ភ្នំពេញ៖ ថ្វីដ្បិតតែតារា ចម្រៀងស្រី សម័យថ្មី រះព្រោងព្រាតពេញ អាកាសវេហាក៏ដោយ ក៏តារា ចម្រៀងវ័យកណ្ដាល អ្នកស្រី ហ៊ឹម ស៊ីវន មិនសាបសូន្យ កេរ្តិ៍ឈ្មោះឡើយ ពោលគឺនៅតែស្ថិត ក្នុង កម្រិតកំពូលដដែល ទោះជាមិនខ្ទរខ្ទារខ្លាំង តែអ្នកស្រីគឺល្បីល្បាញ ក្នុងបទចម្រៀង បែបប្រជាប្រិយ ដែលយូរៗម្ដង អ្នកស្រីថត ចម្រៀងបទពីដើម ឲ្យផលិតកម្ម ហង្សមាស ជាផលិតកម្មរកស៊ី ជាមួយគ្នា យូរឆ្នាំហើយ ។ ពិសេសអ្នកស្រី ថ្មីៗនេះ បានទទួលពានរង្វាន់ តារាចម្រៀង ប្រជាប្រិយប្រចាំ ឆ្នាំ ទៀត នាំឲ្យអ្នកស្រីកាន់ តែត្រដែតត្រដឹម លើពពក ។
អ្នកស្រី ហ៊ឹម ស៊ីវន មិនត្រឹមតែទទួលបាន កេរ្តិ៍ឈ្មោះល្បីល្បាញ និងកិត្តិយសនោះទេ លោកស្រីថែម ទាំងទទួលបាន សញ្ញាប័ត្រយ៉ាង ត្រឹមត្រូវ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលសរបញ្ជាក់ថា ខ្ញីកាន់តែចាស់កាន់តែហឺរ ។ លោកស្រីមិនងាយ មានរឿងអ្វីចុះផ្សាយ លើទំព័រ សាព័ត៍មាននោះទេ ព្រោះលោកស្រី ជាមនុស្សស្រីម្នាក់ ក្នុងសិល្បៈគ្មានរឿងអាស្រូវ ទាល់តែសោះ ។
កាលពីពេលថ្មីៗនេះ មានការប្រគំតន្រ្តី ប្រមូលផ្ដុំទៅដោយ តារាសិល្បៈចាស់ថ្មីជាច្រើនដួង ក្នុងនោះ តារាចម្រៀងយុវវ័យជាច្រើនបានជំរាបសួរ លោកស្រី ដោយក្ដីគោរពរ ក្នុងនាមជាសិល្បការិនីរៀម ច្បង ដោយឃើញ តារាចម្រៀងយុវវ័យទាំងនោះ បានបង្អួតនូវម៉ូដ សម្លៀកបំពាក់ឡូយឆាយ ហ៊ឺហារ ស៊ីវិល័យ ទាន់សម័យពេក លោកស្រីក៏បានធ្លោយមាត់និយាយថា "យី..!ខោអាវគេម៉ូដស្អាតៗណាស់ តែកុំសូវលេងម៉ូដពេក សន្សំលុយទុកខ្លះទៅ ព្រោះលុយពិបាករក បើយកទៅចំណាយច្រើន ឥត ប្រយោជន៍ នាំតែខាតបង់ខ្លួនឯង។ ខោអាវឡូយពេលទៅដល់ផ្ទះ បើកទូរឃើញតែខោអាវ មិនដឹង លុយនៅឯណាទេ ព្រោះទិញខោអាវអស់.."។
ថ្វីដ្បិតលោកស្រី ហ៊ឹម ស៊ីវន មានប្រសាសន៍ ក្នុងន័យលេងសើច តែក៏ហាក់បង្កប់អត្ថន័យយ៉ាងច្រើន សម្រាប់តារាចម្រៀងយុវវ័យជំនាន់ក្រោយ ព្រោះតារាចម្រៀង បច្ចុប្បន្នមិនសូវសម្ញែង សមត្ថភាព ក្នុងការច្រៀងរាំទេ បែបជាលេចធ្លោរ ខោអាវ និងក្រុមរាំទៅវិញ ។ ឧទាហរណ៍ជាក់ស្ដែង តារា ចម្រៀង ស្រីល្បីជាច្រើនដួង នាង ឱក សុគន្ធកញ្ញា ព្រីម លីហ្សា និង មាស សុខសោភា តែងតែ លេចមុខ ក្នុងសារព័ត៌មាន ក្នុងរឿងអស់លុយរាប់ម៉ឺនដុល្លារ ក្នុងការទិញសម្លៀកបំពាក់ ដើម្បីច្រៀង រាំ លើវេទិការតន្ត្រី និង ចូលរួមពិធីមង្គលផ្សេងៗ ។
តារាចម្រៀងមួយចំនួនផ្សេងទៀត ឲ្យតែបានខោអាវស្អាតៗ ធ្វើខ្លួនឡូយ ច្រៀងសុខចិត្តចាក់ឌីស កុំឲ្យគេថាច្រៀងមិនពីរោះ។ ចំណែកឯសំឡេងវិញ ដូចមាន់អួលកន្ទក់ ។ ដូចនេះតារាចម្រៀង សម័យថ្មី គួរតែផ្ដោតទៅលើទឹកដមសំឡេងឲ្យបានច្រើន ព្រោះតារាចម្រៀងស្រុកគេ ល្បីព្រោះទឹក ដមសំឡេង ហើយមិនងាយនឹងសាបសូន្យទេ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល