ភ្នំពេញ ៖ ដោយសារតែរូបរាងធាត់ទើបធ្វើឲ្យតារាចម្រៀង លោក ម៉ានិត ត្រូវបានមនុស្សជាច្រើនរិះគន់ជាមួយនិងរូបរាងខាងក្រៅរបស់គាត់ ។ យោងតាមការបង្ហោះរបស់ម្ចាស់បទ "អន់ចិត្ត" រូបនេះបានលើកឡើងនៅលើគណនីអុិនស្រ្តាក្រាមរបស់ខ្លួនថា "ប្រហែលជាបួនឆ្នាំមុន ខ្ញុំគឺជាមនុស្សម្នាក់ដែលរស់នៅជាមួយនឹងភាពអៀនខ្មាស។ ទោះបីជាច្រៀងពិរោះ មានសមត្ថភាពយ៉ាងណាក៏ដោយ ក៏មនុស្សជាច្រើននៅតែលេងសើចលើរូបរាងរបស់ខ្ញុំ ហើយចាត់ខ្ញុំជាតួកំប្លែង។ គេថាឲ្យខ្ញុំថា រាងអ៊ីចឹង ចង់ធ្វើអ្នកចម្រៀង? បើខ្ញុំដូចគាត់ ខ្ញុំនៅផ្ទះបុកគ្រឿងហើយ។ កាលនៅក្មេងមិនសូវចាប់អារម្មណ៍ទេ តែក្រោយមកឈឺចិត្តខ្លាំង ហាស់ៗ ឈឺចិត្តដែលគេយករូបរាងយើងទៅលេងសើចនៅមុខមហាជន លើឆាកតន្ត្រីផ្សាយផ្ទាល់ នៅក្រោយឆាក ឬសូម្បីពេលកំពុងញ៉ាំអាហារ។ ក្រោយមកក៏សម្រេចចិត្តទៅហាត់ប្រាណ ព្រោះលើសខ្លាញ់ និងជាតិអាស៊ីតច្រើន ខ្ញុំដឹងថាខ្ញុំមិនអាចបណ្ដោយខ្លួនយ៉ាងនេះទេ" ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
អតីតតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះបន្ថែមទៀតថា "ទោះបីមិនដើម្បីស្អាត ក៏ដើម្បីសុខភាពដែរ។ ដូច្នេះខ្ញុំក៏ចាប់ផ្ដើមទៅហាត់ប្រាណ ដោយមានគ្រូបង្វឹកផ្ទាល់ខ្លួនជារៀងរាល់ថ្ងៃ។ ទៅហាត់ម្នាក់ឯង ថ្ងៃខ្លះសន្លប់ មុខឡើងស្វាយ ដើរមិនចង់រួច ស្រែកយំស្ពឹករហូតទះកំផ្លៀងខ្លួនឯងម្ភៃដៃក៏មាន ព្រោះស្ត្រេសខ្លាំង នៅពេលដែលត្រូវតមអាហារច្រើនមុខ ឈឺចុកពេញខ្លួន ហើយមិនសូវមានកម្លាំងទៅធ្វើការ មិនទម្លាប់នឹងរបបអាហារថ្មី។ 6ខែដំបូងដែលទៅហាត់ប្រាណ មានអារម្មណ៍ដូចគេធ្វើទារុណកម្ម។ តែថ្ងៃនេះជាថ្ងៃគម្រប់1ឆ្នាំនៃការហាត់ប្រាណដ៏ស្វឹតស្វាញ ដ្បិតមិនទាន់បានសម្រេចមួយរយភាគរយ តែខ្ញុំបានឃើញខ្លួនឯងប្រែប្រួល ដើរលឿនជាងមុន លើកអីវ៉ាន់បានធ្ងន់ជាងមុន មិនខ្ជិលច្រអូស ដកដង្ហើមបានធូរជាងមុន ខ្លាញ់និងជាតិអាស៊ីតក៏ល្អមកវិញ សំខាន់ច្រៀងពិរោះជាងមុន ហាស់ៗ។ អ្នកដែលសួរថា ហេតុអ្វីខ្ញុំស្រក នេះហើយគឺជាហេតុផល ហាត់ប្រាណដោយត្រឹមត្រូវ និងមិនបានប្រើថ្នាំសម្រកអ្វីទាំងអស់។ អរគុណគ្រប់គ្នាដែលស្រលាញ់ខ្ញុំ។ ដំណើរផ្លាស់ប្ដូររូបរាងរបស់ខ្ញុំមានរឿងច្រើនណាស់ បើអ្នកចង់ដឹង ថ្ងៃក្រោយ ខ្ញុំនឹងប្រាប់អ្នក" ៕
ដោយ ៖ គន្ធា