CamNews

តារា 

ពេជ្រ អាវីហ្សា ភ័យព្រួយរឿងសុវត្ថិភាពផ្ទាល់ ក្រោយអតីតសង្សារ...

(ភ្នំពេញ)៖ តារាសម្ដែងបែបសិចស៊ី មានមុខមាត់កូនកាត់ចិន កញ្ញា ពេជ្រ អាវីហ្សា បានបង្ហើបឲ្យដឹងថា នៅរយៈកាល៣ឬ៤សប្ដាហ៍ខាងមុខនេះ នាងនឹងត្រូវចូលខ្លួនទៅកាន់តុលាការ ក្រុងព្រះសីហនុជាថ្មី ម្ដងទៀត ជុំវិញបណ្ដឹងរឿងបុរសជាអតីតសង្សារ ដែលបានប្រើអំពើហិង្សា យ៉ាងព្រៃផ្សៃលើរូបនាង បណ្តាលឲ្យរបួសស្ទើរសុះសាច់ កាលពីយប់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងទឹកដីខេត្តព្រះសីហនុ ខណៈដែលការភ័យព្រួយរឿងសុវត្ថិភាពផ្ទាល់ ខ្លួននៅតែបន្តកើតមានចំពោះខ្លួន នៅពេលដែលអតីតសង្សាររបស់នាងរួចទោស ចេញពីពន្ធនាគារ។

ថ្លែងប្រាប់ Khmertalking ក្នុងពេលបង្ហាញវត្តមានចូលរួម សម្ពោធបញ្ចាំងរឿង «កំពូលល្ងង់នៅអាស៊ី» នាយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅផ្សារទំនើប អេអនម៉ល តារាសម្ដែងសាច់សខ្ចី ដូចបណ្ដូលចេក កញ្ញា ពេជ្រ អាវីហ្សា បានឲ្យដឹងថា ប្រហែលជា៣ឬ៤សប្ដាហ៍ខាងមុខនេះ នាងនឹងទៅខេត្តព្រះ សីហនុ ដើម្បីចូលបំភ្លឺនៅក្នុងតុលាការជាថ្មី លើករណីហិង្សាយ៉ាងដំណំ លើរូបនាង ខណៈដែលអតីតសង្សាររបស់នាង កំពុងតែជាប់ឃុំ នៅទីនោះស្រាប់។

ពេជ្រ អាវីហ្សា និយាយថា « ច៎ា..!បង តុលាការគេកោះហៅខ្ញុំឡើងទៅជាថ្មី ដើម្បីកាត់ក្ដី ប្រហែលជា៣អាទិត្យ ឬ៤អាទិត្យខាងមុខ។ បើនិយាយទៅចិត្តរបស់ខ្ញុំ ចង់ទុកឲ្យច្បាប់ជាអ្នកកាត់ទោសគាត់ តាមនិតិវិធី ខ្ញុំអត់បានប្ដឹងទាមទារអ្វីទៀតទេ ព្រោះខ្ញុំគិតថា នៅពេលដែលខ្ញុំទាមទារសំណង គឺនៅពេលដែលគាត់(អតីតសង្សារ) ចេញមកវិញ សុវត្ថិភាពរបស់យើង គឺមើលអត់ឃើញ អ៉ីចឹងខ្ញុំមានការភ័យព្រួយកន្លែងហ្នឹង, អ៉ីចឹងខ្ញុំទុកឲ្យច្បាប់កាត់ទៅចុះ.!»។

តារាសម្ដែង ដែលទើបតែព្យាបាលផ្ទៃ មុខជាសះស្បើយថ្មីៗនេះ នាង ពេជ្រ អាវីហ្សា បានបន្ថែមទៀតថា «មូលហេតុដែលនាង មិនទាមទារសំណងជំងឺចិត្ត គឺដោយហេតុថា នាងមិនចង់ឲ្យមានគំនុំគុំគួន គ្នាទៅវិញទៅមករវាងនាង និងអតីតសង្សារ ក្រោយពេលដែលរូបគេ ចេញពីគុកមកវិញ ព្រោះការមិនប្ដឹងទាមទារអ្វីបន្ថែម អាចជាសញ្ញាអនុគ្រោះមួយ ដែលខាងភាគីបង្ក ត្រូវយល់ពីទឹកចិត្តរបស់នាង ដែលមិនចង់ចងគំនុំ ឬចង់ចាញ់ចង់ឈ្នះគ្នានោះ។

ពេជ្រ អាវីហ្សា និយាយទៀតថា «អ្វីដែលខ្ញុំភ័យខ្លាច គឺខ្ញុំមិនចង់ទាមទារពីគេតែម្ដង បើខ្ញុំធ្វើអ៉ីចឹងទៅ ខាងនោះក៏គេយល់ដែរ បើខ្ញុំអត់ទាមទារអ្វី ហើយមួយទៀត បុគ្គលហ្នឹងអត់មានលុយទេ។ ប៉ុន្តែទោះបីជាខ្ញុំមិនទាមទារអ្វី ក៏ខ្ញុំមិនសុំអន្តរាគម ដកពាក្យបណ្ដឹង ឬជួយសម្រួលតាមផ្លូវណាមួយដែរ គឺទុកឲ្យច្បាប់ជាអ្នកចាត់ចែង !»។

សូមបញ្ជាក់ថា តារាសម្តែង កញ្ញា ពេជ្រ អាវីហ្សា បានរងរបួសផ្ទៃមុខ ដោយដាច់រយៈ និងមានស្លាកស្នាមជាំលើដងខ្លួនយ៉ាងធ្ងន់ធ្ងរ ដោយការប្រើអំពើហិង្សា ពីសំណាក់អតីតសង្សាររបស់នាង នាពីយប់ថ្ងៃទី១៣ខែវិច្ឆិកា នៅក្លឹបLV ក្នុងខេត្តព្រះសីហនុ ខណៈដែលនាងបានធ្វើដំណើរទៅកម្សាន្ត ក្នុងឱកាសបុណ្យអំទូកថ្ងៃទី១ ជាមួយមិត្តភក្តិរបស់នាង។

ស្រីស្រស់ ពេជ្រ អាវីហ្សា បានលើកឡើងថា ស្នាមរបួសនេះបានកើតឡើង ដោយលោក គៀង ហេង ដែលជាអតីតសង្សារ បានមកស្ទាក់វាយនាងបណ្តាលឲ្យរបួស ហើយនាងក៏សម្រេចចិត្តទម្លាយរឿងនេះ មកឲ្យប្រិយមិត្តបានដឹងដោយសារលោក គៀង ហេង បានវាយធ្វើបាបនាងជាច្រើនដងមកហើយ និងបានគំរាមកំហែងទៀត ព្រោះលោក ហេង មានកាំភ្លើងជាប់ខ្លួន។

យ៉ាងណាមិញ បន្ទាប់ពីមានករណីផ្ទុះហិង្សានេះឡើង សមត្ថកិច្ចខេត្តព្រះសីហនុ បានស្វែងរកឃាត់ជនបង្កភ្លាមៗផងដែរ និងបានបញ្ជូនសំណុំរឿងមកកាន់តុលាការ ចាត់ចែងបន្តទៀត។ បន្ទាប់ពីសួរនាំរយៈពេលប៉ុន្មានម៉ោង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ តុលាការខេត្តព្រះសីហនុ បានសម្រេចឃុំខ្លួន លោក គៀង ហេង អតីតសង្សាររបស់កញ្ញា ពេជ្រ អាវីហ្សា ពាក់ព័ន្ធនឹងករណីវាយដំយ៉ាងធ្ងន់ធ្ងរ ទៅលើតារាស្រីរូបនេះ។ នេះបើតាមការដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន ដែលចេញដោយចៅក្រមស៊ើបសួរ នៃតុលាការខេត្តព្រះសីហនុ លោក អ៉ី ឃាង។

លោក គៀង ហេង ដែលជាជនបង្ក និង កញ្ញា ពេជ្រ អាវីហ្សា ដែលជាជនរងគ្រោះ ត្រូវបានស្នងការនគរបាលខេត្តព្រះសីហនុ កោះហៅទៅសួរនាំនៅវេលាថ្ងៃត្រង់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ជុំវិញរឿងអំពើហិង្សា ដែលបណ្តាលឲ្យផ្អើលពេញបណ្តាញសង្គម Facebook និងប្រព័ន្ធផ្សព្វផ្សាយ ទោះបីជា លោក គៀង ហេង បានអះអាងថា គ្រួសារអ្នកទាំងពីរបានសម្រួលគ្នា ហើយកញ្ញា ពេជ្រ អាវីហ្សា មិនប្តឹងក៏ដោយ។ បន្ទាប់ពីសួរនាំ សមត្ថកិច្ចក៏បានឃាត់ខ្លួន និងបញ្ជូន ជនសង្ស័យទៅកាន់តុលាការភ្លាមៗផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Pich aviza