CamNews

កីឡាជាតិ 

គ្រូ Lanexang ថា ក្រុមខ្លួនបង្រួមទីលានបានសម្រេច ទើបអាចឈ្នះបឹងកេត ៣-០ យប់មិញ

(ភ្នំពេញ)៖ លោក Leonardo Vitorino គ្រូបង្វឹកក្រុមជើងឯកឡាវ Lanexang United បានសម្ដែងនូវក្ដីរំភើបជាខ្លាំង ក្រោយដណ្ដើមបានកៅអីវគ្គផ្ដាច់ព្រ័ត្រ TOYOTA Mekong Cup 2016 តាមរយៈការយកឈ្នះក្រុមម្ចាស់ផ្ទះបឹងកេតអង្គរ ៣-០ កាលពីយប់មិញ ហើយលោកក៏សប្បាយចិត្ត ចំពោះទម្រង់លេងរបស់កូនក្រុម ពិសេសគឺការបិទជិតនូវទម្រង់លេងរបស់ក្រុមបឹងកេតអង្គរ ដែលត្រូវការកន្លែងទូលាយលេង ធ្វើឲ្យទីលានមានសភាពនៅតូច ដើម្បីងាយស្រួលក្នុងការយកឈ្នះតែម្ដង ។

គ្រូបង្វឹកជនជាតិប្រេស៊ីលដដែលបានថ្លែងថា «បឹងកេតសម្បូរដោយកីឡាករល្អៗ ប៉ុន្ដែពួកគេត្រូវការតំបន់ទូលាយ ដើម្បីលេង តែក្រុមខ្ញុំបានបង្រួមទីលានឲ្យតូច ធ្វើឲ្យកូនក្រុមមានឱកាសគ្រប់គ្រងបាល់ច្រើន ។ កូនក្រុមខ្ញុំបានចេញបាល់លឿន នៅពេលទីលានតូច ទើបបង្កការពិបាកដល់ក្រុមបឹងកេត ។ ជាក់ស្ដែងកីឡាករអាហ្វ្រិករបស់បឹងកេត មានកាយសម្បទាល្អ តែត្រូវកន្លែងទូលាយ ដើម្បីលេង ដល់ពេលកន្លែងចង្អៀត គឺគាត់ពិបាកលេង ។ ជារួមខ្ញុំបានបិទជិតនូវតំបន់ការពារ និងបម្រើ ទើបបឹងកេតពិបាកនឹងលេង» ។

គួរបញ្ជាក់ថា បឹងកេតអង្គរ គឺជាក្រុមអង្គុយចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គ្រាដែលក្រុម Lanexang United ទើបឡើងមកពីវគ្គជម្រុះបឋម ប៉ុន្ដែធ្វើបានយ៉ាងល្អទាំងការគ្រប់គ្រងបាល់ និងការបញ្ចប់ទីកាលពីយប់មិញ ។ ដូច្នេះក្រុម Lanexang United ត្រូវឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដោយជួបក្រុមខ្លាំងថៃ Buriram United ចំនួន ២ជើង(ក្នុងដី និងក្រៅដី) នៅថ្ងៃទី០៤ និងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ខាងមុខ ។ ចាំមើលតើ Buriram United អាចការពារតំណែងជើងឯករដូវកាលថ្មីនេះបានទេ បើក្រុមឡាវ កំពុងឡើងជើងខ្លាំងបែបនេះ?



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Lanexang