(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការឆ្លើយតប ក៏ដូចជាបកស្រាយអំពីមតិរិះគន់ ដែលតែងតែលើកថា «សម្តេចយកចិត្តទុកដាក់ និងឧបត្ថម្ភតែវិស័យកីឡាបាល់ទាត់ មិនគាំទ្រចំពោះកីឡាប្រដាល់ និងកីឡាផ្សេងទៀត»។
មតិរិះគន់នានាតែងតែកើតឡើងព្រោងព្រាត នាពេលថ្មីៗនេះ ជាពិសេសគឺពេលដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ឧបត្ថម្ភក្រុមកីឡាករបាល់ទាត់ក្នុងម្នាក់ៗ ១០០០ដុល្លារ ក្រោយទទួលជ័យជំនះរបស់ពួក ក្រៅពីផ្ញើសារគាំទ្រទៀតនោះ ខណៈដែលកីឡាប្រដាល់ សម្តេចឧត្ថម្ភ ១០០០ដុល្លារក្នុងម្នាក់ៗស្មើគ្នា ទោះឈ្នះ ឬក៏ចាញ់ក្តៅ ក្រៅពីកីឡាផ្សេងទៀត រាជរដ្ឋាភិបាល មានប្រាក់រង្វាន់ឧត្ថម្ភដូចគ្នាទៅតាមអនុក្រឹត្រដែលបាន ចែងរួចរាល់ហើយ ព្រមទាំងមានក្បួនដង្ហែថែមទៀតផង។
សម្តេចបានសរសេរបកស្រាយ និងពន្យល់នៅលើ Facebook Page ថា «ល្មមដល់ពេលដែលខ្ញុំចេញមកពន្យល់អំពីការលើកឡើងថា យកចិត្តទុកដាក់លើបាល់ទាត់ ខ្វះការយកចិត្តទុកដាក់លើកីឡាប្រដាល់ និងកីឡាផ្សេងទៀត។ ប្រសិនលោកអ្នកទៅសួរទូរទស្សន៍ប៉ុស្តិ៍លេខ៥, CTN, បាយ័ន ដែលបានចាត់តាំងប្រកួតកីឡាប្រដាល់ខ្មែរ និងបរទេស ខ្ញុំតែងឧបត្ថម្ភជានិច្ច ម្នាក់១០០០ដុល្លា ទោះចាញ់ក្តី ឈ្នះក្តី។ ពេលនោះមិនមានក្រុមហ៊ុនឧបត្ថម្ភទេ ហើយការប្រកួត មានមិនច្រើនដែរ។ ពេលនេះមានក្រុមហ៊ុនឧបត្ថម្ភ ហើយការប្រកួតក៏ច្រើន អ្នកចូលរួមប្រកួតក៏ច្រើន បងប្អូនដែល ស្នេហាកីឡាប្រដាល់ ក៏ចូលរួមឧបត្ថម្ភដល់កីឡាករយើងផងដែរ»។
រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រិត្យកំណត់ក្របខ័ណ្ឌប្រកួតថ្នាក់តំបន់ និងអន្តរជាតិ ដើម្បីទទួលបានការលើកទឹក ចិត្ត រហូតមានម៉ូតូអមដំណើរទៀតផង។ យើងបានកំណត់គ្រប់ប្រភេទកីឡាទាំងអស់ ដោយគ្មានការរើសអើង។ អ្វីដែល បងប្អូនត្រូវគិត បើប្រដាល់វាយឈ្នះ តែ១នាក់ នៅក្រុមហ៊ុនទូរទស្សន៍១ និងមានការឧបត្ថម្ភដោយក្រុមហ៊ុន តើត្រូវលើក ទឹកចិត្តបែបណា? បើខ្សែក្រវាត់ ឬពានរង្វាន់នៃក្រុមហ៊ុនឯកជន គឺក្រុមហ៊ុនឯកជនទទួលខុសត្រូវ។ ខ្ញុំធ្វើចលនាជាមួយ ក្រុមហ៊ុនឯកជនច្រើនណាស់ ទើបមានចលនាបែបនេះកើតឡើង។ ខ្ញុំមានការខកចិត្តដោយបងប្អូនយើង មួយចំនួនមិន យល់ពីលក្ខខណ្ឌដែលត្រូវទទួលបាន ការលើកទឹកចិត្តរហូតលើកឡើងថា កីឡាករឈ្មោះនេះទទួលបានខ្សែក្រវាត់ពិភព លោកតែមិនបានទទួលរង្វាន់អ្វីសោះ។ ខ្សែក្រវាត់ ឬពានរង្វាន់ពិភពលោកឬអូឡាំពិក ទឹកប្រាក់ត្រូវបានកំណត់ក្នុង អនុក្រិត្យ។ ឯពិធិការត្រូវមានម៉ូតូចំនួន ១២គ្រឿង អមដំណើរដង្ហែរមកកាន់វិមានសន្តិភាព និងដង្ហែកាត់វិមានឯករាជ្យ។ ឯណាខ្សែក្រវាត់ ឬពានវង្វាន់ពិភពលោក? មិនទាន់មានទេ បើប្រដាល់ សូម្បីតែ SEA Games ក៏មិនទាន់មានមេដាយ មាស១ផង។
ខ្លួនខ្ញុំផ្ទាល់ធ្លាប់បានទទួល និងបំពាក់មេដាយជូនវិរៈកីឡាការិនី ស៊ន សៀវម៉ី កីឡាករ សែន រ៉ាឌី និងកីឡាការិនី កែ ឡេង ដែលទាំង៣នាក់ សុទ្ធតែទៅប្រកួតដោយមាន ការចាត់តាំង និងប្រកួតក្នុងក្របខណ្ឌ ដែលអន្តរជាតិទទួលស្គាល់ ហើយត្រូវប្រកួតជម្រុះរហូតដល់ជ័យជំនះចុងក្រោយ។ បងប្អូនកីឡាករ-កីឡាការិនីគ្រប់ប្រភេទកីឡា បងប្អូនប្រឹងប្រែងឡើង និងប្រកួតឲ្យបាន ត្រឹមត្រូវតាមក្របខណ្ឌកំណត់ កុំទៅប្រកួតស្ងាត់ៗអត់ក្របខណ្ឌ ហើយឲ្យមនុស្សមិនយល់ប្រកាសថា ជាខ្សែក្រវាត់ពិភពលោក រហូតតិទៀនថា រាជរដ្ឋាភិបាលលំអៀង ទៅរកតែបាល់ទាត់។ សុំការយោគយល់នូវការបកស្រាយខ្វះចន្លោះ ឬសសេរខុស ព្រោះកំពុងស្ថិតនៅបាងកក ប្រទេសថៃ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង