាក់ថា ជួប សម្លាប់ អាយុ៣៨ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីវេលាម៉ោង៨៖៥០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងទីតាំងស្តារម៉ាត នៃស្ថានីយប្រេងឥន្ធនៈកាល់តិច បូកគោ ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និងមហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាពេលកន្លងទៅ បានសម្រេចចោទប្រកាន់ «ជួប សម្លាប់» ចំនួន២ករណី ក្នុងនោះរួមមាន បទឃាតកម្មគិតទុកជាមុន និង បទកាន់កាប់អាវុធគ្មានការអនុញ្ញាត។

បន្ទាប់ពីបើកសវនាការ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមនៃសំណុំរឿង លោក «ជួប សម្លាប់» នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ៕

ទស្សនាវិដេអូ ជួប សម្លាប់ ដកកាំភ្លើងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅក្នុងស្តាម៉ាត

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី

Tags: social news