(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលនៃកម្ពុជា គ្រោងនឹងរាំបទ “រាំអ៊ីចេះ” របស់លោក ព្រាប សុវត្ថិ និងកញ្ញា ឱសុគន្ធកញ្ញា នៅក្នុងព្រឹត្តិការអង្គរសង្ក្រាន្ដ ខាងមុខបន្ទាប់ពីបទ «រាំញីកែងជើង» របស់លោក ងួត ចាន់ដេវីត និងអ្នកនាងពេជ្រសោភា។
ការថ្លែងបែបនេះរបស់សម្ដេចតេជោ ធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតីបើកការដ្ឋាន សាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រុងខ្សែទី២ កំណាត់ទី១ ដែលផ្លូវទាំងពីរកំណាត់មានប្រវែងសរុបជិត ២៧គីឡូម៉ែត្រ ចំណាយថវិកាសាងសង់សរុបជាង៧០លានដុល្លារអាមេរិក នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧។
សម្ដេចតេជោបានមានប្រសាសន៍ថា «ឆ្នាំទៅមានបទ រាំញីកែជើង របស់ដេវីត និងពេជ្រសោភា ដល់ឆ្នាំនេះវិញមានបទរាំអ៊ីចេះតែមិនទាន់បានឃើញបទនេះនៅឡើយទេ តែឲ្យបទណាបទខ្មែរជាអ្នកបង្កើត និងជម្រុញឲ្យនាំគ្នារាំទាំងអស់ ញីកែងជើងរួចហើយ ឥឡូវមានបទរាំអញ្ជេកៗម្ដង»។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៦បទ «រាំញីកែងជើង» របស់លោក ដេវីត និងអ្នកនាងពេជ្យ សោភា មានការគាំទ្រខ្លាំងរហូតដល់សម្ដេចតេជោបានចូលរួមរាំលេង និងប្រកាសឲ្យបងប្អូនខ្មែររាំលេងកំសាន្ដទៀតផង។
ជាមួយគ្នានេះដែរក្នុងឆ្នាំ២០១៧ ឆ្នាំថ្មីខាងមុខនេះសម្ដេតេជោ គ្រោងនឹងរាំបទ «រាំអ៊ីចេះ» របស់លោក ព្រាប សុវត្ថិ និងកញ្ញា ឱកសុគន្ធ កញ្ញា វិញម្ដង៕