CamNews

ប្លែកៗ 

ត្រូវ​ចំណាយ ២០០០ ដុល្លារ ដើម្បី​បាន​ស្គាល់​រសជាតិ នៃ​ជនអនាថា

គ្មាន​ផ្ទះសម្បែង​គឺជា​ស្ថានភាព​ដែល​មនុស្ស​ទាំងអស់​ក្នុង​លោក មិន​ប្រាថ្នា​ចង់បាន​នោះទេ ប៉ុន្ដែ ថ្មីៗ​នេះ សេវាកម្ម​មួយ​នៅ​ក្រុង Seattle អាមេរិក បែរជា​អនុញ្ញាតឱ្យ​អ្នក​រាល់គ្នា ទទួលបាន​បទពិសោធ​ស្ដីអំពី​អារម្មណ៍​នៃ​មនុស្ស​គ្មាន​ផ្ទះសម្បែង ដោយ​ត្រូវ​ចំណាយ ២,០០០ដុល្លារ។

អ្នកមាន​នឹងមិន​អាច​ដឹងបាន​នូវ​អារម្មណ៍ និង​ការលំបាក​របស់​មនុស្ស​គ្មាន​ផ្ទះសម្បែង​នោះទេ នៅ​ពេល​​ពួកគេ​មិនបាន​ឆ្លងកាត់​ស្ថានភាព​បែបនេះ។ ដូច្នេះ​ដើម្បី​អ្នក​រាល់គ្នា បាន​យល់ និង​មានការ​អា​ធ្យា​ស្រ័យ​ដល់​អ្នក​គ្មាន​ផ្ទះសម្បែង សេវាកម្ម​ចម្លែក​មួយ ក៏ត្រូវ​បាន​គេ​បង្កើតឡើង នៅក្នុង​ក្រុង Seattle សហរដ្ឋអាមេរិក សម្រាប់​អ្នក​ដែល​ចង់ដឹង​អំពី​រសជាតិ​ជាម​នុស្ស​អនាថា។

Mike Momany ដែលជា​អ្នក​អភិវឌ្ឍ​កម្មវិធី​កុំព្យូទ័រ​ម្នាក់ ធ្វើការ​បែប​សេរី គឺជា​អ្នក​នឹកឃើញ​គំនិត​ចម្លែក​មួយ​នេះ។


ឈ្មោះ​ជា​ជនអនាថា ពុំមាន​អ្នកណាម្នាក់ ប្រាថ្នា​ចង់បាន​នោះឡើយ

មាន​ស្រុកកំណើត និង​ធំ​ឡើង​នៅក្នុង​ក្រុង Seattle ក​ម្លោះ Momany យល់ឃើញថា ជីវភាព​នៅក្នុង​ទីក្រុង កាន់តែ​រីកចម្រើន ហើយ​គំលាត​រវាង​អ្នកមាន​និង​អ្នកក្រ ក៏​កាន់តែ​ឆ្ងាយ​ពីគ្នា។ Momanyក៏បាន​សម្រេច ចំណាយពេល ២ខែ ក្នុង​រដូវក្ដៅ​កន្លងទៅ ដើម្បី​រស់នៅ​ដូចជា​មនុស្ស​អនាថា នៅ​ក្រុង Seattle គោលបំណង​គឺ​ចង់​យល់​អំពី​ថា តើ​ជីវិត​នៃ​ជន​គ្មាន​ផ្ទះសម្បែង គឺ​យ៉ាងណា។

បន្ទាប់ពី​បាន​ឆ្លងកាត់​បទពិសោធ​ជា​អ្នក​គ្មាន​ផ្ទះសម្បែង Momany ក៏បាន​សម្រេចចិត្ត ចែករំលែក​បទពិសោធ​នេះ ទៅឱ្យ​អ្នកដទៃ ដោយ​អនុញ្ញាតឱ្យ​អ្នក​ទាំងនោះ ចូលរួម​ស្វែងយល់​រយៈពេល ៣ថ្ងៃ ដោយ Momany ហៅថា “វគ្គ​សិក្សា​ក្នុងស្ថានភាព​អនាថា” ។

អ្នក​ដែល​ចង់​ឆ្លងកាត់​បទពិសោធ​នេះ ជាមួយ Momany នឹងត្រូវ​បង់ប្រាក់​សេវាកម្ម​ចំនួន ២,០០០ដុល្លារ​អាមេរិក ព្រមទាំង​ត្រូវ​សម្ភាសទ្រួសៗ ដើម្បី​វាយតម្លៃ​នូវ​សមត្ថភាព​សម្រប​ខ្លួន​ទៅនឹង​ជីវភាព​របស់​ជនអនាថា និង​ដើម្បី​ធានា​ឱ្យបាន​ថា ពួកគេ​បាន​យល់​នូវ​អ្វីដែល​ត្រូវ​ប្រឈម។

ថ្ងៃ​ដំបូង អ្នកទទួល​សេវាកម្ម​នេះ នឹងត្រូវ​បានផ្ដល់​សម្លៀក​បំពាក់​មួយឈុត ដែល​ដូច​ទៅនឹង​ជន​អនា​ថាពិត។ ពួកគេ​នឹង​ដើរ​ត្រាច់ចរ​ជុំវិញ​ក្រុង ទៅកាន់​តំបន់​ដែល​អនាថជន តែង​ជ្រើសរើស ហើយ​ពេល​រាត្រី នឹងត្រូវ​គេង​នៅ​ទីកន្លែង​ដែល​អ្នក​គ្មាន​ផ្ទះសម្បែង​ចូលចិត្ត។

ថ្ងៃទី​ពីរ អ្នកចូលរួម​នឹងត្រូវ​ឆ្លងកាត់​អារម្មណ៍​នៃ​ភាពជា​អ្នកសុំទាន ឬ​ដេក​នៅលើ​កៅអី​ថ្ម នៅតាម​សួន ដើម្បី​ទទួលបាន​អារម្មណ៍​ពិត​នៃ​ជនអនាថា។ កម្មវិធី​នេះ ត្រូវ​បញ្ចប់​ក្នុង​ថ្ងៃទី​បី ដោយមាន​កិច្ចពិភាក្សា​រវាង​អ្នក​ទាំងឡាយ​ដែល​បាន​ចូលរួម “ទិញ” សេវាកម្ម អំពី​អ្វី ដែល​ពួកគេ​ទើបបាន​ឆ្លងកាត់។

Momany ថ្លែង​អំពី​សេវាកម្ម​ចម្លែក​របស់ខ្លួន ៖ “ប្រការនេះ​នឹង​នាំមក​នូវ​បទពិសោធ​ថ្មី និង​ប្លែក ដែល​មនុស្ស​ភាគច្រើន មិនទាន់​បានដឹង” ។

ប៉ុន្ដែ សេវាកម្ម​នេះ​របស់ Mike Momany ក៏​កំពុង​ត្រូវ​រង​ការរិះគន់​ច្រើន ដោយមាន​មនុស្ស​ខ្លះ​ចោទថា Mike Momany កំពុង​ប្រើប្រាស់​ឈ្មោះ​ជនអនាថា ដើម្បី​រកប្រាក់​សម្រាប់​ផ្ទាល់ខ្លួន។ យ៉ាងនេះ​ក្ដី Mike Momany អះអាងថា គំនិត​នេះ​មិនមែន​ដើម្បី​ប្រាក់​នោះទេ ទន្ទឹមនឹងនេះ ទឹកប្រាក់​ដែល​ទទួលបាន នឹងត្រូវ​ប្រើប្រាស់​ដើម្បី​ជួយ​ដល់​ជន​គ្មាន​ផ្ទះសម្បែង នៅក្នុង​តំបន់​ដែល​ពួកគេ​ធ្លាប់​ប្រមូល​ផ្ដុំគ្នា។

បើទោះជា​មានតម្លៃ ២,០០០ ដុល្លារ សម្រាប់​ការធ្វើជា​អ្នកសុំទាន​ម្ដង តែ​សេវា​កម្មនេះ បាន​ទាក់ទាញ​មនុស្ស​ជាច្រើន​ចូលរួម។ ពួកគេ​យល់ថា សេវា​កម្មនេះ គឺជា​ឱកាស​ពិសេស ដើម្បី​ជួយ​ឱ្យ​ពួកគេ​យល់​កាន់តែច្បាស់​អំពី​អារម្មណ៍ និង​ការលំបាក​នៃ​ជនអនាថា។

បច្ចុប្បន្ន សេវាកម្ម​របស់ Mike Momany ទទួល​តែ​បុរស​ប៉ុណ្ណោះ ដោយសារ​បារម្ភ​ពី​សុវត្ថិភាព ប៉ុន្ដែ Mike Momany ថ្លែងថា នឹង​ពិចារណា​ឡើងវិញ ដើម្បី​ប្ដូរផ្លាស់​វិធី​ធ្វើ​សកម្មភាព។

ដោយ ៖ តារា
ប្រភព ៖ opposingviews