(ភ្នំពេញ)៖ តារាចម្រៀងដ៏ល្បី ប្រចាំប្រទេសកម្ពុជា កញ្ញា ឱក សុគន្ធកញ្ញា ដែលត្រូវបានគេស្គាល់ថា ជាគណៈកម្មការ ក្នុងកម្មវិធីពិភពលោកល្បីៗជាច្រើនជា «The Voice Cambodia , Cambodian Idol» នៅរយៈកាលចុងឆ្នាំ២០១៦ ឈានចូលរដូវប្រាំង ដើមឆ្នាំ២០១៧នេះ ត្រូវបានអ្នករស់នៅក្នុងមជ្ឈដ្ឋាន អ្នកសិល្បៈទម្លាយឲ្យដឹងថា នាងកំពុងតែទទួលបានការចាប់អារម្មណ៍ខ្ពស់ ជុំវិញរឿងតម្លៃខ្លួនរបស់នាង ដែលហក់ឡើយខ្ពស់ ឈ្នះដាច់លើគូប្រជែងនានា ក្នុងលំដាប់ជាតារាជួរមុខដូចគ្នា។
ជាការពិត បទចម្រៀងភាគច្រើន របស់ ឱក សុគន្ធកញ្ញា មានអ្នកគាំទ្រច្រើនលើសលប់ ទោះបីពេលនេះ មានតារាចម្រៀងជាច្រើន កំពុងតែតាមដណ្ដើមប្រជាប្រិយភាព ពីនាងយ៉ាងប្រកៀកប្រកិតជាច្រើនក្ដី។ ជាក់ស្ដែងដូចជា នាង ពេជ្រ សោភា ដែលកំពុងតែស្ថិតក្នុង ផលិតកម្មរួមជាមួយនាងផ្ទាល់តែម្ដង ប៉ុន្តែតម្លៃខ្លួនវិញ គឺពេជ្រ សោភា តាម សុគន្ធកញ្ញា មិនទាន់ទេ ព្រោះតម្លៃខ្លួននាងហក់ឡើងខ្ពស់រហូតតែម្ដង។
ប្រភពពីអ្នករៀបចំ កម្មវិធីប្រគំតន្រ្តីធំៗក្នុងប្រទេសកម្ពុជា បាននិយាយថា ឱក សុគន្ធកញ្ញា បានឡើងថ្លៃខ្លួនដល់ទៅ ១១លាន២សែនរៀល (ជិត៣ពាន់ដុល្លារ) ក្នុងមួយកម្មវិធីឯណោះ សម្រាប់កម្មវិធីច្រៀង ក្នុងរាជធានីភ្នំពេញ។ ចំណែកឯកម្មវិធីតាមបណ្ដាខេត្តនាន គឺតម្លៃខ្លួនរបស់នាងឡើងដល់ទៅ ១២លានរៀល(៣ពាន់ដុល្លារ) ឬលើសពីនេះ ទៅតាមខេត្តជិត ឬឆ្ងាយ ខណៈដែលកាលពីឆ្នាំមុន ឱក សុគន្ធកញ្ញា មានតម្លៃខ្លួនត្រឹមតែ១០លានរៀល (២ពាន់៥រយដុល្លារ)ប៉ុណ្ណោះ សម្រាប់កម្មវិធីមង្គលការ ឬការប្រគំតន្ត្រីនានា។
ថ្វីត្បិតតែតម្លៃខ្លួនឡើងហក់ស្រឺតៗ មិននៅឲ្យស្ងៀមមួយកន្លែង សម្រាប់ ឱក សុគន្ធកញ្ញា ក៏មិនអត់ការងារធ្វើដែរ ពោលនាងមានការងារចេញច្រៀងជាប្រចាំ ព្រោះបណ្ដាក្រុមហ៊ុនជាច្រើន ចង់បាននាងទៅចូលរួម ព្រោះមានប្រជាប្រិយភាពល្បីល្បាញខ្លាំង អាចទាក់ទាញអ្នកគាំទ្រច្រើនឲ្យចូលរួមទស្សនា។ ប្រភពពីអ្នកជិតដិត នឹង ឱក សុគន្ធកញ្ញា បាននិយាយថា គ្រាន់តែបុណ្យអ៊ុំទូកឆ្នាំនេះ កញ្ញា ទទួលបានការចេញច្រៀង តាមកម្មវិធីប្រគំតន្ត្រីជាច្រើន ហើយតម្លៃខ្លួនវិញ មិនបាច់និយាយទេ ពោលព្រោះគ្រាន់តែរយៈពេល៣ថ្ងៃនេះ នាងទទួលលុយ មិនក្រោម៦០លានរៀលនោះទេ (ប្រមាណ១ម៉ឺន៥ពាន់ដុល្លារ)។
តម្លៃខ្លួន របស់ ឱក សុគន្ធកញ្ញា ត្រូវបានគេមើលឃើញ យ៉ាងច្បាស់ក្រឡែតថា បានវ៉ាដាច់គូប្រជែងតែម្ដង ព្រោះតារាចម្រៀង មាស សុខសោភា ក៏នៅទាបជាងនាងបន្តិចដែរ។ ចំណែកឯអ្នកនាង ពេជ្រ សោភា និងសុគន្ធ និសា វិញ តម្លៃខ្លួនពួកគេ បានត្រឹមតែពាក់កណ្ដាល ឱក សុគន្ធកញ្ញា ប៉ុណ្ណោះ។
តារាចម្រៀងស្រីល្បីមួយរូប បាននិយាយថា តម្លៃមួយយប់១១លាន២សែនរៀល(ជិត៣ពាន់ដុល្លារ) អាចយកបានតែពីម្ចាស់កម្មវិធីណាមានឋានៈធំ ជាឧកញ៉ា ឬក្រុមហ៊ុនធំៗប៉ុណ្ណោះ ប៉ុន្តែបើច្រៀងក្នុងកម្មវិធីមង្គលការ ត្រឹម៧បទ ហើយយកលុយច្រើនម្ល៉ឹងៗ គឺប្រហែលជាមិនអាចនោះទេ ។ យ៉ាងណាមិញ បើក្រឡេកមើលតម្លៃខ្លួន តារាចម្រៀងស្រុកគេវិញ សម្រាប់តារាចម្រៀង ឱក សុគន្ធកញ្ញា គឺមានតម្លៃខ្ពស់គួរសម៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង