បន្ទាយមានជ័យ)៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនយុវជនឈាមរាវ១ក្រុម មានគ្នា៦នាក់ ម្នាក់ទៀតរត់គេច នៅល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ តាមបណ្តោយមហាវិថី៧មករា ចំណុចមុខសួនស្នេហ៍ជនបទ ស្ថិតក្នុងភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បន្ទាប់ពីបានវាយកាប់ចាក់លើដៃគូប្រកួត របស់ខ្លួនបណ្តាលឲ្យរងរបួសធ្ងន់។ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនហើយ អោយក្រុមដៃដល់ធ្វើត្រាប់ឡើងវិញចំពោះសកម្មភាពទាំងនេះ។
លោក សិទ្ធ ឡោះ ស្នងការរងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា យុវជនរងគ្រោះឈ្មោះ ភួង ឡៃយីន អាយុ១៧ឆ្នាំ រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ បានជិះរត់ចេញដើម្បីគេចខ្លួន តែត្រូវបានភាគីប្រកួតយកដំបង កាំបិត វាយនិងកាប់បណ្តាលឲ្យដួលដេកលើដីរងរបួសធ្ងន់។ លោកបន្តថា ម៉ូតូជនរងគ្រោះក៏ត្រូវបានគេវាយកម្ទេច ឲ្យរងការខូចខាតយ៉ាងដំណំ និងជិះយកទៅផ្លុងចោល នៅមាត់អូរក្រៅភូមិ ដើម្បីបំបាត់ដានសមត្ថកិច្ច។ តែដោយមានការស្រាវជ្រាវយ៉ាងម៉ឺងម៉ាត់ពីកម្លាំងជំនាញនគរបាល ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ អាត់ ខែម បានឃាត់បក្ខពួកក្មេងទំនើងបាន៥នាក់ ជាបន្តបន្ទាប់និងបានយកម៉ូតូជនរងគ្រោះមកវិញ ដោយឡែកបក្ខពួកម្នាក់ទៀតកំពុងគេចខ្លួន។ លោក សិទ្ធ ឡោះ បានបន្តថា ក្មេងទំនើងទាំង៥នាក់ ដែលឃាត់ខ្លួនបានមាន ទី១. ឈ្មោះ ប៉ាន នូលឿន អាយុ១៩ឆ្នាំ (ជាជនដៃដល់) ទី២. ឈ្មោះ ប្រាក់ ឌិចសា ហៅកាត់ អាយុ១៩ឆ្នាំ (ទើបមកពីប្រទេសថៃ) ជាជនដៃដល់, ទី៣. ឈ្មោះ លើត និត អាយុ១៨ឆ្នាំ (ជាបក្ខពួក), ទី៤. ឈ្មោះ ដាវ វុទ្ធី អាយុ១៩ ឆ្នាំ, ទី៥. ឈ្មោះ ហួត ប៉ាវ ហឌី អាយុ២២ឆ្នាំ និងទី៦. ឈ្មោះ យី (មិនទាន់ស្គាល់ត្រកូល) កំពុងរត់គេចខ្លួន។
ជនល្មើសខាងលើនេះ រស់នៅភូមិសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ បច្ចុប្បន្នក្មេងទំនើងទាំង៥នាក់ សមត្ថកិច្ចការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តចាត់ការតាមនីតិវិធីច្បាប់៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី