CamNews

ព័ត៌មានជាតិ 

ពិព័រណ៍​វប្បធម៌​អន្តរជាតិ លើក​ដំបូង​នៅ​កម្ពុជា ត្រូវ​បាន​ធ្វើ​ឡើង នៅ​ឌ្រីម​លែនឌ៍

ភ្នំពេញៈ ពិព័រណ៍វប្បធម៌ ចម្រុះជាតិសាសន៍ លើកដំបូងនៅកម្ពុជា ត្រូវបានរៀបចំឡើង នៅ
ក្នុងទិវាកុមារអន្តរជាតិ ថ្ងៃទី១មិថុនា ឆ្នាំ២០១៣ ក្នុងមណ្ឌលកម្សាន្ត ឌ្រីមលែនឌ៍ ដើម្បីបង្ហាញ
ដល់សាធារណជននានា សិក្សាស្វែងយល់ពីពិភពលោក មិនមែនត្រឹមតែប្រទេសកម្ពុជានោះទេ ។

ពិព័រណ៍នេះ ត្រូវបានរៀបចំ ដោយសិស្ស-និស្សិត នៃអង្គការសម្ព័ន្ធ យុវជនអន្តរជាតិ (IYS)
ក្រោមប្រធានបទ “ការស្វែងយល់ពីពិភពលោក ក្នុងរយៈពេលមួយថ្ងៃ” ដែលជាការលើកយក
មកបង្ហាញ ពីវប្បធម៌ និង របៀបរបបក្នុងការរស់នៅ របស់ប្រជាជននៅក្នុងតំបន់នានា លើពិភព
លោក ដូចជាវប្បធម៌អាស៊ី អឺរ៉ុប អាព្រិច អាមេរិក ជាដើម ។

យុវជន ឡា ឧត្តម ជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ ដែលបានស្ម័គ្រចិត្ត
ចូលរួមរៀបចំ ពិព័រណ៍បរទេសនេះ បានឱ្យដឹងថា រូបគេបានចំណាយពេល អស់ប្រមាណ២សប្តាហ៍
ដើម្បីស្រាវជ្រាវពីវប្បធម៌អាស៊ី ដែលក្នុងនោះមានប្រទេសសំខាន់ៗ ដូចជាចិន ជប៉ុន ជាដើម ដើម្បី
លើកយកមកបង្ហាញ ក្នុងពិធីតាំងពិព័រណ៍វប្បធម៌ មួយនេះ ។ ឧត្តម បាននិយាយថា “អ្នកខ្លះ គេអត់
បានទៅ (បរទេស) ឃើញផ្ទាល់ នោះទេ ហើយគេក៏អត់បានស្គាល់ ពីវប្បធម៌ប្រទេសផ្សេងៗនោះដែរ
ប៉ុន្តែបើគេមកចូលរួម ក្នុងពិធីពិព័រណ៍វប្បធម៌ គេអាចដឹងថា ប្រទេសណាមួយមានអ្វីខ្លះ គេមានរបៀប
របបរស់នៅបែបណា?” ។

ដោយឡែកយុវតី ជុំ ម៉ានី ជានិស្សិតឆ្នាំទី២ នៃវិទ្យាស្ថាន ប៊ែលធីអន្តរជាតិ ដែលបានលើកយក
វប្បធម៌ក្នុងទី្វប អាមេរិក យកមកបង្ហាញនោះ បានឱ្យដឹងថា រូបគេបានសំរិតសំរាំង ស្វែងរករបៀប
របប ក្នុងការរស់នៅ របស់ប្រជាជន ក្នុងប្រទេសមួយចំនួន ដូចជាកូឡុំបៀ និង ប៉េរូ ជាដើម ដែល
ក្នុងនោះ មានទាំងម្ហូបអាហារ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីបង្ហាញដល់ប្រជា
ពលរដ្ឋកម្ពុជា ។

លោក អ៊ី សេងលី អនុប្រធាន អង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYS) ដែលជាអ្នកផ្តួចផ្តើមរៀបចំ កម្មវិធី
នេះបានឱ្យដឹងថា ពិព័រណ៍វប្បធម៌អន្តរជាតិនេះ រៀបចំឡើងដោយសិស្ស និស្សិត និងប្រជាពលរដ្ឋខ្មែរ
សុទ្ធសាធ ជាពិសេសយុវ់ជន ស្ម័គ្រចិត្តចូលរួម ក្នុងអង្គការ IYS ដែលអង្គការបានដឹកនាំ បង្ហាត់បង្រៀន
ពួកគេទាំងស្មារតី និងចិត្តគំនិត ក្នុងរៀបចំកម្មវិធីពិព័រនេះឡើង។ លោកបន្ថែមថា កម្មវិធីនេះ ទើបតែ
បានបង្កើតឡើង ជាលើកទីមួយ ប៉ុណ្ណោះ ក្នុងប្រទេសកម្ពុជា ដើម្បីឱ្យយុវជនសិស្សានុសិស្ស និស្សិតខ្មែរ
បានស្គាល់ពី វប្បធម៌ក្នុងលោក ដែលតាមរយៈ ការមកទស្សនានៅថ្ងៃនេះ ពួកគេអាចស្វែងយល់ ពីភាព
ខុសប្លែកៗគ្នា របស់វប្បធម៌ទាំងនោះ បានក្នុងពេលតែមួយ។

លោកមានប្រសាសន៍ថា “ការស្ម័គ្រចិត្តចូលរួម របស់យុវជន ក្នុងការបង្កើតពិព័រណ៍នេះ មានសារៈសំខាន់
ណាស់ គឺទាមទារឱ្យពួកគេស្មារតី និងចិត្តគំនិតល្អ ក្លាហាន ដែលមិនមែនបម្រើ ផលប្រយោជន៍ខ្លួនឯងទេ
តែបម្រើផលប្រយោជន៍អ្នកដទៃ នេះជាគោលបំណងសំខាន់ របស់អង្គការ IYS ដើម្បីឱ្យពួកគេក្លាយជា
អ្នកដឹកនាំ ទៅថ្ងៃអនាគត” ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news