(ភ្នំពេញ)៖ ខ្សែបម្រើកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន បានអវត្តមានមិនអាចជួយក្រុមភ្នំពេញក្រោន ១ប្រកួតរួចមកហើយ សម្រាប់ការប្រកួតបើកឆាកលីកកំពូលកម្ពុជា រដូវកាលថ្មី កាលពីចុងសប្ដាហ៍មុន ដោយសារបញ្ហារបួស ប៉ុន្ដែក្រុមការពារតំណែងជើងឯកនេះ បានជូនដំណឹងថា ធារី នឹងចូលរួមហ្វឹក់ហាត់ឡើងវិញ នៅខែក្រោយ ហើយក៏នឹងមានរឿងចម្លែកមួយកើតឡើងស្របពេលជាមួយគ្នានោះដែរ ។
គួរបញ្ជាក់ថា កីឡាករកូនកាត់រូបនេះ មានរបួសជង្គង់អំឡុងពេលជួយក្រុម Cambodia All Stars ប្រកួតមិត្តភាពជាមួយក្រុមជើងឯក និងក្រុមជើងឯករងលីកកំពូលថៃ កាលពីខែមករាកន្លងទៅ ។ របួសនេះ បានរំខាន ធារី មិនអាចចូលរួមហ្វឹកហាត់ធម្មតាបានឡើយ ហើយថែមទាំងទទួលបានការត្រួតពិនិត្យយ៉ាងចិត្តទុកដាក់ពីសំណាក់ គ្រូពេទ្យជំនាញទៀតផង ។
ប្រភពព័ត៌មានពីក្លឹបភ្នំពេញក្រោន បានឲ្យដឹងថា «ធារី ត្រៀមត្រឡប់ចូលហ្វឹកហាត់ជាមួយក្រុមឈុតធំនាខែក្រោយ ដោយកីឡាកររូបនេះកំពុងតែព្យាយាមឲ្យជាពីរបួសជ ង្គង់ក្នុងការបំពេញភារកិច្ចជាមួយក្រុម Cambodia All Stars កាលពីខែមករា ។ ធារី បានត្រឹមអង្គុយមើលក្នុងការប្រកួត C-League ជាមួយក្លឹប Cambodian Tiger កាលពីសប្ដាហ៍មុន ប៉ុន្ដែគេអាចនឹងអវត្តមាន ២ប្រកួតបន្ទាប់ទៀតផងដែរ» ។
ប៉ុន្ដែអ្វីដែលសំខាន់ ក្លឹបជើងឯកលីកកំពូលកម្ពុជា ៦សម័យកាលនេះ បានបញ្ជាក់ថា «ប្រសិនជាអ្នកគាំទ្របានឃើញកីឡាករ ធារី ហ្វឹកហាត់ពេលថ្មីៗកន្លងមក លោកអ្នកនឹងបានឃើញ ធារី ហ្វឹកហាត់ដោយពាក់ស្រោមមុខ ដែលនេះជាវិធីក្នុងការបង្កើនសមត្ថភាពសួត និងការដកដង្ហើម ។ នេះជាវិធីមួយដែលកីឡាកររូបនេះ ធារី ព្យាយាមដើម្បីឲ្យ Fit ហើយចូលរួមជាមួយក្រុមឲ្យបានឆាប់» ។
គួរបញ្ជាក់ថា នៅថ្ងៃទី២៦ ខែកុម្ភៈនេះ ក្រុមភ្នំពេញក្រោន ត្រូវធ្វើការប្រកួតទី២ ក្នុងជើងទី១ នៃពាន C-League រដូវកាលថ្មី ជាមួយនឹងក្រុមអគ្គស្នងការដ្នាននគរបាលជាតិ (ប៉ូលិស) នៅលើទីលានពហុកីឡដ្ឋានជាតិ ប៉ុន្ដែការប្រកួតនេះ ខ្សែបម្រើ ធារី ចន្ថាប៊ីន ក៏មិនទាន់អាចជួយក្រុមភ្នំពេញក្រោនបានដែរ ព្រោះរបួសជង្គង់របស់គេ មិនទាន់ជាសេះស្បើយ ១០០%នៅឡើយ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី