CamNews

រូបភាពផ្សេងៗ 

Brands ក្រុមហ៊ុនទាំង១០ ដែលមានតម្លៃខ្ពស់បំផុតក្នុងលោក ប្រចាំឆ្នាំ២០១៦នេះ

(ភ្នំពេញ)៖ យោងតាមស្ថាប័នវាយតម្លៃស្លាកសញ្ញា (Brands) ជាសកល បានឲ្យដឹងថា ក្រុមហ៊ុន Apple ជា Brands ដែលមានតម្លៃថ្លៃជាងគេបំផុត និងឈរនៅលេខរៀងទី១ ជាប់ៗគ្នា៥ឆ្នាំ ដោយគិតទាំងឆ្នាំ២០១៦នេះផងដែរ។

ខាងក្រោមនេះ គឺជា Brands ក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតទាំង១០ ប្រចាំឆ្នាំ២០១៦ ត្រូវបានចេញផ្សាយដោយទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិក Forbes៖

០១) ក្រុមហ៊ុន Apple

Apple ជាក្រុមហ៊ុនផលិតស្មាតហ្វូនធំលំដាប់ទី២ ប៉ុន្តែស្លាកសញ្ញារបស់ក្រុមហ៊ុនមួយនេះ ត្រូវបានស្ថាប័នវាយតម្លៃស្លាកសញ្ញាជាសកល ផ្ដល់តម្លៃឲ្យរហូតដល់ ១៥៤.១ពាន់លានដុល្លារ បើធៀបនឹងឆ្នាំមុន កើនឡើង៦ភាគរយ។

០២) ក្រុមហ៊ុន Google

ជាក្រុមហ៊ុនផ្ដល់សេវាកម្ម Search Engine ធំជាងគេបំផុតនៅក្នុងពិភពលោក ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៨ ដោយនៅឆ្នាំនេះ ស្លាកសញ្ញាក្រុមហ៊ុន Google មានតម្លៃ ៨២.៥ពាន់លានដុល្លារអាមេរិក។

០៣) ក្រុមហ៊ុន Microsoft

ជាក្រុមហ៊ុនបង្កើតឡើង ដោយកំពូលមហាសេដ្ឋីបោះបង់ការសិក្សាលោក Bill Gates។ មកដល់ពេលនេះ Microsoft រកចំណូលបានជាង ៨៧ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ខណៈដែលតម្លៃនៃស្លាកសញ្ញា ត្រូវបានគេផ្ដល់តម្លៃឲ្យ ៧៥.២ពាន់លានដុល្លារអាមេរិក។

០៤) ក្រុមហ៊ុន Coca-Cola

ជាក្រុមហ៊ុនភេជ្ជដែលលក់ដាច់ជាងគេបំផុតនៅជុំវិញពិភពលោក។ នៅឆ្នាំនេះ ស្លាកសញ្ញាក្រុមហ៊ុន Coca-Cola បានធ្លាក់ចុះពីលេខរៀងទី៣ មកដល់នៅទី៤ ជាមួយនឹងតម្លៃ ៥៨.៥ពាន់លានដុល្លារអាមេរិក។

០៥) ក្រុមហ៊ុន Facebook

ជាបណ្ដាញទំនាក់ទំនងសង្គមយក្ស ដោយបច្ចុប្បន្នមានអ្នកប្រើប្រាស់រហូតដល់ ១.៧ពាន់លាននាក់ ស្មើនឹង ១ភាគ៧នៃជាជនទូទាំងពិភពលោក។ បណ្ដាញសង្គមមួយនេះ បានធ្វើឲ្យលោក Mark Zuckerberg ក្លាយជាកំពូលមហាសេដ្ឋីវ័យក្មេង។ នៅឆ្នាំនេះ ស្លាកសញ្ញា Facebook មានតម្លៃ ៥២.៦ពាន់លានដុល្លារអាមេរិក។

០៦) ក្រុមហ៊ុន Toyota

ជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ជប៉ុន ព្រមទាំងធ្លាប់ជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតកាលពីឆ្នាំ ២០១២។ ស្លាកសញ្ញា Toyota សម្រាប់ឆ្នាំនេះ មានតម្លៃ ៤២.១ពាន់លានដុល្លារអាមេរិក ដោយបានកើនឡើង ១១ភាគរយ។

០៧) ក្រុមហ៊ុន IBM

ជាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក បច្ចុប្បន្នមានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉ក។ បច្ចុប្បន្នក្រុមហ៊ុន IBM បានផ្ដោតសំខាន់ទៅលើទីផ្សារកុំព្យូទ័រនៅអាមេរិក ដោយកាលពីឆ្នាំ ២០១៥ រកចំណូលបាន ៨១ពាន់លានដុល្លារអាមេរិក។ នៅឆ្នាំនេះ ស្លាកសញ្ញា IBM មានតម្លៃ ៤១.៤ពាន់លានដុល្លារអាមេរិក។

០៨) ក្រុមហ៊ុន Disney

ជាក្រុមហ៊ុនផលិតភាពយន្តគំនូរជីវចលដ៏ធំមួយ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩២៣។ កាលពីឆ្នាំ ២០១៥ រកចំណូលបាន ៥២.៤ពាន់លានដុល្លារអាមេរិក និងចំណេញ ៩ពាន់លានដុល្លារអាមេរិក។ នៅឆ្នាំនេះ ស្លាកសញ្ញា Disney មានតម្លៃ ៣៩.៥ពាន់លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំមុន កើនឡើង ១៤ភាគរយ។

០៩) ក្រុមហ៊ុន McDonald’s

ជាក្រុមហ៊ុនផលិតនំ Hamburger ធំជាងគេបំផុត ដោយរៀងរាល់ថ្ងៃមានអតិថិជនជាវនំពីហាង McDonald’s ចំនួន ៦៨លាននាក់។ បើទោះបីជាប្រាក់ចំណូលរបស់ក្រុមហ៊ុនមួយនេះ បានកើនឡើងនៅប៉ុន្មានឆ្នាំចុងក្រោយនេះក្ដី ប៉ុន្តែស្លាកសញ្ញារបស់ McDonald’s នៅតែបន្តធ្លាក់ចុះ ដោយនៅឆ្នាំនេះ មានតម្លៃ ៣៩.១ពាន់លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំមុន បានធ្លាក់ចុះ ១ភាគរយ។

១០) ក្រុមហ៊ុន GE

មានឈ្មោះពេញ General Electric ប៉ុន្តែភាគច្រើនគេស្គាល់ត្រឹមតែ GE ប៉ុណ្ណោះ។ GE ជាក្រុមហ៊ុនចំរុះជាតិសាស្ត្រមួយ ដោយវិនិយោគទៅលើពហុវិស័យ ដូចជាងថាមពល ទឹក ប្រេង ឧស្ម័ន ផលិតផលថែរក្សាសុខភាព និងការដឹកជញ្ជូនជាដើម។ នៅក្នុងឆ្នាំនេះស្លាកសញ្ញា GE មានតម្លៃត្រឹមតែ ៣៦.៧ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ដោយបានធ្លាក់ចុះ២ភាគរយ បើធៀបនឹងឆ្នាំមុន៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Apple CEO Tim Cook