(ភ្នំពេញ)៖ ឆ្លងកាត់ការប្រកួតលីគកំពូលកម្ពុជា ១៥សប្ដាហ៍កន្លងទៅ ក្រុមបឹងកេតអង្គរ កំពុងឈរកំពូលតារាង និងមាន ៣៨ពិន្ទុ ប៉ុន្ដែលោក ប្រាក់ សុវណ្ណារ៉ា ដែលជាគ្រូបង្វឹកបានបង្ហាញពីក្ដីកង្វល់មួយចំនួន បន្ទាប់ពីក្រុមខ្លួនជួបរឿងអាក្រក់ នៅចុងរដូវកាលថ្មីនេះ ដោយមានកីឡាករសំខាន់ៗ ៣រូបរងរបួសត្រូវសម្រាករយៈពេលយូរ មិនអាចជួយក្រុមចប់រដូវកាលនេះបាន ស្របពេលបឹងកេតអង្គរ ទាមទាឈ្នះដាច់ខាតសម្រាប់ ៣ប្រកួតចុងក្រោយ ។
កីឡាករឆ្នើម ៣រូប ដែលអវត្តមានធ្វើឲ្យលោក ប្រាក់ សុវណ្ណារ៉ា ឈឺក្បាលនោះ រួមមានកីឡាករខ្សែបម្រើជនជាតិជប៉ុន Yuya Wada រងរបួសកជើង អំឡុងពេលជួយមិត្តរួមក្រុមប្រកួតស្មើក្រុមខ្លាំងក្រសួងការពារជាតិ ០-០ កាលពីពាក់កណ្ដាលខែកក្កដាកន្លងទៅ ខណៈខ្សែការពារ ហុង ផេង របួសរហែកសរសៃពួរជង្គង់ និងខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី រងរបួសជើង អំឡុងពេលប្រកួតស្មើគ្នា ០-០ ជាមួយក្រុមណាហ្គាវើល កាលពីចុងសប្ដាហ៍កន្លងទៅ ។
លោក ប្រាក់ សុវណ្ណារ៉ា បានចាត់ទុកការរងរបួសផ្ទួនរបស់កីឡាករសំខាន់ៗ ខាងលើ គឺជារឿងអាក្រក់មួយ សម្រាប់ក្រុមបឹងកេត ដែលលោកមិននឹកស្មានថា បានកើនឡើងជាប់ៗគ្នា នៅចុងរដូវកាលនេះឡើយ ។ ប៉ុន្ដែយ៉ាងណាលោកបានតាំងចិត្តយ៉ាងមុតមាំ ដឹកនាំសមាជិកនៅសល់ស្វែងរកជ័យជម្នះ ៣ប្រកួតចុងក្រោយឲ្យបាន ដើម្បីឈានទៅលើកពានលីគកំពូលកម្ពុជា ឆ្នាំ២០១៦នេះ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង