(មេនឆេស្ទើ)៖ ៣ពិន្ទុដែលក្រុមបិសាចក្រហម Manchester United ឈ្នះកៅអីមួយទៅលេងនៅក្នុងពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League រដូវកាលក្រោយ បន្ទាប់ពីបំបាក់គូប្រជែង AFC Bournemouth ៣-១ យប់មិញនេះបញ្ចប់ Premier League ជាផ្លូវការ ។
កីឡាករខ្សែប្រយុទ្ធដែលមានឈ្មោះទៅលេងក្នុងពានរង្វាន់ Euro 2016 នៅប្រទេសបារាំងខែក្រោយ Wayne Rooney បានស៊ុតគ្រាប់នាំមុខដ៏អស្ចារ្យ ក្រោយពីទទួលបាល់ពីមិត្តរួមក្រុម Anthony Martial នៅនាទីទី៤៣ក្នុងវគ្គទី១ មុនពេលបន្ថែម២គ្រាប់ទៀតក្នុងវគ្គទី២ ដោយកីឡាករ Marcus Rashford នៅនាទី៧៥ និង Ashley Young នៅនាទីទី៨៧ ដែលធ្វើឲ្យការប្រកួតទាំងស្រុងមានគម្លាតគ្នាជាខ្លាំងក្នុងកីឡដ្ឋានថ្ងៃចុងក្រោយនៅ Old Trafford ។
តែយ៉ាងណាមិញ ការខិតខំវាយបកពីសំណាក់ក្រុមភ្ញៀវ Bournemouth ពិតជាមិនខកបំណងឡើយ ដោយរកបាន១គ្រាប់ត្រឡប់ទៅផ្ទះវិញដែរក្នុងនាទីទី៩០+៣ ពីការធ្វេសប្រហែសចូលទីខ្លួនឯងរបស់ខ្សែការពារ Chris Smalling របស់ក្រុមបិសាចក្រហម ។
៣ពិន្ទុបន្ថែមបានធ្វើឲ្យក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកជនជាតិហូឡង់ Louis van Gaal បញ្ចប់ទៅដោយចំណាត់ ថ្នាក់លេខ៥ក្នុងតារាង Premier League រដូវកាលឆ្នាំ២០១៥-២០១៦នេះ ដោយមាន៦៦ពិន្ទុ ឈ្នះកៅអីមួយលេង ក្នុងពាន Europa League រដូវកាលក្រោយស្វ័យប្រវត្តិ និងពុំមានសិទ្ធិលេងក្នុងពានធំ Champions League ឡើយ និងក្រុមឈរនៅចំណាត់ថ្នាក់លេខ៦ Southampton លេងក្នុងវគ្គជម្រុះ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង