CamNews

តារា 

វណ្ណ វល័ក្ខ ៖ «ហេតុ​​អ្វី​បាន​ជា​ខ្ញុំ​ ត្រូវធ្លាក់​ដល់​ចំណុច​សូន្យ​បែប​នេះ​?»

(ភ្នំពេញ)៖ តារាសម្តែង និយមកាស្លៀកពាក់សិចស៊ី សាច់សម៉ដ្ឋរ​លោង កញ្ញា វណ្ណ វល័ក្ខ ថ្មីៗនេះ​ បានបញ្ចេញសារខូចចិត្ត ជាបន្តបន្ទាប់ ខណៈស្នេហារបស់នាង ក៏ត្រូវបានជួបរឿងប្រេះឆា ប្រៀបបានដូចជាស្នេហាភ្លើងចំបើង ឆេះមួយឆាវ ក៏រលត់ទៅទៅវិញ។ មិនតែប៉ុណ្ណោះ តារាស្រី វណ្ណ វល័ក្ខ ក៏បា​នត្អួញត្អែ ប្រាប់ពីខ្សែជីវិតរបស់ខ្លួនថា បច្ចុប្បន្ននាងកំពុងតែធ្លាក់ខ្លួន ដល់ចំណុចសូន្យ ស្ទើរហៅ​មិនឮទៅហើយ។

តារាសម្ដែងសិចស៊ី វណ្ណ វល័ក្ខ បានសរសេរបង្ហោះសារ នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្មីៗនេះថា «ហត់នឿយ នឹងការគិតពីរឿងអត់ប្រយោជន៍ រាល់ថ្ងៃខ្លាំងណាស់ ហេតុអីបានជាខ្ញុំ ត្រូវធ្លាក់ដល់ចំណុចសូន្យ បែបនេះ? ពិតជាទទួលយកអត់បានមែន មនុស្សដូចខ្ញុំ មិនគួរដើរដល់ចំណុចហ្នឹងទេ ត្រូវតែងើបឡើង ហើយក៏ត្រូវតែខ្ពស់ជាង មីអស់ហ្នឹង ដែលសន្យានឹងខ្លួនឯង!»។

ជាមួយការបង្ហាញពីអារម្មណ៍ ហាក់មានវិបត្តិផ្លូវចិត្ត ស្ទើររីងរៃខ្លួនបែបនេះ កញ្ញា វណ្ណ វល័ក្ខ នៅ​ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ បានថ្លែងប្រាប់គេហទំព័រ Khmertalking តាមសា​អេឡិច​ត្រូ​​និច យ៉ា​ងខ្លីថា «ខ្ញុំអត់មានរឿងអីទេបង គ្រាន់តែជួបរឿងពិបាកចិត្ត បន្តិចបន្តូចតែប៉ុណ្ណោះ»។ ​នៅ​​ពេលសួរថា តើ ល័ក្ខ មានរឿងអ្វីជាមួយនរណា? ​ ត្រង់ចំណុចនេះ ត្រូវបាន​ វណ្ណ វល័ក្ខ ឆ្លើយតបយ៉ាងលឿនថា «គ្មានទេបងខ្ញុំ សុំមិននិយាយរឿងនេះទេ!»។

សូមបញ្ជាក់ដែរថា បន្ទាប់ពីសាងសម្ព័ន្ធភាពស្នេហា ជាមួយបុរសវ័យក្មេងវ័យជាង៣០ឆ្នាំ និងជាថៅកែក្លឹបកំសាន្ត តារាសម្តែងរូបស្រស់ និយមស្លៀកពាក់សិចស៊ី កញ្ញា វណ្ណ វល័ក្ខ មុននេះបន្តិច ត្រូវបានប្រ​ភ​ពច្បាស់ការ បានទម្លាយប្រាប់ឲ្យដឹងថា រវាងទំនាក់ទំនងស្នេហារបស់នាង និង​អតី​ត​សង្សាររូបនេះ ត្រូវបានកាត់ផ្តាច់ជាផ្លូវការ​ហើយ ក្រោម​ហេតុផល​មិនចុះសម្រុងគ្នា។ ប៉ុន្តែក៏មានប្រភពខ្លះទៀត បានបង្ហើបថា ការបែកបាក់ស្នេហ៍នេះ អាចមានអ្នកទី៣​ជ្រាតជ្រែកស្នេហ៍ពួកគេ រហូតធ្វើឲ្យតារាស្រី កញ្ញា វណ្ណ វល័ក្ខ ឆ្អែតចិត្តស្ទើរឆ្កួតខ្លួន ទៅហើយ៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Van Vorleak