CamNews

តារា 

ព្រឹទ្ធា​ចារ្យ​ល្ខោន​បា​សាក់ លោក​តា អ៊ុំ សាមិត្ត ​កំ​ពុង​ឈឺ​ធ្ងន់ ពេលនេះ សុះ ម៉ាច ចុះសួរសុខទុក្ខ

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានដំណឹង នៃការធ្លាក់ខ្លួនឈឺធ្ងន់ ចូលសម្រាកព្យាបាល នៅមន្ទីពេទ្យ​ពីសំណាក់ព្រឹទ្ធាចារ្យល្ខោនបាសាក់ លោកតា អ៊ុំ សាមិត្ត ដែលមានវ័យ៨១ឆ្នាំ កាលពីពេលថ្មីៗ​មកនោះ​ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ប្រធានសមាគមសិល្បករខ្មែរ ​លោក សុះ​ ម៉ា​ច បានដឹកនាំសិល្បករ-សិល្បការិនី ជាច្រើនរូប ចុះទៅសួរសុខទុក្ខ អាការៈជំងឺលោកតា អ៊ុំ សាមិត្ត ដោយផ្ទាល់ នៅមន្ទីពេទ្យកាល់ម៉ែត្រ។

លោក សុះ ម៉ាច បានថ្លែងប្រាប់ Khmertalking ឲ្យដឹងនារសៀល ថ្ងៃទី០៨ ខែវិច្ឆិកា នេះ​ថា « កាលពីព្រឹកនេះ ខ្ញុំបា​ទក្នុងនាមជា ប្រធានសមាគមសិល្បករខ្មែរ ដែលនឹងត្រូវផុតអាណត្តិ នៅដំណាច់ឆ្នាំ២០​១៦ ខាងមុ​ខនេះ និង តំណាងឲ្យសមាជិករបស់សមាគម បានដឹកនាំក្រុមប្រឹក្សា​ទៅសួរសុខទុក្ខ លោ​កតា អ៊ុំ សាមិត្ត អាយុ៨១ឆ្នាំ ព្រឹទ្ធាចារ្យល្ខោនបាសាក់ ដែលកំពុងសម្រាកព្យាបាលជំងឺសួត និងបេះដូង​នៅអគារ (ក៤) ក្នុងមន្ទីរពេទ្យកាល់ម៉ែត ក្នុងជីវភាពខ្វះខាតខ្លាំង បំផុត!»។

ប្រធានសមាគមសិល្បករខ្មែររូបនេះបានបន្តថា ក្នុងដំណើរទៅសួរសុខទុក្ខ ព្រឹទ្ធាចារ្យល្ខោនបាសា​ក់លោកតា អ៊ុំ សាមិត្ត នេះដែរ យើងក៏បានឧបត្ថម្ភថវិកា ចំនួន១៥០ដុល្លារ សម្រាប់ជួ​យចេញ ថ្លែ​ព្យា​​បាលខ្លះៗ ដល់ក្រុមគ្រួសារគាត់ ដែលថវិកាទាំងនោះ បានមកពីសប្បុរសជនដូចជា​ លោកស្រី ថុង ស៊ីវទៀង ម្ចាស់ផលិតកម្ម «ចក្រវាឡពេជ្រភាព​យន្ត» ៥០ដុល្លារ និងលោក យ៉ង ពៅ ជាតន្ត្រីករ បានជួយឧបត្ថម្ភចំនួន១០ម៉ឺនរៀល ផងដែរ។

បើតាមការឲ្យដឹង ពីសំណាក់លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ បានបន្ថែមថា «គ្រា​នោះដែរ លោក​តា អ៊ុំ សាមិត្ត និងក្រុមគ្រួសារក៏ដូចជារូបខ្ញុំ​បាទ សូមថ្លែងអំណរគុណដល់សប្បុ​រសជនទាំងអស់ ជាពិសេសបំផុតនោះ គឺសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចជាកាល សម្តេចតែងតែផ្តល់នូវសេចក្តីមេត្តា ករុណា អាណិត អាសូរប្រោសប្រណី ដល់ប្រ​ជាពលរដ្ឋខ្មែរ ក៏ដូចអ្នកសិល្បៈ ដែលជួបការលំបាកកន្លងមក ក៏ដូចជាពេលនេះ គួរឲ្យគោ​រព និងដឹងគុណបំផុត។

លោកតា ព្រមទាំងក្រុមគ្រួសារ ក៏សូមជូនពរដល់សមត្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រ​មទាំងក្រុមគ្រួសារ និងរួមទាំងសប្បុរសជនទាំងអស់ ទទួលបាននូវពុទ្ធិពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។ ម្យ៉ាងទៀតបើសប្បុជន មានបំណងឧបត្ថម្ភដល់លោកតា សូមទំនាក់ទំ​នងមកក្រុមគ្រួសារ តាមរយៈទូរស័ព្ទលេខ ០១២ ៣៦៧ ១០២៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Sous mach