CamNews

ព័ត៌មានជាតិ 

សម្តេចតេជោ ហ៊ុន សែន ឆ្លើយតប Comment លើ Facebook ក្មេងប្រុស សួរនាំភាពខុសគ្នា ផែនទី 1/50,000 និង

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានពន្យល់ដល់ក្រុមអ្នកលេង Facebook ថា ផែនទីបោនខ្នាត 1/100,000 ដែលទទួលស្គាល់ ដោយរដ្ឋធម្មនុញ្ញមានការលំបាកក្នុងការរកចំណុច ដើម្បីបោះបង្គោលព្រំដែន ព្រោះតែផែនទីនេះមានទំហំតូចពេក។ ចំណែកផែនទី UTM ខ្នាត 1/50,000 វិញ មានភាពប្រសើរច្រើនដែលងាយស្រួលវាស់វែង និងរកចំណុចដើម្បីបោះបង្គោលព្រំដែន។

ការបកស្រាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម បានឯកភាពគ្នាក្នុងកិច្ចប្រជុំទ្វេភាគី នៅខេត្តសៀមរាប (CLV) នាថ្មីៗនេះ ក្នុងការស្នើទៅរដ្ឋាភិបាលបារាំង ដើម្បីផ្តល់អ្នកជំនាញបច្ចេកទេស ក្នុងការរៀបចំផ្ទេរផែនទីបោនពីខ្នាត 1/100,000 មកជាផែនទី UTM ខ្នាត 1/50,000 វិញ។

ឆ្លើយនឹងសំណួរអ្នកលេង Facebook ដែលបានចូលទៅ Comment លើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា «យើងប្រើផែនទីបោនខ្នាត 1/100,000 នេះជាទីដើមដែលរដ្ឋធម្មនុញ្ញ ទទួលស្គាល់។ ខ្នាត 1/100,000 គឺលំបាករកចំណុច ដើម្បីបោះបង្គោលព្រំដែនព្រោះវាតូចពេក។ ដូចនេះត្រូវផ្ទេរមកផែនទី UTM ខ្នាត 1/50,000 វិញ ទើបងាយស្រួលវាស់វែង និងរកចំណុចដើម្បីបោះបង្គោលព្រំដែន»។

សម្តេចបានបញ្ជាក់បន្ថែមចំពោះការស្នើទៅភាគីបារាំងថា «បើផែនទីកខ្នាតកាន់តែធំកាន់តែពិបាករកចំណុចដូចនេះ ហើយបានខាងកងទ័ព គេផលិតផែនទីសំរាប់ថ្នាក់ បញ្ជាការតាមកំរិត។ ថ្នាក់យោធភូមិភាគប្រើខ្នាត1/50,000 ថ្នាក់កងពលខ្នាត 1/25,000 រហូតមានប្រើខ្នាត 1/10,000 ដើម្បីងាយស្រួលរកចំណុចឈរជើង របស់កងទ័ព ឬវាយកាំភ្លើងធំ។ល។...សម្រាប់សុរិយោដីដែលត្រូវធ្វើប្លង់ដីកាន់តែត្រូវការ ផែនទីខ្នាតធំ ដើម្បីជៀសវាងចេញប្លង់ដីជាន់គ្នា នាំដល់ទំនាស់ព្រំដីរវាងគ្រួសារមួយ ជាមួយគ្រួសារមួយទៀត។ អ្នកគូសប្លង់អាគារ ឬផ្ទះកាន់តែត្រូវការពង្រីកផែនទីឲ្យ កាន់តែធំទើបពួកគាត់ងាយស្រួល និងអាចធ្វើបាន»។

សូមជំរាបថា កម្ពុជា-វៀតណាម មានព្រំដែនគោកជាប់គ្នាប្រវែង១២៧០គីឡូម៉ែត្រ ដែលត្រូវការបោះបង្គោល​ព្រំដែនចំនួន៣១៤បង្គោល។ គណៈកម្មការព្រំដែន បានអះអាងថា គិតរហូតដល់ពេលនេះ ភាគីទាំងពីរបានធ្វើការបោះបង្គោលព្រំដែនបានចំនួន ៨៣ភាគរយហើយ។ ប៉ុន្តែនៅប្រមាណ១៧ភាគរយទៀត មិនទាន់ត្រូវបានបោះនៅឡើយទេ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Hun sen