CamNews

តារា 

គួរ​ឲ្យ​អនិច្ចារ​! តារា​​កំប្លែង​​មាត់​ដាច សំ ប៉ូលីដា ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ​​គ្មាន​ប្រាក់​ព្យាបាល

(ភ្នំពេញ)៖ មានមហាជនជាច្រើន កំពុងតែសម្តែងក្តីអាណិតអាសូរខ្លាំង ដល់អតីតតារាសម្តែងបែបកំប្លុកកំប្លែង មាត់ដាច អ្នកនាង សំ ប៉ូលីដា ខណៈជីវិភាពរស់នៅរបស់នាង នាពេលបច្ចុប្បន្នកាន់តែធ្លាក់ដុន​ដាប់ ស្ទើរដល់ចំណុចសូន្យ រកតែជំរកគ្មាន។ មិនត្រឹមតែប៉ុណ្ណោះ កាល​ពីពេលថ្មីៗនេះ នាងបានជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ​ត្រូវគេបុកបាក់ជើង និងរងរបួសធ្ងន់ធ្ងរទៀតផង។

ថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាសិល្បៈខ្មែរមួយចំនួន បានបង្ហោះ និងបន្ត Share ចែករំលែកភ្ជាប់ជាមួយរូប​ភាព ស្ថិតក្នុងស្ថានភាពក្រលំបាក និងខ្លួនមានជំងឺរបស់អតី​តតារា​សម្តែង អ្នកនាង សំ ប៉ូលីដា ព្រមជាមួយនឹងការសេ​រសេ​រថា «ម្សិលមិញ ខ្ញុំបានបង្ហោះវីដេអូមួយ ដើម្បីស្វែ​ងរកជំនួយ​សម្រាប់បងស្រី សំ ប៉ូលីដា ដោយមិនទាន់បានរូបភាព របស់បងស្រីយកមកបង្ហា​ញ​..។ ឥឡូវបានរូបភាពហើយ គាត់កំពុងផ្ញើជីវិតនៅក្នុងភោជនីយដ្ឋាន​មួយ ដែលប្តីជាសន្តិសុខរបស់គាត់ ធ្វើការនៅទីនោះ!»។

ប្រភពដដែលនេះ បានបន្តថា កន្លែងដែល​គាត់ (​សំ ប៉ូលីដា​) កំពុងសម្រាករាល់ថ្ងៃ គឺនៅខាងក្រោយតុគិតលុយ...។ តារាស្រីម្នាក់ដែលធ្លាប់តែបង្ហាញខ្លួន គ្រប់កម្មវិធីរបស់អ្នកសិល្បៈមិនថាតូច ឬធំតាំពីខ្លួនល្បី រហូតមកដោយ​មិនធ្លាប់ប្រកាន់ឫក ក៏ចំកោងខ្លួន សព្វថ្ងៃកំពុងជួបប្រទះបញ្ហា ហិរញ្ញវត្ថុធ្ងន់ធ្ងរ គ្មានលទ្ធភាពចិញ្ចឹមកូនដល់ទៅ៤នាក់ ខណៈបងស្រីកំពុងធ្លាក់ខ្លួន មានជំងឺពុំមានលទ្ធភាពព្យាបាល បាក់ជើង គ្មានផ្ទះសំបែង កំពុងរសាត់តាមកម្មម្នាក់នេះ កំពុងត្រូវការជំនួយយ៉ាងខ្លាំង..»។

ប្រភពដដែលនេះបានបន្ថែមថា តើសប្បុរសដាច់ចិត្តឱបដៃមើល ភាពលំបាករបស់បងស្រីឬយ៉ាងណា? សប្បុរសជនដែលមានបំណង ឧបត្ថមដល់បងស្រី សំ ប៉ូលីដា សូមមេត្តាទំនាក់ទំ​នងមកលេខ ០៩៣ ៨២២ ២៦២ ​ឬ ០៩៦ ៥០០ ៣៤៥៦ ​បងប្រុស សាន ផា​និត តារាចម្រៀង សូមអរគុណ។

សូមបញ្ជាក់ថា តារាកំប្លែង អ្នកនាង សំ ប៉ូលីដា តែងតែបង្ហាញវត្តមាន​នៅលើឆាកតន្រ្តី និងការសម្ដែងខ្សែភាពយន្ត ជាដើម ដើម្បីឲ្យបងប្អូនផ្ទុះសំណើច សើចក្អាកក្អាយ បាត់អស់ទុក្ខកង្វល់ ប៉ុន្តែរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ទស្សនិកជនពុំសូវដែលបានឃើញតារាកំប្លែងមាត់ផុតរូបនេះ សម្ដែងទៀតឡើយ ទើបតែមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ទើបដឹងថា នាងកំពុងតែរស់នៅក្នុងស្ថានភាពក្រលំបាកខ្លាំង រហូតដល់ថ្នាក់ផ្ទះខ្លួនឯង ក៏គ្មានស្នាក់នៅនោះដែរ។ ដូច្នេះមានតែអំពាវនាវដល់មិត្តសិល្បៈដូចគ្នា ក៏ដូចជាសប្បុរសជនទាំងក្នុង និងក្រៅប្រទេស មេត្តាជួយដល់នាង ក្នុងនាមជាខ្មែរដូចគ្នា ក្នុងគ្រាមានទុក្ខលំបាក ខណៈដែលមហាជនស្ទើរតែមិនជឿសោះថា ជីវិតរបស់តារាកំប្លែងមានឈ្មោះ​ល្បីរាប់ឆ្នាំ លំដាប់ប្រទេសម្នាក់នេះ ធ្លាក់ខ្លួនដល់ថ្នាក់​នេះ​ទាល់តែសោះ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី