CamNews

តារា 

សាវិន ហ្វីលីព ចង់​ឃើញ​​អ្នក​សិល្បៈ​ខ្មែរ​ចូល​រួម​បុណ្យ​ខួប​៧​ថ្ងៃ​​លោក ហង្ស ផល្លីមធុរ៉ាឲ្យ​បាន​ច្រើន

(ភ្នំពេញ)៖ ខណៈដែលការស្លាប់ របស់អតីតតារាសម្តែង លោក ហង្ស ផល្លីមធុរ៉ា ទើបតែកន្លងផុត​បា​ន​​ប្រមាណ៤ឬ៥ថ្ងៃ និងត្រៀមរៀបចំធ្វើបុណ្យគំរប់​ខួប៧ថ្ងៃ នៅថ្ងៃអាទិត្យខាងមុខនេះ ដើម្បីឧទ្ទិសកុសល​​ដល់ដួង​វិ​ញ្ញាណ​ក្ខន្ធរបស់លោក ដែលបានស្លាប់ទៅហើយនោះ​ តារាសម្តែងល្បីឈ្មោះ​លោក សាវិន ហ្វីលីព បានប្រកាសតាមបែបស្រមើស្រមៃ ចេញពីក្នុងចិត្ត​ឲ្យមហាជន​ និង​សិល្បករ-សិល្បការិនីខ្មែរ ចូលរួមពិធីបុណ្យគំរប់ខួប៧ថ្ងៃ របស់លោក ហង្ស ផល្លីមធុរ៉ា ឲ្យ​បា​នច្រើនកុះករ ដូចពិធីខួបកំណើតរបស់កញ្ញា ពៅ លីដា កាលពីយប់មិញ។

នៅលើបណ្តាញ​សង្គមហ្វេសប៊ុក របស់តារាប្រុស​លោក សាវិន ហ្វីលីព បានសរសេរបង្ហោះ ​ជា​សាធារណៈថា «យប់មិញជួបស្រីស្អាត ប៉ុបពី! អូយចង់លង់ នៅខួបកំណើត​កញ្ញា ពៅ លីដា។ ពិធីយប់មិញនេះ មានអ្នកសិល្បៈចាស់ថ្មីចូលរួមច្រើនមែនទែន មិនគួរឲ្យជឿ ខ្ញុំឆ្លៀតទៅក្រោយគេ ប្រហែលម៉ោង៩កន្លះយប់ ព្រោះជាប់ថតរឿង "ភ្លៀងមួយតក់" ផលិតដោយ SEATV»។

ទន្ទឹម​នឹងការលើកឡើងដូច្នេះ លោក សាវិន ហ្វីលីព ក៏បានបន្ថែមថា «ខ្ញុំចេះតែលួចគិតឆ្កួតៗ​តែម្នាក់​ឯងថា បើអ្នកសិល្បៈទាំងអស់នេះ នាំគ្នាទៅចូលរួមបុណ្យ​៧ថ្ងៃ របស់តារាសម្តែង​ដែលក្របំផុត គឺលោក ហង្ស ផល្លីមធុរ៉ា នៅថ្ងៃអាទិត្យខាង​មុខនេះ មិនដឹងវិញ្ញាណក្ខន្ធសពសប្បាយ​ចិត្តយ៉ាងណាទេ?»។

សូមជម្រាបជូនថា អតីតតារាសម្តែងប្រុសល្បីឈ្មោះ ទស្សវត្សរ៍ទី៩០​លោក ហង្ស ផល្លីមធុរ៉ា បា​នទទួលមរណៈភាព ក្នុងវ័យ៥២ឆ្នាំហើយ កាលពីព្រឹកថ្ងៃទី១ខែសីហា ឆ្នាំ២០១៦នេះ ដោយជំងឺដុះសាច់ក្នុងខួរក្បាល។ ដោយឡែកសម្រាប់ពិធីបុណ្យគំរប់ខួប០៧ថ្ងៃ របស់លោក ហង្ស ផល្លីមធុរ៉ា ត្រៀមធ្វើឡើង នៅថ្ងៃអាទិត្យទី០៧ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង