CamNews

តារា 

វ៉ាន់ នីឡា ដាក់​ពាក្យ​ប្ដឹង​​ជន​​អនាមិក ទៅ​សមត្ថ​កិច្ច​ក្រ​សួង​មហា​ផ្ទៃ ដែល​គំរាម​​ទម្លាយ​​រូប​ថត

(ភ្នំពេញ)៖ តារាចម្រៀងរាង​តូច​ច្រឡឹង របស់ផលិតកម្មភ្លេងរីខត កញ្ញា វ៉ាន់ នី​ឡា ដែល​​​កន្លងមក​នាង​ធ្លាប់ប្រកាស​ ប្រាប់បានមហាជន ឲ្យដឹងគ្រប់គ្នាជុំវិញសម្ព័ន្ធភាព​ស្នេហា ក្រៅឆាកជាមួយមន្រ្តីវ័យក្មេង​​ នៅក្រសួងមហាផ្ទៃ និងក៏ជាកូនមន្រ្តីធំពាក់ផ្កាយ​ផងនោះ ឥឡូវបានចេញមុខប្រកាស ដោយបង្ហាញអំពីក្តី​ព្រួយបារម្ភ​របស់ខ្លួន ខណៈថ្មីៗនេះ​​មានជន​អនាមិក​បាន​គំរាម​​ទម្លាយ​រូបថត​​អាក្រាតកាយ របស់នាងនៅលើបណ្តាញសង្គមហ្វេស ប៊ុកជាសាធារណៈ។ ​

តាមរយៈបណ្តាញសង្គម​ហ្វេសប៊ុក របស់តារាស្រី កញ្ញា វ៉ាន់ នីឡា បានលើកឡើងថា «នាងខ្ញុំសូមយកឱកាសនេះ ជម្រាបជូនពុកម៉ែបងប្អូន មិត្តអ្នកគាំទ្រទាំងអស់នូវគណនីមួយចំនួន ដែលបា​ន​ផុសរូបភាពរបស់ខ្ញុំ។ រឿងនេះបានកើតឡើង ប្រហែល៣ខែមកហើយ តាំងពីខ្ញុំបានបញ្ជាក់ជូនទស្ស​នាវដ្តីមួយ ពីការបែកគ្នារវាងខ្ញុំ និងសង្សារ (គុយសិទ្ធិសក្តិ- ប្រវត្តិពិស្តា និងជម្រាបជូនលើកក្រោយ) ហើយទោះបីមានការចុះផ្សាយ ជាបន្តបន្ទាប់ថា ខ្ញុំនិងគេនោះជានាគ្នាធម្មតា តែនោះមិនមា​នជាសំដីរបស់ខ្ញុំទេ វាជាសំដីរបស់គេ ក្នុងបំណងលប់លាង ឬបិទបាំងអ្វីមួយ..!»។

តារាស្រី​ វ៉ាន់ នីឡា បានបញ្ជាក់ថា «ដោយសារខ្ញុំស្រឡាញ់គេខ្លាំង ហើយជឿលើពាក្យលួ​ង​លោម ផ្អែមល្ហែម ទើបខ្ញុំលង់និងជឿលើគេ។ ប៉ូលិសព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្តឹងរបស់ខ្ញុំ និងកំពុងបើកការស្រាវជ្រាវ និងចាប់ជនទុរយសមកផ្តន្ទាទោសតាមច្បាប់ ពីករណីគម្រាមកំហែងចែកចាយរូប និងអ្នកពាក់ព័ន្ធចែកចាយរូប។ ខ្ញុំជឿជាក់លើច្បាប់ និងសម​ត្ថកិច្ចថា និងវែករកជនល្មើសមកផ្តន្ទាទោស ទោះបីគេជាមន្ត្រីប៉ូលិសកូនផ្កាយ កូនអ្នកមាន រស់​ក្នុងវីឡាស្កឹមស្កៃក៏ដោយ សូមផ្តល់យុត្តិធម៌ដល់នាងខ្ញុំ ជាក្មេងទន់ខ្សោយ គ្រួសារក្រីក្រ តូចទាប..!»។

ជាមួយគ្នានេះកញ្ញា វ៉ាន់ នីឡា បានបន្ថែមឲ្យដឹងថា «នាងខ្ញុំសំណូមពរ បងប្អូនក្នុងសង្គមហ្វេសប៊ុកសូមចៀសឆ្ងាយ ពាក់ព័ន្ធនឹងការចែកចាយ ឬរក្សាទុករូបអាក្រាតរបស់នាងខ្ញុំ និង សូមសំ​ណូមពរជួយសហការ ដើម្បីផ្តល់ព័ត៌មានជូនសមត្ថកិច្ច ក្នុងករណីមានការកោះហៅ។ បងប្អូនដែ​លមិនពាក់ព័ន្ធ ហើយឃើញគណនីដែលផុស ឬចែកចាយ សូមជួយប្រមូលភស្តុតាង មកឲ្យនាងខ្ញុំផង។ សូមបងប្អូនអធ្យាស្រ័យដល់ទង្វើ ខ្វះការពិចារណារបស់នាងខ្ញុំកន្លងមកនេះ!»។

វ៉ាន់ នីឡា បានសរសេរក្នុងក្ដីឈឺចាប់ទៀតថា «នេះជាមេរៀន និងរបួសដ៏ឈឺចាប់ជាទីបំផុតរបស់នាងខ្ញុំ ព្រមទាំងគ្រួសារ។ នាងខ្ញុំនឹងចេញមុខបកស្រាយ តែខណៈនេះទុកពេល ដើម្បីសមត្ថកិច្ច ធ្វើការ។ ពីនាងខ្ញុំ Vanilla.. »។

សូមបញ្ជាក់ថា ការបង្ហាញតាមរយៈសារ​របស់ វ៉ាន់ នីឡា ខាងលើនេះ គេអាចសន្និដ្ឋានបានថា មនុស្សដែលធ្លាប់ជិតស្និទ្ធ ហើយដឹងរឿងរ៉ាវជាច្រើនរបស់នាង ទើបអាចមានរូប​អាក្រាតកាយរបស់នាង ហើយនាងក៏អាចដឹងច្បាស់ដែរថា នរណាមានរូបរបស់នាង ហើយគំរាមបង្ហោះជាសាធារណៈ ក្នុងបណ្ដាញសង្គម​ហ្វេសប៊ុក ។ ប៉ុន្តែនៅ​ពេលនេះ មានតែសមត្ថកិច្ចទេ ដែលអាចរកឃើញពន្លឺ និងធ្វើការតាមជំនាញ ស្វែងរកជនលាក់មុខទាំងនោះ ខណៈដែល វ៉ាន់ នីឡា ក៏បានសារភាពកំហុសរបស់ខ្លួនថា នាងបានភ្លើតភ្លើនប្រព្រឹត្តិទង្វើ មិនគប្បីមួយចំនួន នាពេលកន្លងមក ដែលជាមូលហេតុមួយអាចជាដើមចម ក្នុងការមាន​រូបស្រាតនេះឡើង៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Vanilla Phnom penh