CamNews

ព័ត៌មានជាតិ 

នគរបាលខេត្តព្រះសីហនុ តាមចាប់កូនមេ​ភូមិជើងគោ ក្រោយវាយ​សម្លាប់​មន្រ្តីយោធា នៅស្រុកព្រៃនប់

(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលស្រុកព្រៃនប់ បានធ្វើការស្រាវជ្រាវ រហូតតាមចាប់ជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធការវាយសម្លាប់មន្រ្តីយោធា។ ជនសង្ស័យរូបនេះ គឺជាកូនប្រុសកូនមេភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មន្រ្តីនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា នៅវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ មានករណីឃាតកម្មគ្រោងទុកជាមុនមួយបានកើតឡើង នៅភូមិជើងគោក ឃុំជើងគោក ស្រុកព្រៃនប់ ដែលមានជនរងគ្រោះឈ្មោះ មិត្ត វិចិត្ត អាយុ២៦ឆ្នាំ មុខរបរជាយោធា រស់នៅបច្ចុប្បន្នក្រុមទី៨ ភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់។ ជនរងគ្រោះ បានស្លាប់ក្រោយពេលបញ្ជូន​ដល់មន្ទីពេទ្យដោយមានស្លាកស្នាមនៅលើកញ្ចឹងកផងដែរ។ សពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ក្រោយពីសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យរួចមកនោះ។ ដោយឡែក នៅកន្លែងកើតហេតុសមត្ថកិច្ច បានប្រមូលដំបងជ្រុងប្រវែង១៤០cm  ស្បែកជើងផ្ទាត់ពណ៌ក្រហមចំនួន៣គូរ និងមួយចំហៀងខាងស្តាំ ហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់មកធ្វើការសាកសួរ ឈ្មោះ អោក គឹមហួរ អាយុ២១ឆ្នាំ មុខរបរមិនច្បាស់លាស់ទីលំនៅភូមិកើតហេតុ ដែលត្រូវជាកូនលោកមេភូមិជើងគោ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុនោះ មានរៀបចំពិធីការកូនអ្នកភូមិហើយក៏ឃើញមានការវាយតប់គ្នា លុះយប់ជ្រៅបន្តិចក៏នាំគ្នារំសាយ​ចេញពីរោងការស្រាប់តែមានការ​ ប្រតាយប្រតប់គ្នា ដោយដៃ និងដំបងម្តងទៀតបណ្តាលឲ្យជនរងគ្រោះដួលដេកលើដី ហើយត្រូវក្រុមជនបង្ករត់ចែកផ្លូវគ្នាតែម្តង។ ក្រោយកើតហេតុកម្លាំងនគរបាលមូលដ្ឋាន ក៏បានស្រាវជ្រាវរហូត​តាមចាប់ឃាត់ខ្លួនជនបង្កនេះភ្លាមៗផងដែរ។ នៅរសៀលថ្ងៃនេះ នគរបាលស្រុកព្រៃនប់ កំពុងបញ្ជូនជនសង្ស័យទៅកាន់ស្នងការដ្ឋានខេត្តព្រះសីហនុ ដើម្បីរៀបចំសំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តព្រះសីហនុចាត់ការតាមច្បាប់៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh