CamNews

កំសាន្ត 

ស៊ឹម សូលីកា លែងខ្លាច កាមេរ៉ាអ្នកកាសែត ខណៈទ្រនំស្នេហ៍ ធ្លាយដំណឹងបែកបាក់

ភ្នំពេញ៖ តារាសម្ដែង និងជាពិធីការិនី ដ៏មានឥទ្ធិពល ក្នុងស្ថានីយ ទូរទស្សន៍ បាយ័ន អ្នកនាង ស៊ឹម សូលីកា ដែលកន្លងមកធ្លាប់តែដើរ គេចពី កាមេរ៉ា អ្នកសារព័ត៌មាន មិនឲ្យផ្ដិតយករូបភាពនោះ ពេលនាងចូលរួម កម្មវិធីរបស់ អ្នកសិល្បៈផ្សេងៗ ប៉ុន្តែពេលនេះគេសង្កេតឃើញថា តារាស្រីមានមន្តស្នេហ៍ រយពាប់រូបនេះ លែងគេចចេញពីការ តាមប្រមាញរូបថតរបស់អ្នកកាសែតទៀតហើយ ។

ស៊ឹម សូលីកា ត្រូវបានគេដឹងជាទូទៅថា តាំងពីក្លាយខ្លួន ជាពិធីការិនី និងមានអំណាចធំដុំ ធ្វើឲ្យគេខ្លបខ្លាចគ្រប់គ្នា ដោយមានគូស្នេហ៍ នៅពីក្រោយខ្នង ក្នុងទ្រនំការងារជាមួយគ្នានោះមក ហាក់ធ្វើឲ្យអ្នកនាង មិនដែលមានសេចក្ដីសុខផ្លូវចិត្តឡើយម្ដងណាឡើយ ។ ជារឿយៗ ស៊ឹម សូលីកា បានបង្ហាញអារម្មណ៍ សោកសៅតាមបណ្ដាញ សង្គមហ្វេសប៊ុក ដោយលើកយកបញ្ហាក្នុងគ្រួសារ និងស្នេហា ពោរពេញដោយរនាំងវណ្ណៈ ឲ្យមហាជន និងអ្នកនិយមបណ្ដាញសង្គមមួយនេះ បានដឹង ។

តែអ្វីដែលគេកត់សម្គាល់ ស៊ឹម សូលីកា បានកាត់ផ្ដាច់ខ្លួនទាំងស្រុង ពីប្រព័ន្ធផ្សព្វផ្សាយ ពោលគឺមិនដែលផ្ដល់ បទសម្ភាសន៍ដល់បណ្ដាញ សារព័ត៌មានណាមួយឡើយ ។ ព័ត៌មានដែលទទួលបាន ភាគច្រើនពីអ្នកជិតសិ្នទ្ធនាង ឬ ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង តែប៉ុណ្ណោះ។ បើសិនជា ស៊ឹម សូលីកា ចូលរួមក្នុងកម្មវិធី អ្នកសិល្បៈនានា នាងមិនសូវឲ្យ អ្នកកាសែតថតរូបនាង ផ្ដេសផ្ដាសឡើយ តែងតែព្យាយាមគេចជានិច្ច ។

ថ្មីៗនេះ ប្រភពដ៏កក់ក្ដៅមួយ បាននិយាយថា ស៊ឹម សូលីកា បានបែកបាក់ស្នេហានោះហើយ អ្នកនាងហាក់ផ្លាស់ប្ដូរឥរិយាបថ ចំពោះអ្នកសារ ព័ត៌មាននានា ដែលនាងបែរជាកាច់រាង ចំពោះ កាមេរ៉ា អ្នកសារព័ត៌មាន ដោយមិនមានជំងឺចាញ់កាមេរ៉ា ដូចមុនឡើយ ។ ស៊ឹម សូលីកា បានបង្ហាញទឹកមុខញញឹមញញែម ធ្វើឲ្យអ្នកសារព័ត៌មាន ស្រឡាំងកាំង គ្រប់ៗគ្នា ព្រោះតែអ្នកនាង ផ្លាស់ប្ដូរ១៨០ដឺក្រេ តែម្ដង ។

ថ្វីត្បិតអ្នកនាង យល់ព្រមឲ្យថតរូប ប៉ុន្តែ ស៊ឹម សូលីកា នៅតែមិនព្រមផ្ដល់បទសម្ភាសន៍ឡើយ ព្រោះហាក់មិនទាន់ជាស្បើយ មួយរយភាពរយ ពីទម្លាប់ចាស់នៅឡើយ ៕


ផ្ដល់សិទ្ធិដោយ ៖ lookingtoday


Tags: Star News Khmer Star Solika