កូរ៉េ ៖ វាពិតជាពិបាកក្នុងការពណ៍នាថា អំពីការឈឺចាប់ចំពោះការបាត់បង់សមាជិកក្រុមដ៏ឆ្នើមម្នាក់ ដែលមិនបានត្រលប់មកវិញជារៀងរហូត ។ អ្វីដែលកាន់តែរំជួលចិត្តជាងនេះទៅទៀត SHINee ធ្លាប់តែមានសមាជិកចំនួន ៥ នាក់ ប៉ុន្តែបែរជាត្រូវឡើងឆាកតែ ៤ នាក់ ជាមួយនិងអារម្មណ៍សោកសៅ និងឈឺចាប់បំផុត ។
ប្រភពផ្លូវការរបស់ប្រទេសកូរ៉េបានលើកឡើងថា លោក Key, Onew, Taemin និង Minho បានធ្វើការរក្សាកាលបរិឆ្ឆេទនៃការសម្តែងជុំវិញពិភពលោករបស់ខ្លួន មុនពេលដែល Jonghyun បានបាត់បង់ជីវីត នៅក្នុងខែធ្នូ ។
ការសម្តែងនោះត្រូវបានដាក់ឈ្មោះថា "SHINee World the best 2018" ដែលបានចាប់ផ្តើមដំបូងនៅក្នុងប្រទេសជប៉ុន កាលពីថ្ងៃទី ១៧ និង ១៨ ខែកុម្ភៈ កន្លងទៅនេះ ។ ការប្រគុំតន្រ្តីនេះ ត្រូវបានធ្វើឡើងជាលើកដំបូងដោយក្រុម SHINee ត្រូវបានសម្តែងត្រឹមតែ ៤ នាក់ព្រោះ Jonghyun បានលាចាកទៅគ្មានថ្ងៃត្រលប់មកវិញនោះឡើយ ។
ភ្លាមៗនោះក្រុមអ្នកគាំទ្របានស្រែកយំ ក្រោយពី SHINee បានរក្សាកន្លែងរបស់ Jonghyun ដោយដាក់ក្បាលមីក្រូឲ្យនៅដដែល ទោះបីជាតារាចម្រៀងរូបនេះ មិនអាចបង្ហាញខ្លួនក៏ដោយចុះ ។ មិនត្រឹមតែប៉ុណ្ណោះ សមាជិកក្រុមទាំងអស់របស់ SHINee ក៏ស្រក់ទឹកភ្នែកទាំងអួលដើម គ មិនឈប់ក្នុងកំឡុងពេលសម្តែងនៅលើឆាកផងដែរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo