(ភ្នំពេញ)៖ ពិធីបុណ្យខួបគំរប់៧ថ្ងៃ និង១០០ថ្ងៃរបស់សពអតីតតារាច្រៀង និងសម្តែងខ្មែរពីររូប គឺអ្នកស្រី ហួត សារ៉ាវឌី និងលោក រាជ បូរី កាលពីល្ងាចថ្ងៃទី២១ ខែមេសាឆ្នាំ២០១៦ម្សិលមិញ គេសង្កេតឃើញមានវត្តមាន ចូលរួមពីសំណាក់សិល្បករ-សិល្បការិនីជាច្រើន ទោះបីជាពិធីបុណ្យរបស់តារាប្រុស-ស្រីទាំងពីរខាងលើ ធ្វើឡើងស្របពេលតែមួយនិង មានទីតាំងផ្សេងក៏ពិតមែននោះ។
សម្រាប់ពិធីបុណ្យខួបគំរប់៧ និង១០០ថ្ងៃរបស់តារាសម្តែង និងចម្រៀងអ្នកនាង ហួត សារ៉ាវឌី កាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែមេសា ឆ្នាំ២០១៦ម្សិលមិញ គឺបានប្រព្រឹត្តធ្វើឡើងនៅទីតាំង បរិវេណវត្តចាក់អង្រែលើ។ នៅក្នុងពិធីបុណ្យសពអ្នកស្រី ហួត សារ៉ាវឌី នេះដែរក៏មានវត្តមានភ្ញៀវ ចូលរួមពីសំណាក់បងប្អូន ញាតិមិត្តនិងសិល្បករខ្មែរ មួយចំនួនផងដែរ។
ជាមួយគ្នានេះ កូនស្រីរបស់សពតារាសម្ដែង ហួត សារ៉ាវឌី កញ្ញា អ៊ែល សារាចាន់ បានសរសេរនៅក្នុងបណ្ដាញសង្គម Facebook ផ្ទាល់របស់ខ្លួន ដោយបានធ្វើការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់សិល្បករ-សិល្បការិនី ទាំងអស់ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ ដើម្បីមកចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារសពនៅពេលនេះ។ យ៉ាងណាមិញ កូនស្រីរបស់សព អ្នកស្រី ហួត សារ៉ាវឌី ក៏បានទទូចដល់សមត្ថកិច្ច ខេត្តព្រៃវែង ជួយស៊ើបអង្កេតករណី ស្លាប់ម្ដាយរបស់ខ្លួននេះឡើងវិញ ព្រោះការស្លាប់នេះស្ថិតនៅក្នុងការសង្ស័យ និងបង្កប់ភាពមិនប្រក្រតីច្រើន នៅក្នុងនោះ ដែលក្រុមគ្រួសារសពនៅតែមិនទាន់អស់ចិត្ត។
អ្នកស្រី ហួត សារ៉ាវឌី បានទទួលមរណភាព កាលពីថ្ងៃទី១៤ខែមេសា ឆ្នាំ២០១៦ដោយហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍អំឡុងពេលធ្វើដំណើរ ទៅលេងស្រុកកំណើតនៅឯខេត្តព្រៃវែង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង។ ចំណែកអ្នករួមដំណើរ ដែលបើកបរម៉ូតូម្នាក់ទៀត ត្រូវបានស្លាប់ក្រោយពេលបញ្ជូលដល់មន្ទីពេទ្យ។
ដោយឡែក សម្រាប់ពិធីបុណ្យខួបគំរប់៧ថ្ងៃ សពអតីតារាចម្រៀង-សម្តែង ប្រុសប្រចាំផលិតកម្មក្លាស៊ីក លោក រាជ បូរី កាលពីល្ងាចម្សិលមិញ ធ្វើឡើងក្នុងវត្តចាកអង្រែក្រោម ក៏មិនខុសគ្នាប៉ុន្មាននឹងពិធីបុណ្យ របស់អ្នកស្រី ហួត សារ៉ាវឌី ដែរ ព្រោះគេកត់សម្គាល់ឃើញថា មានវត្តមានតារាប្រុស-ស្រីរបស់ខ្មែរជាច្រើនរូប បាននាំគ្នាទៅចូលរួម។
គួររំឭកថា លោក រាជ បុរី បានទទួលមរណភាព កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ដោយសារហេតុការណ៍គ្រោះថ្នាក់ ក្រឡាប់រថយន្តនៅប៉ោយប៉ែត បន្ទាប់ពីរូបលោក និងតារាប្រុស-ស្រីប្រមាណ៣នាក់ផ្សេងទៀត ធ្វើដំណើរត្រឡប់មកពីកន្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នៅប្រទេសថៃ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង