CamNews

ព័ត៌មានអន្តរជាតិ 

អង្គការណាតូ ព្រមានពីអំណាចផ្នែកយោធា ដែលដាក់ចេញដោយប្រទេសចិន

កិច្ចប្រជុំកំពូលរបស់មេដឹកនាំអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុចស៊ែល បានព្រមានពីការគម្រាមកំហែងផ្នែកយោធា ដែលដាក់ចេញដោយប្រទេសចិន ដោយនិយាយថា អាកប្បកិរិយារបស់ប្រទេសនេះ គឺជាការ”បង្កហេតុឱ្យមានជម្លោះជាប្រព័ន្ធ” ។ ក្រុមមេដឹកនាំទាំងនោះនិយាយថា ប្រទេសចិន បាននិងកំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងឆាប់រហ័ស មិនលាតត្រដាងឱ្យដឹងពីការធ្វើទំនើបកម្មផ្នែកយោធារបស់ខ្លួន និងធ្វើសហប្រតិបត្ដិការផ្នែកយោធា ជាមួយប្រទេសរូស្ស៊ី ។ ប្រធានអង្គការណាតូ លោក Jens Stoltenberg បានព្រមានថា ប្រទេសចិនបានចូល កាន់តែកៀកនឹងអង្គការណាតូ ក្នុងផ្នែកយោធា និង បច្ចេកវិទ្យា ។



ប៉ុន្ដែលោក បានសង្កត់ធ្ងន់ថា សម្ព័ន្ធនេះ មិនចង់មានសង្គ្រាមត្រជាក់ជាមួយប្រទេសចិនឡើយ ។ អង្គការណាតូ គឺជាសម្ព័ន្ធយោធា និងនយោបាយដ៏មានឥទ្ធិពលបំផុតរវាងប្រទេសអាមេរិកខាងជើង និងអឺរ៉ុបចំនួន ៣០ ប្រទេស ។ សម្ព័ន្ធនេះ ត្រូវបានបង្កើតឡើង ក្រោយសង្គ្រាមលោកលើកទី២ ដើម្បីឆ្លើយតបនឹងការគម្រាមកំហែង នៃការពង្រីកខ្លួននៃមនោគមវិជ្ជាកុំម្មុយនិស្ត។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ សម្ព័ន្ធនយោបាយនេះ បានឆ្លងកាត់ការលំបាកជាច្រើន ស្របពេលដែលមេដឹកនាំនៃសម្ព័ន្ធនេះ បានពិភាក្សាពីគោលដៅ និងសំណើសុំផ្ដល់មូលនិធិ ។ ភាពតានតឹងបានកើតឡើង អំឡុងរដ្ឋការរបស់លោក ដូណាល់ ត្រាំ ដែលរិះគន់អំពីការផ្ដល់វិភាគទានហិរញ្ញវត្ថុដល់សម្ព័ន្ធនេះ និងចោទសួរអំពីការប្ដេជ្ញាចិត្ដរបស់អាមេរិក ក្នុងការការពារដៃគូអឺរ៉ុប ។

នេះជាកិច្ចប្រជុំកំពូលជាលើកដំបូងរបស់អ្នកស្នងដំណែងរបស់ត្រាំ គឺលោក Joe Biden ចាប់តាំងពីលោកឡើងកាន់តំណែង ហើយប្រធានាធិបតីថ្មីរូបនេះ បានស្នើឡើងវិញឱ្យប្រជាជនអាមេរិក គាំទ្រសម្ព័ន្ធនយោបាយ ដែលមានអាយុកាល ៧២ ឆ្នាំនេះ ។ លោក Biden បាននិយាយថា អង្គការណាតូ មានសារៈបានចូលរួមចំណែកយ៉ាងច្រើនដើម្បីបង្កើតប្រយោជន៍ជូនអាមេរិក ហើយសម្ព័ន្ធនេះ មានកាតព្វកិច្ចដ៏ពិសិដ្ឋ ក្នុងការត្រួតពិនិត្យមើលនូវមាត្រា ៥ នៃសន្ធិសញ្ញារបស់ខ្លួន ដែលតម្រូវឱ្យសមាជិកគ្រប់រូប ត្រូវការពារគ្នាទៅវិញទៅមកពីការវាយប្រហារ ។



ក្នុងកិច្ចអភិវឌ្ឍន៍ដទៃទៀត ថ្នាក់ដឹកនាំអង្គការណាតូ ក៏បានព្រមព្រៀង ចេញថ្លៃចំណាយ ដើម្បីឱ្យគម្រោងសាងសង់ព្រលានយន្ដហោះកាប៊ុលបន្ដទៅមុខ នៅក្នុងប្រទេស ប្រទេសអាហ្វហ្គានីស្ដង់ ខណៈដែលអាមេរិក និងបណ្ដាសម្ព័ន្ធមិត្ដរបស់ខ្លួន ដកទ័ពចេញពីប្រទេសនេះ ។ សមាជិកសម្ព័ន្ធគឺប្រទេស គួកគី បានផ្ដល់ជូននូវការរក្សាសន្ដិសុខ និងដំណើរការព្រលានយន្ដហោះ ក្រោយកងទ័ពចាកចេញ ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC