CamNews

តារា 

សាវិន ហ្វីលីព ប្រតិកម្មធ្ងន់ៗ ចំពោះ​ការចោទប្រកាន់​របស់​ជំទាវម្នាក់​ ជុំវិញ​រឿងគ្រោះថ្នាក់​ចរាចរ​នៅ

(ភ្នំពេញ)៖ តារាសម្តែងប្រុសល្បីឈ្មោះ និងលេចធ្លោលើសកម្មភាពមនុស្សធម៌លោក សាវិន ហ្វី លីព នាយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦បានជួបរឿងស៊យមួយ ខណៈរថយន្ត RAV4 រថលោកត្រូវបានបុរសម្នាក់បើកបរម៉ូតូ ក្នុងស្ថានភាពស្រវឹង ជិះមកបុកពីក្រោយរថយន្ត ដែលកំពុងតែចតនៅស្ងៀម បណ្តាលឲ្យរងការខូចខាត ផ្នែកខាងក្រោយ។

ទន្ទឹមនឹងការខូចខាតរថយន្តនេះដែរ លោក សាវិន ហ្វីលីព ក៏បានសម្តែងអារម្មណ៍ហួសចិត្ត ចំពោះម្ចាស់ Account Facebook ម្នាក់មានឈ្មោះថា Savern Toch ដែលមានងារជាជំទាវ បានចោទប្រកាន់ថា លោកជាអ្នកខុស ព្រោះបានចតនៅលើចិញ្ចើមផ្លូវ ទើបបណ្តាលឲ្យរឿងហេតុបែបនេះកើតឡើង។ ម្យ៉ាងទៀត ថែមទាំងចោទប្រកាន់លោកថា «លោក សាវិន ហ្វីលីព គ្រាន់តែរឿងប៉ុណ្ណឹងទាមទារថ្លែសំណង រហូត១០០ដុល្លារ ខណៈជនបង្កសុំជួយចេញថ្លែខូចខាត ត្រឹម៤០ដុល្លារ តែលោកមិនព្រម!»

ឆ្លើយតបនឹងការលើកឡើងខាងលើ លោក សាវិន ហ្វីលីព បានប្រតិកម្មបកស្រាយ នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា «ជូនលោកជំទាវ Savern Toch។ តារាសិល្បៈមិនមែនសុទ្ធតែអាក្រក់ ដូចនាងគិតនោះទេ សុំប្រើខួរក្បាលគិតម្ដងទៀត នូវរឿងហេតុកាលកើតឡើង កាលពីយប់មិញ តាមពិតទ្បានខ្ញុំបានចតត្រឹមត្រូវ លើចិញ្ចើមផ្លូវពីមុខហាង Sam Brother ខេត្តសៀមរាប កាលពីយប់មិញ ក្រោយពេលខ្ញុំបានបពា្ចប់ការងារប្រគល់អណ្ដូងទឹកស្អាត៣ថ្មីទៀត ជូនដល់កុមារសហគមន៍ ស្រុកបាគង ខេត្តសៀមរាប!»។

តារាសម្តែងលោក សាវិន ហ្វីលីព បានបញ្ជាក់ថា «ការពិតខ្ញុំជាជនរងគ្រោះ ក្នុងករណីនេះ ព្រោះបុរសម្នាក់នោះ ជិះម៉ូតូក្នុងអាការៈស្រវឹងជោគជាំ មកបុកទ្បានខ្ញុំ ដែលចតចោល។ ប៉ូលិសចរារចណ៍ខេត្ត២នាក់ ដែលមកវាស់វែង កាលពីយប់មិញអាចជាសាក្សីសំខាន់ ក្នុងរឿងនេះ អ្វីដែលខ្ញុំចង់បានកាលពីយប់មិញ នោះគឺប៉ូលិសគួរពិន័យគាត់ ព្រោះគាត់បើកបរក្នុងភាពស្រវឹង ប៉ុន្តែលោកប៉ូលិសនោះ មិនបានធ្វើអ្វីគាត់ទេទុកឲ្យខ្ញុំ ដោះស្រាយខ្លួនឯង ជាមួយជនល្មើសដោយសំអាងថា ករណីនេះគ្មានរបួសស្នាម!»

លោក សាវិន ហ្វីលីព បានបន្ថែមថា «ប៉ូលិសបានទុកឱកាសឲ្យជនល្មើស នាំគ្នីគ្នា៣នាក់ទៀត មកជួយដោះស្រាយ ដោយនិយាយឌឺដងផ្លែផ្កាដាក់ខ្ញុំទៀត ជាចុងក្រោយខ្ញុំបានព្រមទទួលយកលុយចំនួន៤០ដុល្លារ ពីបុរសស្រវឹងនោះ ព្រោះគាត់បានសំពះសុំទោសទទួលកំហុស ហើយខ្ញុំនឹងជួសជុលទ្បាន ដោយខ្លួនឯង ដោយមិនចង់មានរឿងវែងឆ្ងាយ។ សូមលោកជំទាវ Savern Toch មេត្តាបពា្ចប់វប្បធម៌លាបពណ៌នេះទៅ ព្រោះខ្ញុំមិនមែនជាជនល្មើសទេ !សូមអរគុណ!»។

ការបញ្ចេញប្រតិកម្មធ្ងន់ៗដាក់ម្ចាស់ Account Facebook ខាងលើ ដែលលោក សាវិន ហ្វីលីព អះអាងថា ជា«ជំទាវ»នោះ គេមិនបានឃើញសារអ្វីឆ្លើយតប ទៅកាន់លោក ហ្វីលីព វិញដែរ ប៉ុន្តែមុននឹងចោទប្រកាន់លោក ហ្វីលីព និងដោយទាំងអ្នកសិល្បៈមួយចំនួនទៀត ក្នុងហេតុការណ៍បែបនេះ គេមិនបានដឹងថា តើលោកជំទាវរូបនោះ ទទួលបានព័ត៌មានពីខាងណាមកទេ ទើបបញ្ចេញយោបល់ម៉ៅផ្ដាច់ ដាក់អ្នកសិល្បៈទាំងអស់តែម្ដង៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង